
លោក គា បូរាណ ក្នុងពេលផ្តល់បទសម្ភាសដល់កាសែតភ្នំពេញប៉ុស្តិ៍។ ហេង ជីវ័ន
ភ្នំពេញៈ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាអាចចាត់ទុកជាវិស័យមួយដែលមានការផ្លាស់ប្តូរខ្លាំងក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះដូចជា ការប្រកាសខ្លួនឯងជាគ្រឹះស្ថានឯកជន ដើម្បីធ្វើឲ្យខុសគ្នាពីគ្រឹះស្ថានរដ្ឋ និងដាក់ពិតានអត្រាការប្រាក់ ១៨ ភាគរយក្នុង ១ ឆ្នាំជាដើម។ ថ្មីៗនេះមានការកើនឡើងគ្រឹះស្ថានផ្តល់កម្ចីខុសច្បាប់ដែលផ្តល់កម្ចីប្រកបដោយហានិភ័យដល់សាធារណជន ដែលអាចធ្វើឲ្យប្រជាជនជាប់បំណុលវ័ណ្ឌក ហើយការណ៍នេះអាចធ្វើឲ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះរបស់គ្រឹះស្ថានផ្លូវការ។
លោក ហ៊ គីមសាយ អ្នកយកព័ត៌មាននៅកាសែតភ្នំពេញប៉ុស្ដិ៍បានជួបសម្ភាសលោក គា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ស្ដីពីការផ្លាស់ប្តូរថ្មីៗក្នុងវិស័យនេះ។
ចាប់ពីការអនុវត្តការដាក់ពិតានអត្រាការប្រាក់កាលពីខែមេសាឆ្នាំមុនមក តើលោកមើលឃើញការផ្លាស់ប្តូរណាមួយក្នុងឧស្សាហកម្ម MFI ដែរឬទេ?
បាទ! មាន។ យើងបានរកឃើញថានៅឆ្នាំ ២០១៧ ចំនួនអតិថិជនក្នុងឧស្សាហកម្ម MFI ទាំងមូលបានធ្លាក់ចុះជិត ២ សែននាក់។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ដ្រ MFI។ ការធ្លាក់ចុះនេះកើតឡើងបន្ទាប់ពីធនាគារកណ្ដាលអនុវត្តការដាក់ពិតានអត្រាការប្រាក់។ កន្លងមកទោះបីជាកម្ពុជាជួបវិបត្តិនានា ដូចជាទឹកជំនន់ ឬភាពរាំងស្ងួតក្តីក៏យើងមិនដែលមើលឃើញការធ្លាក់ចុះចំនួនអតិថិជនបែបនេះទេ។
វាជាសំណួរមួយដែលយើងត្រូវគិតថា តើអតិថិជនទាំងនោះទៅណា? គ្រឹះស្ថានជាច្រើនបានមើលឃើញការធ្លាក់ចុះចំនួនអតិថិជន។ វានៅតែជាការប៉ាន់ប្រមាណនៅឡើយទេថា គ្រឹះស្ថានទាំងនោះអាចមិនផ្ដោតលើកម្ចីខ្នាតតូច ដោយសារការដាក់ពិតានអត្រាការប្រាក់មិនអាចធ្វើឲ្យពួកគេរ៉ាប់រងលើការចំណាយផ្នែកប្រតិបត្តិការបាន។
បើអតិថិជនទាំងនេះនៅតែខ្ចីប្រាក់ហើយទៅរកគ្រឹះស្ថានផ្ដល់កម្ចីឯកជន ដោយសារតែពួកគេមិនអាចយកកម្ចីពីគ្រឹះស្ថានផ្លូវការបាន វាពិតជាក្តីបារម្ភមួយ។ បើដូច្នេះមែនការដាក់ពិតានអត្រាការប្រាក់មិនបានជួយដល់អ្នកទាំងនោះទេតែបែរជាផ្ដល់ផលប៉ះពាល់អវិជ្ជមានដល់ពួកគេទៅវិញ។
ប៉ុន្តែក្នុងនាមឲ្យ CMA យើងមិនអាចសន្មតលើអ្វីមួយទេ។ ខ្ញុំមិនអាចនិយាយថា វាកើតឡើងដោយសារការដាក់ពិតានអត្រាការប្រាក់ទេ។ អាចមានកត្តាជាច្រើនក្រៅពីការដាក់ពិតានអត្រាការប្រាក់។ យើងអាចបញ្ជាក់ចំណុចនេះបាន បើយើងមានការសិក្សាពិតប្រាកដលើបញ្ហានោះ។
តើប្រាក់ចំណេញសុទ្ធក្នុងឧស្សាហកម្ម MFI ផ្លាស់ប្តូរយ៉ាងណាដែរបន្ទាប់ពីអនុវត្តអត្រាការប្រាក់ថ្មីនេះ?
ស្ទើរតែប្រតិបត្តិករមីក្រូហិរញ្ញវត្ថុទាំងអស់បានមើលឃើញការធ្លាក់ចុះប្រាក់ចំណេញ និងប្រាក់ចំណេញពីមូលធនវិនិយោគ (ROE)។ ឧទាហរណ៍ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK Microfinance បានមើលឃើញការធ្លាក់ចុះ ROE ពី ២០ ភាគរយមកនៅត្រឹម ១៣,៨ ភាគរយ។
មានការកើនឡើងនិន្នាការមួយដែល MFI បានលក់ភាគហ៊ុនភាគច្រើន ឬ ១០០ ភាគរយឲ្យធនាគារពាណិជ្ជបរទេស។ តើអ្វីជាកត្តានៅពីក្រោយបញ្ហានោះ ហើយតើវានឹងប៉ះពាល់ដល់ឧស្សាហកម្មនេះដូចម្តេច?
ខ្ញុំគិតថាវាគ្រាន់តែជានិន្នាការធម្មតាប៉ុណ្ណោះ។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ គ្រឹះស្ថានផ្ដល់កម្ចីទាំងអស់ត្រូវបានបង្កើតឡើងដោយមូលនិធិ អង្គការមិនមែនរដ្ឋាភិបាល (NGO) និងប្រតិបត្តិការជាលក្ខណៈ NGO។ កាលពីចុងទសវត្សរ៍ឆ្នាំ ២០០០ មានការធ្វើឲ្យទៅជាលក្ខណៈពាណិជ្ជកម្មនៅក្នុងវិស័យនេះ ខណៈគ្រឹះស្ថានទាំងនេះបានផ្លាស់ប្តូរទៅជាគ្រឹះស្ថានឯកជន។
នៅពេលនេះខ្ញុំគិតថាវាជារបត់ថ្មីមួយ។ ធនាគារបរទេសជាច្រើនចូលមក ហើយខ្ញុំគិតថាមាននិន្នាការមួយដែលពួកគេទិញភាគហ៊ុនភាគច្រើនរបស់ MFI ។
ទាំងនេះអាចឆ្លុះបញ្ចាំងថា ទោះបីជា MFI កម្ពុជាកំពុងជម្នះការដាក់ពិតានអត្រាការប្រាក់ក្តី ក៏ក្រុមវិនិយោគិនបរទេសនៅតែមានទំនុកចិត្តលើសក្ដានុពលរបស់វិស័យនេះ។ ពួកគេអាចមានមូលធនខ្លាំង ហើយពួកគេមានប្រភពមូលនិធិដែលមានការចំណាយទាប ដូច្នេះមានសង្ឃឹមថា វានឹងមានផលប៉ះពាល់វិជ្ជមានដល់ឧស្សាហកម្មនេះ។
ខណៈដែលប្រទេសកម្ពុជាកំពុងរៀបចំការបោះឆ្នោតជាតិនៅខែកក្កដានេះ តើការបោះឆ្នោតជះឥទ្ធិពលដល់កំណើន និងស្ថិរភាពរបស់វិស័យមីក្រូហិរញ្ញវត្ថុដូចម្ដេច?
យើងមិនមើលឃើញការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ណាមួយក្នុងឧស្សាហកម្មនេះទេ នៅពេលកម្ពុជាកំពុងរៀបចំការបោះឆ្នោតជាតិនោះ។ ផលបត្រកម្ចីក្នុងឧស្សាហកម្មនេះកំពុងបន្តកើនឡើង។ ប្រាក់បញ្ញើនៅតែកើនឡើង ខណៈកម្ចីមិនដំណើរការមានស្ថិរភាព។ ឧស្សាហកម្មនេះនៅតែកំពុងរីកចម្រើនយ៉ាងរឹងមាំ និងមានសុខភាពល្អប្រសើរ។
ប្រជាជនកម្ពុជាមិនមានការបារម្ភណាមួយជុំវិញព្រឹត្តិការណ៍នៃការបោះឆ្នោតជាតិឡើយ។ ពួកគេនៅតែប្រើប្រាស់វិស័យហិរញ្ញវត្ថុជាធម្មតា។
តើលោកមើលឃើញកំណើនសេវាកម្ចីមិនមានអាជ្ញាប័ណ្ណយ៉ាងណាដែរ ហើយតើវាកំពុងគំរាមកំហែងឧស្សាហកម្មហិរញ្ញវត្ថុធ្ងន់ធ្ងរកម្រិតណា?
វាជានិន្នាការបារម្ភខ្លាំងមួយដោយសារគ្រឹះស្ថានទាំងនោះមិនស្ថិតក្រោមការគ្រប់គ្រង ខណៈយើងជាសមាជិករបស់ CMA។ គ្រឹះស្ថានខុសច្បាប់ មិនអាចផ្ដល់សេវាដោយមានតម្លាភាពទេ។ ពួកគេមិនអនុវត្តតាមក្រមសីលធម៌ និងវិជ្ជាជីវៈឡើយ។ ពួកគេមិនមានគោលការណ៍ការពារអតិថិជនដូចគ្រឹះស្ថានមានអាជ្ញាប័ណ្ណទេ។ ការណ៍នេះអាចធ្វើឲ្យប្រជាជនជាប់បំណុលវ័ណ្ឌក បើយកកម្ចីពីគ្រឹះស្ថានទាំងនោះ។
យើងដឹងថាធនាគារជាតិនៃកម្ពុជា (NBC) កំពុងស្វែងរកជំនួយពីនគរបាលជាតិ ដើម្បីចាត់វិធានការស្របច្បាប់ប្រឆាំងនឹងគ្រឹះស្ថានខុសច្បាប់ទាំងនោះហើយយើងស្វាគមន៍ដល់ការសម្រេចចិត្តនេះ។
តើអ្វីជាអនុសាសន៍របស់លោកជូនសាធារណជនដើម្បីគេចផុតពីគ្រោះថ្នាក់ដែលអាចបង្កឡើងពីកម្ចីខុសច្បាប់នេះ?
ខ្ញុំបានអង្កេតឃើញថា គ្រឹះស្ថានផ្ដល់កម្ចីខុសច្បាប់ទាំងនោះមិនទាន់ទៅដល់តំបន់ជនបទនៅឡើយទេ។ គ្រឹះស្ថានទាំងនោះកំពុងមានសកម្មភាពក្នុងទីក្រុង ដោយសារពួកគេប្រើប្រាស់ហ្វេសប៊ុកសារជាអក្សរ និងបដាដើម្បីផ្សព្វផ្សាយសេវារបស់ពួកគេ។
ប្រជាជនដែលយកកម្ចីពីគ្រឹះស្ថានទាំងនេះគួរតែជាអ្នករស់នៅតំបន់ទីក្រុងជាទីដែលទទួលបានព័ត៌មានគ្រប់គ្រាន់ និងមានបណ្ដាញគ្រប់គ្រាន់ក្នុងការផ្ទៀងផ្ទាត់ព័ត៌មាននេះ។
ដូច្នេះ អតិថិជនត្រូវការសួររកព័ត៌មានបន្ថែមនៅពេលពួកគេទៅខ្ចីប្រាក់។ ពួកគេត្រូវតែអានដោយប្រុងប្រយ័ត្ន និងយល់ដឹងពីកិច្ចព្រមព្រៀងកម្ចី។ ប្រជាជនកម្ពុជាគួរតែខ្ចីប្រាក់ពីគ្រឹះស្ថានមានអាជ្ញាប័ណ្ណតែមួយគត់ដែលចុះបញ្ជីនៅ NBC និង CMA៕ LA