ក្រុង​តូក្យូៈ អតិ​រេក​​ពាណិជ្ជ​​កម្ម​​​ដែល​មាន​លក្ខណៈ​រសើប​របស់​ប្រទេស​ជប៉ុន​​​ជា​មួយ​សហរដ្ឋ​អាមេរិក​​ បាន​​ថយ​ចុះ​​​​​យ៉ាង​ខ្លាំង​​​ក្នុង​រយៈ​ពេល​​​ពីរខែ​​ជាប់​គ្នា​​ ខណៈ​ទីក្រុង​តូក្យូ​​កំពុង​សម្លឹង​មើល​យ៉ាង​អន្ទះអន្ទែង​ទៅ​កាន់​សង្គ្រាម​ពាណិជ្ជ​កម្ម​​របស់​ទីក្រុង ​វ៉ាស៊ីង​តោន ​​ជា​មួយ​ប្រទេស​ចិន។ នេះ​​បើ​យោង​​តាម​របាយការណ៍​ផ្លូវ​ការ​​​ដែល​ចេញ​​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។

​អតិ​រេក​នេះ​មាន​​ចំនួន​ ៤៥៥,៨​​ ពាន់​លាន​​យេន ​(៤,០៥​ ពាន់​លាន​ដុល្លារ​) ​ក្នុង​ខែ​សីហា ​ខណៈ​​​ការ​កើន​ឡើង​​​នៃ​ការ​នាំ​ចូល​យន្ត​ហោះ​​អាមេរិក​ ​ឧស្ម័ន​ធម្មជាតិ​ ​និង​​ធ្យូង​ថ្ម​​ បាន​កើន​លើស​​​ការ​នាំ​ចេញ​ផលិត​​ផល​ឱសថ​​ និង​សំណង់​​របស់​ទីក្រុង​តូក្យូ។

​មាន​សេចក្តី​រាយការណ៍ថា ប្រធានា​ធិបតី​អាមេរិក​​លោក ដូណាល់​ ត្រាំ បាន​លើក​ឡើងថា​​ប្រទេស​ជប៉ុន​​ជា​​​គោល​ដៅ​បន្ទាប់​​របស់​លោក​​បន្ទាប់​ពី​ប្រទេស​ចិន​ ​ខណៈ​​លោក​​ស្វែង​រក​​ការ​កាត់​បន្ថយ​​ឱន​ភាព​​ពាណិជ្ជ​កម្ម​របស់​​ទីក្រុង​វ៉ាស៊ីង​តោន។

​សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​អាមេរិក​និង​ចិន ​​មិន​បាន​បង្ហាញ​​សញ្ញា​នៃ​ភាព​ប្រសើរ​​នោះទេ ដោយ​​​លោក​ ត្រាំ បន្ត​ទៅ​មុខទៀត​​ជា​មួយ​នឹង​​ការ​ដក​ហូត​ពន្ធ​គយ​​​​ទៅ​លើ​ទំនិញ​​នាំ​ចូល​ពី​ប្រទេស​​​ចិន​តម្លៃ ២០០ ​ពាន់​លាន​ដុល្លារ​​ ​ដែល​បង្ក​ឲ្យ​មាន​ការ​សង​សឹក​​ភ្លាម​ៗ​​ពី​ទីក្រុង​ប៉េកាំង។

​ក្រោយ​មក​​កាល​ពី​ថ្ងៃ​ពុធ​ ទេសាភិបាល​ធនាគារ​ជាតិ​កណ្តាល​ជប៉ុន​ ​លោក Haruhiko Kuroda ​បាន​សំដែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​​អំពី​សង្គ្រាម​ពាណិជ្ជ​កម្ម​ ដោយ​ថ្លែង​​ថា ​ជម្លោះ​ពាណិជ្ជ​​ទ្វេ​ភាគី​​ នឹង​ប៉ះ​ពាល់​មិន​ត្រឹម​តែ​​​សេដ្ឋ​កិច្ច​របស់​​ប្រទេស​ពាក់​ព័ន្ធ​នោះ​ទេ ប៉ុន្តែ​ក៏​ប៉ះ​ពាល់​ផង​ដែរ​ដល់​សេដ្ឋ​កិច្ច​របស់​សាកល​លោក​ទាំ​ងមូល​ផងដែរ។

​លោក Kuroda បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា​៖ «​​រហូត​មក​ដល់​ពេល​នេះ​​ មិន​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​​​ទៅ​លើ​សេដ្ឋ​កិច្ចទេ ​ប៉ុន្តែ​វា​ចំា​បាច់​ត្រូវ​តែ​តាម​ដាន​​ដោយ​​យក​ចិត្ត​ទុក​ដាក់​​​​លើ​​ផល​ប៉ះ​ពាល់​ទៅ​លើ​សេដ្ឋ​កិច្ច​​សកល​​ ព្រម​ទាំង​សេដ្ឋ​កិច្ច​របស់​​ប្រទេស​ជប៉ុន​​ផងដែរ»។

ប្រទេស​ជប៉ុន​​​បាន​កត់​ត្រា​ឱន​ភាព​​ពាណិជ្ជ​កម្ម​សកល​​ទាំង​មូល​ចំនួន ​៤៤៤,៦​ ពាន់​លាន​យេន​ ​ខណៈ​ការ​កើន​ឡើង​តម្លៃ​នៃ​ការ​នាំ​ចូល​ថាម​ពល​​​បន្ត​​មាន​កម្រិត​ខ្ពស់ជាង​​កំណើន​នាំចេញ៕ AFP/PS