ភ្នំពេញៈ គេហទំព័រ​ទេសចរណ៍ TripAdvisor បាន​ដាក់​បញ្ចូល​ប្រាសាទ​អង្គរវត្ត​របស់​ប្រទេស​កម្ពុជា​ជា​ទិសដៅ​ទេសចរណ៍​ដ៏ទាក់ទាញ​បំផុត​មួយ​នៅលើ​ពិភពលោក​ក្នុង​ឆ្នាំ​ ២០១៨ ដែល​ការដាក់​បញ្ចូល​នេះ​ត្រូវ​បាន​វិស័យ​ទេសចរណ៍​កម្ពុជា រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​កាន់តែ​ច្រើន​ថែម​ទៀត​មក​កម្ពុជា​។

ការជ្រើសរើស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាមរយៈ​ការចូល​មើល​នៅ​ក្នុង​គេហទំព័រ​នេះ​របស់​ភ្ញៀវទេសចរ​ក្នុង​ការ​ជ្រើសរើស​អ្នក​ឈ្នះ​រៀងរាល់​ឆ្នាំ​។ សម្រាប់​ឆ្នាំ​នេះ​មាន​ការ​ចូល​មើល​ជាង ៤ ​ម៉ឺន​នាក់​នៅ​លើ​គេហទំព័រ​នេះ ហើយ​ប្រាសាទ​អង្គរវត្ត​ទទួល​បាន​ចំណាត់ថ្នាក់​កើនឡើង​ខ្លាំង​ក្នុង​ចំណោម​ ៥ ​ទិសដៅ​ជាមួយ​នឹង​បទពិសោធ​របស់​ពួកគេ​។

លោក ហូ វណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា​កាលពី​ម្សិលមិញ​ស្វាគមន៍​ការផ្តល់​ចំណាត់​ថ្នាក់​ថ្មី​នេះ ចំពោះ​អង្គរវត្ត​របស់​កម្ពុជា​។ លោក​ថ្លែង​ថា​ប្រាសាទ​នេះ​ត្រូវ​បាន​ផ្ដល់​ចំណាត់ថ្នាក់​ជាមួយ​នឹង​ការវាយតម្លៃ​យ៉ាង​ល្អ​ពី​បណ្ដាញ​ការវាយតម្លៃ​ទេសចរណ៍​ជាច្រើន​ដូចជា​គេហទំព័រ trip advisor និង​ទស្សនាវដ្ដី​ទេសចរណ៍​ជាដើម​។

លោក​ថ្លែង​ថា​៖ «​ចំណាត់ថ្នាក់​ថ្មី​នេះ​នាំ​យក​អត្ថប្រយោជន៍​ដ៏ធំ​សម្រាប់​ប្រាសាទ​អង្គរវត្ត​កម្ពុជា​ជា​ប្រាសាទ​កំពុង​ទទួល​បាន​ការ​ល្បី​ឈ្មោះ​កាន់តែ​ខ្លាំង ។ ​ខ្ញុំ​សង្ឃឹម​ថា​លំហូរ​ចូល​ភ្ញៀវទេសចរ​បរទេស​នឹង​បន្ត​កំណើន​គួរ​ឲ្យ​កត់សម្គាល់​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ខាង​មុខ​»​។

ប្រាសាទ Plaza de Espana នៅ​ទីក្រុង Seville ប្រទេស​អេស្ប៉ាញ​ទទួល​បាន​ចំណាត់​ថ្នាក់​ទី ​២​។ ប្រាសាទ​ដ៏សំខាន់​របស់​អាស៊ី​ផ្សេង​ទៀត​ដែល​ស្ថិត​ក្នុង​បញ្ជី​ពិភពលោក​ឈាន​មុខ​គេ​ទាំង ១០ ក្នុង​ឆ្នាំ ២០១៨ របស់​គេហទំព័រ Trip Advisor គឺ​ប្រាសាទ Taj Mahal របស់​ប្រទេស​ឥណ្ឌា​ដែល​ជាប់​ចំណាត់ថ្នាក់​ទី ​៦​។

ចាប់ពី​ខែ​មករា​ដល់​ខែ​មីនា​ឆ្នាំ​នេះ​តំបន់​អង្គរ​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ចំនួន​ ៨៥៨ ៥៨០ នាក់​កើនឡើង​ ១២ ភាគរយ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​គ្រឹះស្ថាន​អង្គរ​។

របាយការណ៍​បាន​បង្ហាញ​ថា ប្រាក់​ចំណូល​បាន​ពី​ការលក់​សំបុត្រ​ឲ្យ​ភ្ញៀវទេសចរ​បរទេស​ចូល​ប្រាសាទ​នេះ បាន​កើនឡើង​ដល់​ ៣៩,៦ ​លាន​ដុល្លារ​នៅ​ត្រីមាស​ទី​ ១ ឆ្នាំ​នេះ​កើនឡើង ២៨ ​ភាគរយ​ធៀប​នឹង​រយៈពេល​​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​៕ LA