អស់រយៈពេលជាង ២ សប្តាហ៍កន្លងមកនេះ អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូន វីង រាប់រយនាក់ បានបរិច្ចាគអាហារ និងគ្រឿងឧបភោគបរិភោគជាច្រើនផ្សេងទៀតដល់ជនដែលងាយរងគ្រោះបំផុតពីជំងឺកូវីដ ១៩ តាមរយៈ វីងម៉ល ។
ប្រជាជនរាប់ពាន់នាក់ត្រូវបានហាមឃាត់មិនឱ្យចេញពីកន្លែងរាំងខ្ទប់កាលពីខែមុន ដើម្បីការពារ និងកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ ១៩។ ទាំងនេះបានធ្វើឱ្យប្រជាជនមួយចំនួនបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ ជាពិសេសអ្នកដែលប្រកបរបរក្រៅប្រព័ន្ធ។
យី សុធារី អ្នកបរិច្ចាគម្នាក់បាននិយាយថា៖ «ខ្ញុំបានឃើញអ្នករើសសំរាម និងអ្នកធាក់ស៊ីក្លូជាច្រើននៅតាមដងផ្លូវ ដែលពួកគាត់បាត់បង់សមត្ថភាពក្នុងការរកប្រាក់ចំណូលប្រចាំថ្ងៃ។ ពេលខ្លះពួកគាត់ស្ទើរតែគ្មានអាហារបរិភោគក៏មានដែរ»។
ដោយមើលឃើញពីទុក្ខលំបាកនៅក្នុងសហគមន៍យ៉ាងដូច្នេះ សុធារី និងមិត្តភក្តិប្រមាណ ៥០ នាក់ផ្សេងទៀត បានរួមវិភាគទានចំនួន ៣៧០ ដុល្លារ និងបានសម្រេចជ្រើសរើសយក វីងម៉ល ដើម្បីបញ្ជាទិញអាហារដើម្បីដឹកជូនដល់អ្នកខ្វះខាតរហូតទៅដល់ ៧០ នាក់ក្នុងក្រុងភ្នំពេញដោយចំណាយពេលត្រឹមតែ ១ ម៉ោងតែប៉ុណ្ណោះ។
សុធារី បានបន្ថែមទៀតថា៖ «អ្វីដែលធ្វើឱ្យយើងពេញចិត្តនោះគឺយើងបានជួយសហគមន៍របស់យើងបាន ដូចយើងបានជួបពួកគាត់ដោយផ្ទាល់អ៊ីចឹង។ យើងគ្រាន់តែចុច ២-៣ ប៉ក់ បន្ទាប់មកយើងអាចបញ្ជូនបាយឆាក្តាម ៧០ កញ្ចប់ រួមទាំងទឹកសុទ្ធ ដើម្បីចែកជូនដល់ពូពូអ្នកធាក់ស៊ីក្លូ និងអ្នករើសសំរាមបានយ៉ាងរហ័ស។ រយៈពេល ២ ទៅ ៣ នាទី បន្ទាប់ពីចែកអាហាររួច ក្រុមដឹកជញ្ជូន វីងម៉ល បានចែករំលែករូបភាពនៃសកម្មភាពចែកអាហាររបស់ពួកយើង។ វីងម៉ល មិនត្រឹមតែអាចជួយដល់អ្នកកំពុងជួបទុក្ខលំបាកតែប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់ភាពងាយស្រួលសម្រាប់ជួយគ្នាក្នុងគ្រាលំបាកបាន»។
លោក ឈន ថន អ្នកធាក់ស៊ីក្លូ ១ រូបដែលបានទទួលអំណោយបាននិយាយថា ការចែករំលែកអំណោយទានទាំងនេះ ពិតជាផ្តល់ប្រយោជន៍ខ្លាំងណាស់ដល់កម្មករ អ្នករើសសំរាម និងអ្នកដទៃផ្សេងទៀតដែលកំពុងជួបទុក្ខលំបាក។
លោក ថន បាននិយាយថា៖ «ចាប់តាំងពីការរីករាលដាលនៃមេរោគកូវីដ ១៩ អស់ជាច្រើនថ្ងៃមកហើយដែលភាគច្រើនខ្ញុំទៅផ្ទះដោយដៃទទេ»។
«វាពិតជាលើកទឹកចិត្តដល់ពួកខ្ញុំណាស់ដែលមានសប្បុរសជនដឹងពីទុក្ខលំបាករបស់ពួកយើង។ ខ្ញុំ និងអ្នកក្បែរខ្ញុំដែលកំពុងទីទ័ល បានទទួលជំនួយឧបត្ថម្ភជាច្រើនពីសប្បុរសជន។ ខ្ញុំពិតជាសូមថ្លែងអំណរគុណដល់បងប្អូនម្ចាស់ជំនួយទាំងឡាយណាស់»។
ម្ចាស់ជំនួយគ្រាន់តែបើកកម្មវិធី ស្មាតហ្វូនវីង (Wing Money App) រួចចូលទៅកាន់ «វីងម៉ល» (WingMall) បន្ទាប់មកបញ្ជាក់ ទីកន្លែង ឈ្មោះ ឬលេខទំនាក់ទំនងរបស់អ្នកទទួល នោះក្រុមដឹកជញ្ជូនរបស់ វីងម៉ល នឹងនាំយកជំនួយទាំងនោះទៅ ចែកជូនដល់ជនខ្វះខាត ព្រមទាំងមានការផ្ញើរូបភាពត្រឡប់មកវិញដើម្បីធ្វើជាភ័ស្តុតាងដល់សប្បុរសជនទៀតផង។
លោក សាក់សាម ស៊ូបាម នាយកគ្រប់គ្រងការទូទាត់អាជីវកម្មអេឡិចត្រូនិក វីងម៉ល មានប្រសាសន៍ថា បែបបទនៃការផ្តល់ជំនួយទាំងនេះ ត្រូវបានរៀបចំឡើងដើម្បីភ្ជាប់ទំនាក់ទំនងរវាងម្ចាស់ជំនួយ និងជនទីទ័ល។ លោក សាក់សាម បានបន្តថា៖ «ការផ្តួចផ្តើមទាំងនេះ គឺដើម្បីជួយគ្រួសារដែលកំពុងជួបទុក្ខលំបាក។ វាមិនត្រឹមតែជួយអ្នកដែលកំពុងខ្វះខាតប៉ុណ្ណោះទេ តែវាបានបង្ហាញពីសាមគ្គីភាពជាតិតែមួយ ដើម្បីជួយគ្នាក្នុងគ្រាមានអាសន្ន»។ អតិថិជនរបស់ វីងម៉ល អាចទិញទំនិញជាច្រើនពីហាងរាប់ពាន់នៅទីក្រុងភ្នំពេញជាមួយអាហារ និងភេសជ្ជៈដ៏សម្បូរបែបដែលបានដាក់បង្ហាញនៅលើវីងម៉ល។
សប្បុរសជន និងទទួលបានការបញ្ចុះតម្លៃ និងសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ។ អ្នកប្រើប្រាស់កម្មវិធី ស្មាតហ្វូនវីង ទាំងអស់ អាចបន្តផ្តល់ជំនួយដល់ជនដែលងាយរងគ្រោះដោយជំងឺកូវីដ ១៩ តាមរយៈ វីងម៉ល ប្រកបដោយភាពងាយស្រួល៕