ភ្នំពេញៈ អត្រាអតិផរណារបស់កម្ពុជាឆ្នាំ២០១២បានធ្លាក់មកនៅត្រឹម៣ភាគរយ ដោយធ្លាក់ចុះពី៤,៩ភាគរយកាលពីឆ្នាំ២០១១។ នេះបើតាមទិន្នន័យពីធនាគារជាតិកម្ពុជាដែលបានចេញផ្សាយកាលពីចុងខែមករា។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិកម្ពុជាបានលើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំកាលពីចុងខែមករាថា សេដ្ឋកិច្ចកម្ពុជាដំណើរការទៅយ៉ាងល្អកាលពីឆ្នាំមុនដោយមានការត្រួតពិនិត្យអត្រាប្តូរប្រាក់តម្លៃទំនិញបានល្អ។ មន្រ្តីរូបនេះឲ្យដឹងថាម៉ាក្រូសេដ្ឋកិច្ចដំណើរការល្អខណៈការធ្លាក់ចុះនៃអត្រាអតិផរណានៅបណ្ដាប្រទេសជិតខាងគឺជាការរួមចុះណែកមួយ។
លោកថ្លែងថា៖ «ស្ថិរភាពតម្លៃអាហារនិងប្រាក់រៀលគឺជាការរួមចំណែកដ៏ធំមួយសម្រាប់សេដ្ឋកិច្ច។ អត្រាអតិផរណា ៣ភាគរយកាលពីឆ្នាំមុនគឺមានកម្រិតទាបនិងអាចគ្រប់គ្រងបាន»។ លោកបន្តថា ប្រាក់រៀលកម្ពុជាធៀបនឹងប្រាក់ដុល្លារបានកើនឡើង១,៧ភាគរយកាលពីឆ្នាំមុនបើប្រៀបនឹង២០១១។
លោក ឃិន សុង អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ បាននិយាយថាកម្ពុជាអាចមានលទ្ធភាពផលិតនូវផលិតផលជាច្រើនទៀតដែលអាចផ្គត់ផ្គង់ដល់ទីផ្សារកាលពីឆ្នាំមុន។ លោកបានបន្តថា៖
«យើងមានស្ថិរភាពតម្លៃអាហារនិងសាច់នៅពេលដែលយើងអាចផលិតបានច្រើនថែមទៀតនោះហេតុដូចនេះហើយអត្រាអតិផរណាគឺនៅមានកម្រិតទាបហើយយើងគ្មានការបារម្ភ ព្រោះអាចគ្រប់គ្រងបាន»។
ធនាគារអភិវឌ្ឍន៍អាស៊ីនិងមូលនិធិរូបិយវត្ថុអន្ដរជាតិបានព្យាករកាលពីខែតុលាថា អតិផរណារបស់កម្ពុជានៅឆ្នាំ២០១២ គឺ៣ភាគរយនិង៣,៥ភាគរយ។
លោក ឃិន សុង បានលើកឡើងថា៖ «នៅពេលដូចគ្នានេះបើសិនជាយើងសម្លឹងមើលអតិផរណានៅបណ្ដាប្រទេសជិតខាងរបស់យើងគឺមានកម្រិតទាបដែលនេះគឺជាការរួមចំណែកសម្រាប់យើង»៕ PB
Contact PhnomPenh Post for full article
SR Digital Media Co., Ltd.ផ្ទះលេខ៤១ ផ្លូវ ២២៨ ភូមិ៤, សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្ពុជា
Tel: +855 92 555 741
Email: webmasterpppost@gmail.com
Copyright © រក្សាសិទ្ធិ ដោយ ភ្នំពេញប៉ុស្តិ៍