ភ្នំពេញៈ អតិផរណាកម្ពុជានៅឆមាសទី១ឆ្នាំនេះមាន ២,៩ ភាគរយដែលកើនឡើង ១,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
ធនាគារកណ្ដាលបានឲ្យដឹងថា អត្រានេះអាចគ្រប់គ្រងបាន ហើយបញ្ជាក់ពីដំណើរការល្អរបស់ម៉ាក្រូសេដ្ឋកិច្ចដែលគាំទ្រដោយ ស្ថិរភាពនៃអត្រាប្តូរប្រាក់ធៀបនឹងប្រាក់ដុល្លារអាមេរិក។
ទិន្នន័យបានពីធនាគារជាតិនៃកម្ពុជា (NBC) បានបង្ហាញថា នៅក្នុងរយៈពេលនេះរូបិយប័ណ្ណក្នុងស្រុកប្រាក់រៀលបានកើនឡើង តិចតួចត្រឹម ០,៧ ភាគរយ។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាថ្លែងនៅក្នុងអំឡុងកិច្ចប្រជុំ កាលពីថ្ងៃទី២៤ សីហា ថា អត្រាអតិផរណានេះ កើនឡើងក្នុងកម្រិតមួយអាចគ្រប់គ្រងបានដែលបណ្ដាលមកពីការកើនឡើងទុនបម្រុងបរទេសរហូតដល់ ៤,០៤៦ ពាន់លានដុល្លារ ដែលកើនឡើង ១៣,៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះអាចធានាបានថា ប្រទេសនេះអាចមានសមត្ថភាពក្នុងការនាំចូលផលិតផលសម្រាប់រយៈពេល យ៉ាងហោចណាស់ ៤ ខែ។
លោកលើកឡើងថា៖ «ស្ថិរភាពតម្លៃ និងរូបិយប័ណ្ណប្រាក់រៀលកំពុងរួមចំណែកក្នុងការកសាងទំនុកចិត្ត ពីសាធារណជនចំពោះសេដ្ឋកិច្ចនេះ។ អតិផរណាស្ថិតក្រោម ៣ ភាគរយគឺអាចគ្រប់គ្រងបាន»។
សេដ្ឋវិទូ និយាយថា ការធ្វើឲ្យមានស្ថិរភាពអត្រាប្តូរប្រាក់គឺជាការរួមចំណែកដ៏ធំ លើផលប៉ះពាល់ដល់ការកើនឡើងឬធ្លាក់ចុះនៃអត្រាអតិផរណា។
លោក Hiroshi Suzuki អគ្គនាយក និងជាប្រធានវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកម្ពុជាបាន ថ្លែងថា៖ «ស្ថិរភាពអត្រាប្តូរប្រាក់មានសារៈសំខាន់ណាស់សម្រាប់កម្រិត សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅកម្ពុជា»។
លោក ជា ចាន់តូ បានលើកឡើងថា ផ្អែកលើដំណើរការដ៏ល្អនេះ លោកមានសុទិដ្ឋិនិយមថា ឆ្នាំនេះកំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើងរហូតដល់ ៧,៦ ភាគរយដោយសារតែមានការជំរុញពីវិស័យកសិកម្ម ទេសចរណ៍ កាត់ដេរ និងវាយនភ័ណ្ឌ និងលំហូរវិនិយោគផ្ទាល់ពីបរទេសរួមជាមួយនឹងការអនុវត្ត គោលនយោបាយបានយ៉ាងត្រឹមត្រូវដោយរដ្ឋាភិបាលនៅក្នុងការ ធ្វើពិពិធកម្មលើផលិតផលកសិកម្ម ពិសេសវិស័យកសិកម្ម និងការធ្វើពិពិធកម្មលើការនាំចេញ។
ទិន្នន័យបឋមផ្លូវការបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញផ្សាយកាលពីខែកក្កដា បង្ហាញថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេព្យាករ ៧,៦ ភាគរយ នៅឆ្នាំនេះ ខណៈអត្រាអតិផរណាមានប្រមាណជា ៤ ភាគរយ។
យោងតាមរបាយការណ៍ស្ដីពីកំណើននេះ វិស័យកសិកម្មបានកើនឡើង៤,២ភាគរយ ដែលកសិផលដំណាំបានកើនឡើង ៤,១ ភាគរយ ផលនេសាទកើនឡើង ៧,១ ភាគរយ វិស័យឧស្សាហកម្មបានកើនឡើង ៩,៣ ភាគរយ ក្នុងនោះ វិស័យកាត់ដេរកើនឡើង ៧ភាគរយ អគ្គិសនី ឧស្ម័ន និងទឹកស្អាតបានកើនឡើង ៨,៥ ភាគរយ សំណង់បានកើនឡើង១៧,២ភាគរយ និងវិស័យសេវាកម្មបានកើនឡើង ៨,៨ ភាគរយ ក្នុងចំណោមនោះវិស័យពាណិជ្ជកម្មបានកើនឡើង ៧,៧ ភាគរយ សណ្ឋាគារ និងភោជនីយដ្ឋានបានកើនឡើង ១៣,៧ ភាគរយ វិស័យហិរញ្ញវត្ថុបានកើនឡើង ១២,៣ ភាគរយហើយអចលនទ្រព្យ និងអាជីវកម្មកើន ១០,៩ ភាគរយ៕PB