ក្រុងតូក្យូៈ ទិន្នន័យបានបង្ហាញកាលពីថ្ងៃចន្ទថា អតិរេកពាណិជ្ជកម្មដែលមានភាពរសើបផ្នែកនយោបាយរបស់ប្រទេសជប៉ុនជាមួយអាមេរិកបានកើនឡើងជាង ១៥ ភាគរយកាលពីខែកក្កដា ខណៈក្រុមអ្នកចរចាមកពីប្រទេសទាំង ២ រៀបចំចាប់ផ្ដើមចរចាជាថ្មីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ។
យោងតាមស្ថិតិរបស់ក្រសួងហិរញ្ញវត្ថុជប៉ុន អតិរេកពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោនបានកើនឡើងដល់ ៥៧៩,៤ ពាន់លានយ៉េន (៥,៥ ពាន់លានដុល្លារ) កាលពីខែមុន កើន ១៥,៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងការកើនឡើងរយៈពេល ៥ ខែជាប់គ្នា។
ទិន្នន័យក្រសួងហិរញ្ញវត្ថុបានបង្ហាញថា ការនាំចូលរបស់ប្រទេសជប៉ុនពីអាមេរិកបានកើនឡើង ៣,៥ ភាគរយដែលបាននាំមុខដោយយន្តហោះ និងប្រេងឆៅ ប៉ុន្តែតួលេខនេះមានកម្រិតទាបជាងតួលេខកំណើននាំចេញដែលមាន ៨,៤ ភាគរយ ដែលជំរុញដោយឧបករណ៍ផលិតបន្ទះឈីប និងគ្រឿងចក្រសំណង់។
លោក ដូណាល់ ត្រាំ ជារឿយៗបានបញ្ជាក់ថាទីក្រុងតូក្យូមានភាពចំណេញក្នុងពាណិជ្ជកម្មទ្វេភាគី និងបានអំពាវនាវឲ្យមានទំនាក់ទំនង «កាន់តែស្មើភាពគ្នា»។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនកាលពីខែឧសភាលោក ត្រាំ បានឲ្យដឹងថាលោករំពឹងថានឹងប្រកាស «អ្វីៗមួយចំនួន» ស្ដីពីការចរចាពាណិជ្ជកម្ម នៅខែសីហា ប៉ុន្តែមិនមានការបញ្ជាក់ពីពេលវេលានៅឡើយទេសម្រាប់កិច្ចព្រមព្រៀងមួយ។
អ្នកចរចាពាណិជ្ជកម្ម ២ រូបគឺលោក Toshimitsu Motegi រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចជប៉ុន និងលោក Robert Lighthizer អ្នកតំណាងពាណិជ្ជកម្មអាមេរិក គ្រោងជួបគ្នានៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃពុធ និងថ្ងៃព្រហស្បត៍សប្តាហ៍នេះ។
ជារួមជប៉ុនមានឱនភាពពាណិជ្ជកម្ម ២៤៩,៦ ពាន់លានយ៉េននៅខែមុនកើន ៩,៨ ភាគរយធៀបនឹងពេលដូចគ្នានៅឆ្នាំមុន៕ LA