ទីក្រុងប៉េកាំងៈ ទិន្នន័យ​ផ្លូវការ​បង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ឱ្យដឹងថា ការឡើង​ថ្លៃទំនិញ​នៅ​ចិន​យឺតៗ​សម្រាប់​ ២ ​ខែ​ជាប់​គ្នា​ដល់​ខែកញ្ញា ពេល​ការផ្គត់ផ្គង់​សាច់ជ្រូក​ងើបឡើង​វិញ​ពី​ជំងឺ​ជ្រូក​អាហ្វ្រិក ពេល​ដែល​កសិដ្ឋាន​ជាច្រើន​បាន​ធូរស្រាល​ពី​គ្រោះទឹកជំនន់​។

សន្ទស្សន៍​ថ្លៃទំនិញ​ជា​ការវាស់វែង​សំខាន់​មួយ​នៃ​អតិផរណា​លក់រាយ​កើនឡើង​ ១,៧ ​ភាគរយ​កាលពី​ខែ​មុន​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ ១ ​ឆ្នាំមុន ប្រៀបធៀប​ជាមួយ​ ២,៤ ​ភាគរយ​ធៀប​នឹង​ខែសីហា​។ នេះ​បើ​យោងតាម​ការិយាល័យ​ជាតិ​ស្ថិតិ NBS​។ ការកើនឡើង​ក៏​តិចជាង​ការរំពឹងទុក​ដែរ​។

តម្លៃ​ស្បៀងអាហារ​បានចាប់ផ្តើម​មាន​ស្ថិរភាព បន្ទាប់ពី​រយៈពេល​ច្រើន​ខែ​នៃ​ការកើនឡើង​ខ្លាំង​បណ្តាល​មកពី​ជំងឺ​ជ្រូក​ដែល​បំផ្លាញ​ហ្វូង​សត្វ​ជ្រូក​ពាសពេញ​ប្រទេស​ និង​បាន​ធ្វើឱ្យ​ថ្លៃ​សាច់ជ្រូក​ឡើងថ្លៃ​ជាហេតុ​ធ្វើឱ្យ​មាន​តម្រូវការ​សាច់​ផ្សេងៗ​ទៀត​។

ទឹកជំនន់​ក៏បាន​កើតមានឡើង​ទូទាំង​ប្រទេស​ចិន​កាលពី​ចុងខែ​មិថុនា ដោយ​បំផ្លាញ​ផលដំណាំ​ និង​ការដឹកជញ្ជូន​។

លោក Julian Evans-Pritchard អ្នកជំនាញ​សេដ្ឋកិច្ច​ចិន​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Capital Economics បានឱ្យ​ដឹងថា​៖ «​ដោយ​ក្រឡេកមើល​ភាពប្រែប្រួល​នៃ​តម្លៃ​ម្ហូបអាហារ ផលប៉ះពាល់​អតិផរណា​កាន់តែ​ធំ​ពី​ការធ្លាក់ចុះ​ដោយសារ​កូវីដ​១៩​បាន​បន្ត​ធូរស្រាល​ឡើងវិញ​»​។

លោក​បាន​កត់សម្គាល់​ថា អតិផរណា​តម្លៃ​ទំនិញ​គោល​ដែល​បណ្តាល​ឱ្យ​តម្លៃ​អាហារ និង​ថាមពល​បាន​កើនឡើង​ ០,២ ភាគរយ ក្នុង​ ១ ​ខែ ​ពោល​គឺជា​ល្បឿន​លឿន​បំផុត​ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​កូវីដ​ ១៩​។

សន្ទស្សន៍​តម្លៃ​ផលិតកម្ម​ដែល​វាស់វែង​ការចំណាយ​នៃ​ទំនិញ​នៅ​រោងចក្រ បាន​ធ្លាក់ចុះ​ ២,១ ​ភាគរយ​ធៀប​ឆ្នាំមុន​ពោល​គឺ ការព្យាករ​បាន​ធ្លាក់ចុះ​ជាង​ ១,៨ ​ភាគរយ​ក្នុង​ការស្ទង់មតិ​របស់​អ្នកវិភាគ​នៅ Bloomberg​។

Evans-Pritchard បាន​កត់សម្គាល់​ថា​៖ «​ប៉ុន្តែ​ដូច​សន្ទស្សន៍​តម្លៃ​ទំនិញ​គោល​តម្លៃ​នៅតាម​រោងចក្រ​បន្ត​ងើប​ឡើងវិញ​កាលពី​ខែ​មុន​ដោយសារ​តម្រូវការ​ឧស្សាហកម្ម​ខ្លាំង​កើនឡើង​ ០,១ ​ភាគរយ ​ធៀប​ពី​ ១ ​ខែ​ទៅ​ ១ ​ខែ​ទៀត​»​។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) ក្នុង​សប្តាហ៍​នេះ​ព្យាករ​ថា ចិន​នឹង​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​តែ​ ១ ​គត់​ដែលមាន​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំនេះ​ពេល​ដែល​ប្រទេស​នេះ​ងើប​ផុត​ពី​ការបំផ្លាញ បង្កដោយ​វីរុស​កូរ៉ូណា​។

លោក Zhaopeng Xing អ្នកសេដ្ឋកិច្ច​ទីផ្សារ​ចិន​នៅ​ក្រុមហ៊ុន ANZ Research៖ «​ផលិតកម្ម​ឧស្សាហកម្ម​បាន​ឈានដល់​កម្រិត​សក្តានុពល​របស់​ខ្លួន និង យើង​រង់ចាំ​សម្រាប់​ការងើប​ឡើងវិញ​នៃ​វិស័យ​សេវាកម្ម​របស់​ប្រទេស​ចិន​»​។

លោក​បាន​បន្ថែម​៖ «​ខ្ញុំ​គិតថា ភាព​រីកចម្រើន​កំពុង​តែ​ដំណើរការ​ល្អ​»៕ RR