ភ្នំពេញៈ អតិថិជនជាច្រើននាក់ដែលដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ីនវេសម៉ិន ឯក (GoldFX Investment Co., Ltd) ដែលជាឈ្មួញជើងសាឧបករណ៍និស្សន្ទព្រមានប្តឹងក្រុមហ៊ុននេះទៅតុលាការដោយចោទថា ក្រុមហ៊ុនបោកប្រាក់ប្រមាណ ២៧ លានដុល្លារ។
ឧបករណ៍និស្សន្ទ គឺជាកិច្ចសន្យាដែលផ្តល់សិទ្ធិ ឬកាតព្វកិច្ចនៃមូលបត្រដើមទៅឱ្យបុគ្គលណាមួយ ដោយរាប់បញ្ចូលទាំងសិទ្ធិ ឬកាតព្វកិច្ចទិញ-លក់ ឬដាក់ពាក្យសុំទិញមូលបត្រក្នុងពេលអនាគតដោយមិនគិតថា បុគ្គលនេះមានបំណងប្រើសិទ្ធិ ឬមិនប្រើប្រាស់សិទ្ធិនេះក៏ដោយ។ ហើយវាជាឧបករណ៍ហិរញ្ញវត្ថុ ដែលមានតម្លៃដោយសារប្រសិទ្ធភាពនៃទ្រព្យសកម្ម ការប្រាក់ អត្រាប្ដូរប្រាក់ ឬសន្ទស្សន៍។
ទាក់ទិននឹងការព្រមានប្តឹងនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនមួយនេះបានប្រកាសផ្អាកប្រតិបត្តិការក្រុមហ៊ុនជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២១ តទៅ។ នេះបើតាមលិខិតផ្ញើជូនអគ្គនាយកនិយតករមូលបត្រកម្ពុជាចុះថ្ងៃទី ២៩ ខែមីនា។
លិខិតបញ្ជាក់ថា៖ «កាលពីពេលថ្មីៗនេះ ដោយសង្ស័យលើប្រតិបត្តិការ និងប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុន យើងខ្ញុំបានត្រួតពិនិត្យឯកសារឡើងវិញ និងបានធ្វើសវនកម្មក្នុងក្រុមហ៊ុនទើបដឹងច្បាស់ថា គណៈគ្រប់គ្រងមួយចំនួនក្នុងក្រុមហ៊ុនបានកិបកេងប្រវ័ញ្ចប្រាក់ក្រុមហ៊ុន និងប្រាក់របស់អតិថិជនយ៉ាងច្រើនដែលក្រុមហ៊ុនកំពុងចាត់ការដោះស្រាយតាមយុត្តាធិការ»។
លិខិតនេះបន្តថា៖ «ដើម្បីរក្សា និងកម្រិតផលប៉ះពាល់ដល់អតិថិជន ក្រុមហ៊ុនបានសម្រេចផ្អាកប្រតិបត្តិការចាប់ពីថ្ងៃទី ២៩ ខែមីនា នេះតទៅរហូតដល់មានការសម្រេចជាថ្មី»។
អតិថិជន ១ រូបបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣០ ខែមីនានេះ ពួកគេបានរកឃើញអតិថិជនយ៉ាងហោចណាស់ ១ ០០០ នាក់ ដែលបានដាក់វិនិយោគជាមួយក្រុមហ៊ុននេះដែលមានប្រាក់សរុបប្រមាណ ២៧ លានដុល្លារ។
អ្នកស្រីឱ្យដឹងថា អតិថិជនទាំងអស់គ្រោងដាក់ពាក្យបណ្តឹងទៅនិយតករមូលបត្រកម្ពុជា (SERC) ឬតុលាការដើម្បីទាមទារប្រាក់មកវិញ។
អតិថិជន ១ រូបទៀតដែលបានដាក់ប្រាក់ ៥ ០០០ ដុល្លារដែរ បានឱ្យដឹងថា ការសម្រេចផ្អាកប្រតិបតិ្តការរបស់ក្រុមហ៊ុន គឺជាការគេចវេះមិនចង់ដោះស្រាយជាមួយអតិថិជន។
អ្នកស្រីប្រាប់ថា៖ «ចំពោះលិខិតក្រុមហ៊ុន ពួកខ្ញុំយល់ថា ជាការលាងខ្លួនឯងឱ្យស្អាត បន្ទាប់មកបិទទ្វារ និងលែងទទួលខុសត្រូវលើលុយ ២៧ លានដុល្លារ ដែលយើងបានវិនិយោគជាមួយគ្នា។ ពួកខ្ញុំចង់ឱ្យក្រុមហ៊ុនចេញមុខដោះស្រាយដោយកំណត់ពេលឱ្យបានជាក់លាក់ហើយចង់ឱ្យក្រុមហ៊ុនបង្វិលប្រាក់ជូនអតិថិជនវិញទាំងអស់»។
អតិថិជនទាំងអស់នេះបានអះអាងថា ពួកគេនឹងមិនចូលរួមជាមួយក្រុមហ៊ុនដើម្បីប្តឹងជនបរទេសរស់នៅក្រៅប្រទេសដែលក្រុមហ៊ុននេះអះអាងថាជនបរទេសទាំង ៣ នាក់នោះបានកិបកេងប្រាក់ក្រុមហ៊ុន និងអតិថិជន។
អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន GoldFX Investment ត្រូវបានចេញដោយនិយតករមូលបត្រកម្ពុជាចុះថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០។ និយតករមូលបត្រកម្ពុជាបានជូនដំណឹងពីម្សិលមិញដល់វិនិយោគិនដែលមានបំណងចង់ដាក់ពាក្យបណ្ដឹង សូមដាក់ពាក្យបណ្ដឹងនៅនិយតករមូលបត្រកម្ពុជា។
ទិន្នន័យរបស់ SERC បានបង្ហាញថា ទំហំជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជាបានកើនពី ៨៤ លានដុល្លារ ក្នុងឆ្នាំ ២០១៨ ដល់ ១៦០,៦៨ លានដុល្លារត្រឹមត្រីមាសទី ៤ ឆ្នាំមុន។ បច្ចុប្បន្នទីផ្សារឧបករណ៍និស្សន្ទមានសមភាគីកណ្ដាលចំនួន ៥ ឈ្មួញជើងសាឧបករណ៍និស្សន្ទ ២២ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិចំនួន ៥ និងក្រុមហ៊ុនធានាទុកទ្រព្យចំនួន ៥៕ LA