ភ្នំពេញៈ សេវាកម្ម​វិធី​ហៅ​តាក់ស៊ី​ជិះ​តាម​អនឡាញ បច្ចុប្បន្ន​កាន់តែ​មាន​ភាព​ពេញនិយម​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដែល​ពឹង​ផ្អែក​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្ទាល់​ខ្លួន​ជាជាង​សេវា​សាធារណៈ​។

សេវា​នេះ​កំពុង​បង្ហាញ​ពី​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​គិត​ចាប់​តាំងពី​ដើម​ឆ្នាំ​នេះ​នៅ​ទីក្រុង​ភ្នំពេញ​ដូចជា កម្មវិធី PassApp កម្មវិធី Grab និង​កម្មវិធី ExNet ដែល​ភាគច្រើន​អាច​រក​បាន​នៅ​រ៉ឺម៉ក​ម៉ូតូ​កង់​ ៣ ឬ តុកតុក​។

ប៉ុន្តែ​ជាមួយ​កំណើន​នៃ​ការប្រកួត​ប្រជែង​សេវា​នេះ​មួយ​ចំនួន​ត្រូវ​បាន​គេ​ឃើញ​ថា​ខ្វះ​គុណភាព ខណៈ​មាន​ការ​ត្អូញតែ្អរ​ដោយ​អតិថិជន​ថា អ្នកបើកបរ​ភាគច្រើន​មិន​សូវ​យល់​ដឹង​ច្បាប់​ចរាចរណ៍ និង​ខ្វះ​ភាព​ស្មោះត្រង់​។

លោក ទុំ បុត្រ ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ​ដែល​តែងតែ​ប្រើប្រាស់​កម្មវិធី PassApp សម្រាប់​ការធ្វើ​ដំណើរ​របស់​លោក​នៅក្នុង​ទីក្រុង​ភ្នំពេញ​បាន​បង្ហាញ​យោបល់​ផ្សេង​គ្នា​អំពី​សេវា​នេះ​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​តែងតែ​ប្រើប្រាស់​កម្មវិធី​អនឡាញ ដើម្បី​ហៅ​តាក់ស៊ី​ជិះ​វា​ពិតជា​ល្អ និង​ងាយស្រួល​សម្រាប់​ខ្ញុំ ហើយ​មិន​ត្រូវការ​ការចរចា​តម្លៃ​នោះ​ទេ​»​។

លោក ទុំ បុត្រ បាន​ថ្លែង​ថា​វត្តមាន​របស់​កម្មវិធី​ហៅ​តាក់ស៊ី​ជិះ​នៅក្នុង​​ទីក្រុង នៅពេល​នេះ​កំពុង​ផ្លាស់ប្តូរ​ជា​បណ្ដើរៗ​នូវ​របៀប​នៃ​ការរស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​។

ប៉ុន្តែ​លោក​ថ្លែង​ថា ខណៈ​អ្នក​បើកបរ​ពឹង​ទាំង​ស្រុង​លើ​ផែនទី កំហុស​ភាគច្រើន​កើតឡើង​។ លោក​បញ្ជាក់​ថា​៖ «​អ្នកបើកបរ​ភាគច្រើន ពឹង​ផ្អែក​ខ្លាំង​លើ​ផែនទី ដែល​ពួកគេ​មិន​ដឹង​ទីតាំង ឬ​មិន​អាច​មើល​ផែនទី​បាន ដូច្នេះ​វា​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​មក​ដឹក​ខ្ញុំ​»​។

កង្វះ​ការបណ្ដុះបណ្ដាល​បាន​ធ្វើឲ្យ​អ្នក​បើកបរ​ភាគច្រើន​មាន​បញ្ហា​ជាមួយ​នឹង​ការយល់​ដឹង​ច្បាប់​ចរាចរណ៍ និង​ភាពស្មោះត្រង់​ចំពោះ​អតិថិជន​។

លោក ទុំ បុត្រ បាន​ថ្លែង​ថា​៖ «​ពួកគេ​ភាគច្រើន​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ មិត្តភក្ដិ​របស់​ខ្ញុំ​មួយ​ចំនួន​ប្រាប់​ខ្ញុំ​ថា អ្នក​បើកបរ​មួយ​ចំនួន​ឈ្លើយ និង​ព្យាយាម​ទារប្រាក់​ច្រើន ប្រសិន​បើ​ពួកគេ​ដឹង​ថា អតិថិជន​មិន​សូវ​ចេះ​ប្រើ​កម្មវិធី​នេះ​»​។

ជាមួយ​កំណើន​កម្មវិធី​ហៅ​តាក់ស៊ី​ជិះ​ក្នុង​ស្រុក​កម្មវិធី​ហៅ​តាក់ស៊ី​ជិះ​ក្នុង​តំបន់ ដូចជា Grab ដែល​បាន​ចូល​​ទីផ្សារ​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​មុន​កំពុង​ពង្រីក​សេវា​នេះ​។

ក្រៅពី​ផ្តល់​សេវា​តាក់ស៊ី Grab បាន​ដំណើរការ​ជា​ផ្លូវការ​សេវា​ម៉ូតូឌុប​របស់​ខ្លួន និង​សេវា​រ៉ឺម៉ក​ម៉ូតូ​នៅ​ភ្នំពេញ និង​សៀមរាប​កាលពី​ដើម​ឆ្នាំ​នេះ​។

លោក Oliver ជា​អតិថិជន​ផ្សេង​ទៀត​បាន​ត្អូញត្អែរ​អំពី​ប្រព័ន្ធ​អនឡាញ​ដែល​កំហុស​បាន​កើតឡើង​ជារឿយៗ​ហើយ​អ្នក​បើកបរ​មួយ​ចំនួន​មិន​ចេះ​មើល​ផែនទី​នោះ​ទេ​។ លោក​ថ្លែង​ថា​៖ «​ភាគច្រើន​ល្អ​សម្រាប់​ខ្ញុំ ប៉ុន្តែ​ជួនកាល​អ្នក​បើកបរ​មិន​ចេះ​មើល​ផែនទី GPS ឬ​បាន​ធ្វើ​ដំណើរ​ខុស​ទិសដៅ​»​។

អ្នក​បើកបរ​កម្មវិធី Passapp ភាគច្រើន​ជា​អ្នក​បើកបរ​រ៉ឺម៉ក​ម៉ូតូ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ពួកគេ​ប្រឈម​បញ្ហា​ជាមួយ​ផែនទី ខណៈ​មាន​កង្វះ​ការបណ្ដុះបណ្ដាល​។

លោក មុំ ឡាឌី ដែល​ជា​សមាជិក​កម្មវិធី PassApp រយៈពេល​ជិត​ ៤ ​ខែ​មក​ហើយ​បាន​ថ្លែង​ថា​ក្រៅពី​ទទួល​បាន​អតិថិជន​តាមរយៈ​កម្ម​វិធី​អនឡាញ ក្រុមហ៊ុន​មិន​បាន​ផ្ដល់​ការបណ្ដុះបណ្ដាល​ណា​មួយ​អំពី​ច្បាប់​ចរាចរណ៍ ឬ​ការបើកបរ​ដោយ​សុវត្ថិភាព​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គ្រាន់តែ​ទៅ​ចុះ​ឈ្មោះ​បុគ្គលិក​គ្រាន់​តែ​ណែនាំ​ខ្ញុំ​អំពី​របៀប​ប្រើប្រាស់​កម្មវិធី​អនឡាញ និង​ត្រួតពិនិត្យ​ផែនទី​ប៉ុណ្ណោះ ពួកគេ​មិន​បាន​ផ្ដល់​ការបណ្ដុះបណ្ដាល​អំពី​សេវា​ប្រកប​ដោយ​គុណភាព ឬ​ច្បាប់​ចរាចរណ៍​នោះ​ទេ​»​។

នៅពេល​សួរ​ថា តើ​លោក​យល់​ដឹង​ល្អ​អំពី​ច្បាប់​ចរាចរណ៍​ដែរ​ឬ​ទេ​លោក មុំ ឡាឌី ទទួល​ស្គាល់​ថា​អ្នក​បើកបរ​មួយ​ចំនួន​រំលោភ​ច្បាប់​នេះ​។ លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​គិត​ថា​ក្រុមហ៊ុន​គួរតែ​យក​ចិត្ត​ទុក​ដាក់​អំពី​គុណភាព​ជាជាង​បង្កើន​សមាជិក ដោយសារ​តែ​អ្នក​បើកបរ​មួយ​ចំនួន​មិន​គោរព​ច្បាប់​ចរាចរណ៍ ហើយ​រំលោភ​ភ្លើង​សញ្ញា​ចរាចរណ៍​ទៀត​ផង​»​។

លោក សំ ចាន់នី ជា​អ្នក​បើកបរ​ផ្សេង​ទៀត​បាន​ត្អូញត្អែរ​អំពី​កំហុស​បច្ចេកទេស​ដែល​កើតឡើង​ភាគច្រើន​ជាមួយ​កម្មវិធី​នេះ​។ លោក​បន្ត​ថា​៖ «​វា​ពិបាក​ក្នុង​ការ​ធ្វើ​តាម​ផែនទី ផែនទី​បង្ហាញ​ខ្ញុំ​ខុស​ទិសដៅ ដូច្នេះ​ខ្ញុំ​មិន​អាច​ទៅ​ដឹក​អតិថិជន​ទាន់​ពេល​នោះ​ទេ​»​។

ភ្នំពេញ​ប៉ុស្ដិ៍​បាន​ព្យាយាម​ទាក់ទង​ដើម្បី​ស្វែងរក​ការអត្ថាធិប្បាយ​ពី​

​ក្រុមហ៊ុន PassApp ពាក់ព័ន្ធ​នឹង​ការ​ត្អូញត្អែរ​នេះ​ជាច្រើន​លើក ប៉ុន្តែ​មិន​ទទួល​បាន​ចម្លើយ​រហូត​ដល់​កាសែត​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​។

លោក វ៉ា ស៊ឹមសូរិយា អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ថា ផ្អែកលើ​កិច្ចព្រមព្រៀង​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​នៅក្នុង​វិស័យ​ដឹកជញ្ជូន​សាធារណៈ​រវាង​ក្រុមហ៊ុន និង​ក្រសួង ក្រុមហ៊ុន​មាន​កាតព្វកិច្ច​ធានា​សេវា​មាន​គុណភាព​ដល់​សាធារណជន​។

លោក​បញ្ជាក់​ថា​៖ «​យើង​នឹង​ពិនិត្យ​មើល​សេវា​គុណភាព​ជា​សាធារណៈ និង​និយាយ​ជាមួយ​ក្រុមហ៊ុន​លើ​ករណី​នេះ​»​។

លោក​បន្ត​ថា​៖ «​ការផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ចរាចរណ៍​ជា​កាតព្វកិច្ច​ក្រុមហ៊ុន ប៉ុន្តែ​បើ​ក្រុមហ៊ុន​ខ្វះ​ធនធាន ក្រសួង​អាច​ផ្ដល់​គ្រូ​បណ្ដុះបណ្ដាល​បាន​»​។

លោកស្រី ផុន ផល្លីន អ្នក​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​នៃ​កម្មវិធី​ហៅ​តាក់ស៊ី​ជិះ​ក្នុង​ស្រុក «​តោះ តោះ​» ថ្លែង​ថា​បញ្ហា​ប្រឈម​តែងតែ​កើត​មាន ជាពិសេស​កំហុស​ផែនទី ឬ​កម្មវិធី​អនឡាញ​។ លោកស្រី​ថ្លែង​ថា​៖ «​ទោះបី​ជា​អ្នក​បើក​អាជីវកម្ម​យូរហើយ​ក៏ដោយ ក៏​កំហុស​មាន​ជា​រឿយៗ ប៉ុន្តែ​យើង​គឺជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ដឹកជញ្ជូន យើង​តែងតែ​ព្យាយាម​ក្នុង​ការ​ស្វែងយល់ និង​ធ្វើ​វា​ឲ្យ​កាន់តែ​ប្រសើរ​»​។

លោកស្រី​បន្ថែម​ថា​៖ «​ប៉ុន្តែ​យើង​ព្យាយាម​ជំរុញ​ដល់​អ្នក​បើកបរ​ផ្អែក​លើ​ឥរិយាបថ​ល្អ​»​។

ទោះបី​យ៉ាង​នេះ​ក្តី​អ្នកស្រី ឈុន រតនា អ្នក​ប្រើប្រាស់​សេវា​ហៅ​តាក់ស៊ី​ជិះ​តាម​អនឡាញ​ម្នាក់​នៅ​ភ្នំពេញ បង្ហាញ​ចិត្ត​សប្បាយ​រីករាយ​ជាមួយ​នឹង​សេវាកម្ម​វិធី​ហៅ​តាក់ស៊ី​ជិះ​នៅ​ទីក្រុង​នេះ​។ អ្នកស្រី​បន្ត​ថា​៖ «​ខ្ញុំ​ចូលចិត្ត​ជិះ​រ៉ឺម៉ក​ម៉ូតូ តាមរយៈ​កម្មវិធី​ហៅ​តាម​អនឡាញ ព្រោះ​ខ្ញុំ​មិន​មាន​ការបារម្ភ​អំពី​ការចរចា​តម្លៃ ហើយ​វា​មាន​តម្លៃ​ទាប​ជាង​រ៉ឺម៉ក​ម៉ូតូ​ធម្មតា​»៕LA