ភ្នំពេញៈ យោងទិន្នន័យផ្លូវការបានពីវិទ្យាស្ថានជាតិស្ថិតិ(NIS)បានឲ្យដឹង ថាអតិផរណារបស់កម្ពុជាក្នុងខែមករាកើនឡើងចំនួន១,៨ ភាគរយក្នុងខែមករាបើធៀបនឹងខែមករា ឆ្នាំ២០១២។
តម្លៃអាហារកើនឡើង និងការប្រែប្រួលតម្លៃប្រេងសាំងជាមូលហេតុចម្បងនាំឲ្យមានអតិផរណានេះ។
លោក ឃិន សុង អគ្គនាយករង NIS បានប្រាប់ភ្នំពេញ ប៉ុស្ដិ៍កាលពីខែកុម្ភៈថា អត្រាអតិផរណាកម្រិតទាបរបស់កម្ពុជាដោយសារតែការកើនឡើងផលិតផល ក្នុងស្រុក ស្ថិរភាពនៃរូបិយប័ណ្ណក្នុងស្រុកព្រមទាំងអត្រាអតិផរណាទាបមក ពីប្រទេសដែលបាននាំចូលទំនិញមកប្រទេសកម្ពុជា។
យោងតាមទិន្នន័យរបស់ NIS បានបង្ហាញថា ការកើនឡើងតម្លៃអាហារ និងភេសជ្ជៈមិនមែនជាតិអាល់កុលបានកើនឡើង១,៣ ភាគរយ ដែលភាគច្រើនកើនឡើងសាច់គោស្រស់ គឺបានកើនឡើង១៣,៩ភាគរយ ត្រី និងអាហារសមុទ្របានកើនឡើង១,៩ភាគរយ ខណៈតម្លៃសម្លៀកបំពាក់ និងស្បែកជើងបានកើនឡើង៤,៥ភាគរយ ថ្លៃផ្ទះសម្បែង ទឹក អគ្គិសនី ហ្គាស និងប្រេងដទៃទៀតបានកើនឡើង២,៥ភាគរយ។
តម្លៃហ្គាសបានកើនឡើង៣,៧ភាគរយ ប្រេងសាំងកើនឡើងជិត៤,៥ ភាគរយ។ល។
ទិន្នន័យនេះបានបង្ហាញពីការប្រៀបធៀបផងដែរ រវាងខែធ្នូនិងខែមករា អតិផរណាបានកើនឡើងតែ០,៣ភាគរយ។
រដ្ឋាភិបាលបានព្យាករថា អត្រាអតិផរណានេះស្ថិតក្នុងរង្វង់៤ភាគរយនៅឆ្នាំនេះ ដោយកើនឡើងពី២,៥ ភាគរយកាលពីឆ្នាំមុន៕ PB