ក្រុង​ប៉េកាំងៈ ទិន្នន័យ​ផ្លូវការ​បាន​​បង្ហាញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា អតិរេក​ពាណិជ្ជកម្ម​របស់​ប្រទេស ​ចិន ជា​មួយ​សហរដ្ឋ​​អាមេរិក​បាន​ថយ​ចុះ​កាល​ពី​ខែ​មករា បើ​ទោះ​ជា​​​​ការ​នាំចូល​​​របស់​អាមេរិក​បាន​បន្ត​ធ្លាក់​ចុះ​ក្តី ខណៈ​​ដែល​ក្រុម​មន្ត្រី​មក​ពី​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ពិភព​លោក​ទាំង ​២ កំពុង​ពិភាក្សា​​គ្នា​អំពី​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង​​ប៉េកាំង។

ទិន្នន័យ​របស់​រដ្ឋបាល​គយ​​​បាន​បង្ហាញ​ថា ការ​នាំចេញ​របស់​ប្រទេស ​ចិន ​នៅ​ទូទាំង​តំបន់​​ប៉ាស៊ីហ្វិក​បាន​ធ្លាក់​ចុះ​ជាង ២ ភាគរយ​ក្នុង​ខែ​មករា ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន បន្ទាប់​ពី​បាន​ធ្លាក់ចុះ​កាល​ពី​ខែ​ធ្នូ។

ប៉ុន្តែ​អតិរេក​ពាណិជ្ជកម្ម​​ចិន​ជា​មួយ​សហរដ្ឋ​អាមេរិក​​សម្រាប់​ខែ​មករា​នេះ​​មាន​ចំនួន ២៧,៣ ពាន់​លាន​ដុល្លារ។ កាល​ពី​ឆ្នាំ​មុន អតិរេក​នេះ​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ៣២​៣,២ ពាន់​លាន​ដុល្លារ។

អតិរេក​​ពាណិជ្ជកម្ម​នេះ ​គឺ​ជា​ប្រភព​កំហឹង​​ដ៏​ធំ​មួយ​​នៅ​ក្នុង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធីបតី ដូណាល់ ត្រាំ ដែល​បាន​ដក​ហូត​ពន្ធ​លើ​ទំនិញ​ចិន​តម្លៃ​រាប់​រយ​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន និង​បាន​គំរាម​ដក​ហូត​ពន្ធ​បន្ថែម​ទៀត។

ក្រុម​មន្ត្រី​មក​ពី​ប្រទេស​ទាំង ​២ ​កំពុង​ចរចា​គ្នា​នៅ​ទីក្រុង​ប៉េកាំង​ ក្នុង​គោល​បំណង​ដោះ​ស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង ​២។

លោក ត្រាំ កាល​ពី​ខែ​ធ្នូ បាន​ពន្យារ​ពេល​ផែនការ​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ដែល​​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​រហូត​ដល់​ថ្ងៃ​ទី ១ ខែ​មីនា ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ពេល​វេលា​បន្ថែម​ទៀត​សម្រាប់​ការ​ចរចា។ នៅ​សប្តាហ៍​នេះ លោក​បាន​បង្ហាញ​ថា លោក​​បើក​ចំហ​បន្ថែម​ទៀត​ឲ្យ​មាន​ការ​ពន្យារ​ពេល​បទ​ឈប់​បាញ់​ផ្នែក​ពាណិជ្ជកម្ម​ដោយ​អាស្រ័យ​លើ​ការ​ចរចា​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​នៅ​សប្តាហ៍​នេះ។

ការ​នាំចេញ​របស់​ចិន​ទៅ​កាន់​​គ្រប់​ប្រទេស​នៅ​លើ​ពិភព​លោក​ លើក​លែង​សហរដ្ឋ​​អាមេរិក បាន​កើន​ឡើង ០,១ ភាគរយ​នៅខែ​មករា​ធៀប​នឹង​ឆ្នាំ ២០១៨៕ AFP/KC