ក្រុងប៉េកាំងៈ ទិន្ន​ន័យ​ផ្លូវ​ការ​កាល​ពី​​ថ្ងៃ​សៅរ៍​​​​បង្ហាញ​ថា ​អ​តិ​រេក​ពា​ណិជ្ជ​កម្ម​របស់​ប្រ​ទេស​ ចិន ​ជា​មួយ​អា​មេរិក ​បាន​កើន​ឡើង​ដល់​​កម្រិត​ខ្ពស់​បំ​ផុត​​ ៣៥,​៦ ​​ពាន់​លាន​ដុល្លារ​កាល​ពី​ខែ​វិច្ឆិកា​ ខណៈ​​​ការ​នាំ​ចេញ​របស់​​​ប្រ​ទេស​​នៅ​ជាប់​មហា​សមុទ្រ​ប៉ា​ស៊ី​ហ្វិក​មួយ​នេះ​ នៅ​តែ​​រឹង​មាំ​ដដែល បើ​ទោះ​បី​ព​ន្ធ​នាំ​ចូល​របស់​អា​មេ​រិ​​​ក​មាន​កម្រិត​ខ្ពស់ និង​ការ​​នាំ​ចេញ​បាន​​ធ្លាក់​ចុះ​ក៏​ដោយ​។​

ទំ​នាក់​ទំ​នង​រវាង​​ប្រ​ទេស​មាន​សេដ្ឋ​កិច្ច​នាំ​មុខ​គេ​ទាំង​ ២ ​របស់​ពិ​ភព​លោក​នេះ​​នៅ​តែ​បន្ត​​​​ភាព​តាន​តឹង​ បើ​ទោះ​បី​ជា​​មាន​កិច្ច​ព្រម​ព្រៀង​បញ្ឈប់​សង្គ្រាម​ពា​ណិជ្ជ​កម្ម​ ដែ​ល​បាន​ចុះ​ហត្ថ​លេ​ខា​ដោយ​លោក​​ប្រ​ធា​នា​ធិប​តី​អា​មេ​រិក ​ដូ​ណាល់ ត្រាំ និង​លោក​ប្រ​ធា​នា​ធិប​តី​ចិន ស៊ី ជីន​ភីង​ ជា​សម​ភាគី​កាល​ពី​សប្ដាហ៍​មុន​ក៏​ដោយ​។​

លោក ត្រាំ និង​ឥស្សរ​ជន​ជា​ច្រើន​​ក្នុង​រដ្ឋ​ការ​របស់​លោក​ បាន​ឲ្យ​ដឹង​ថា ប្រ​ទេស​ ចិន ​​​នឹង​ចាប់​ផ្ដើម​ទិញ​ទំ​និញ​​អា​មេ​រិក​ក្នុង​បរិ​មាណ​​​ច្រើន​​ភា្លម​ៗ ប៉ុន្តែ​​ក្រុង​​ប៉េ​កាំង​​ បាន​បញ្ឈប់​ការ​អះ​អាង​ទាំង​អស់​​នោះ​។​​

ពា​ណិជ្ជ​កម្ម​ដែល​បាន​ផ្អៀង​ទៅ​ម្ខាង​​យ៉ាង​ខ្លាំង​​លើ​ទំ​និញ​រវាង​​ប្រ​ទេស​ទាំង​​ ២ នេះ ​បាន​គំ​រាម​កំ​ហែង​​​ដល់​ចក្ខុ​វិ​ស័យ​​ដែល​រា​រាំង​បន្ថែម​ទៀត​​សម្រាប់​​កិច្ច​ព្រម​ព្រៀង​​ពា​ណិជ្ជ​កម្ម​មួយ​ក្នុង​អំ​ឡុង​​ការ​ចរ​ចា​រយៈ​ពេល​ ៩០ ​ថ្ងៃ​។​

ឱន​ភាព​ពា​ណិជ្ជ​កម្ម​កាន់​តែ​ខ្លាំង​​ជា​មួយ​​​ចិន គឺ​ជា​ចំ​ណុច​រ​សើប​​​​សម្រាប់​លោក​ ត្រាំ ដែល​បាន​ធ្វើ​យុទ្ធ​នា​ការ​​លើ​ការ​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​​ផ្លាស់​ប្តូរ​។​

ទិន្ន​ន័យ​​​គយ​ប្រ​ទេស ចិន ​​​​បង្ហាញ​ថា ការ​នាំ​ចេញ​របស់​ប្រ​ទេស ចិន ​ទៅ​កាន់​ស​ហ​រដ្ឋ​​អា​មេ​រិក​​បាន​​កើន​ឡើង​ ៩,៨​ ភាគ​រយ​សម្រាប់​ខែ​វិច្ឆិកា ​ធៀប​រយៈ​ពេល​ដូច​គ្នា​​កាល​ពី​​ឆ្នាំ​មុន​ ខណៈ​ការ​នាំ​ចូល​ពី​ស​ហ​រដ្ឋ​អា​មេ​រិក​សម្រាប់​ខែ​វិច្ឆិកា​​បាន​ធ្លាក់​ចុះ​ ២៥ ​ភាគ​រយ។​

កសិ​ករ​​អា​មេ​រិក​ បាន​រង​ផល​ប៉ះ​ពាល់​​យ៉ាង​ខ្លាំង​​ដោយ​សារ​​តែ​ភាព​តាន​តឹង​ផ្នែក​ពា​ណិជ្ជ​កម្ម​។ ​លោក​ ត្រាំ បាន​សរ​សេរ​លើ​ទំ​ព័រ​ Twitter កាល​ពី​ចុង​​សប្តាហ៍​មុន​​ថា ​ប្រ​ទេស ចិ​ន ​នឹង​ចាប់​ផ្ដើម​​ទិញ​ផលិត​ផល​​ពី​កសិ​ករ​​អា​មេ​រិក «​ភ្លាម​ៗ»​។​

ជា​ធម្មតា​អ្នក​ទិញ​របស់​ប្រ​ទេស ចិន ​បាន​​ទិញ​សណ្ដែក​សៀង​អា​មេ​រិក​ភ្លាម​ៗ​នៅ​រដូវ​​ប្រ​មូល​ផល​នា​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​នី​មួយ​ៗ​ ខណៈ​​​សណ្ដែក​សៀង​ពី​​ ប្រេ​ស៊ីល ​គឺ​ជា​ដៃ​គូ​ប្រ​កួត​ប្រ​ជែង​ដ៏​ធំ​​។​

ប៉ុ​ន្តែ​នៅ​ឆ្នាំ​នេះ​ អ្នក​ទិញ​ពី​​ប្រ​ទេស​ ចិន ​​បាន​​បដិ​សេធ​ទិញ​​សណ្ដែក​សៀង​អា​មេ​រិ​ក​ ដែល​ត្រូវ​ប្រ​ឈម​នឹង​ពន្ធ​​ ២៥ ​​​ភាគ​រយ ​នៅ​ពេល​នាំ​ចូល​​ដែល​ជា​ផ្នែក​មួយនៃ​ទឹក​ប្រាក់​ ៥០ ​ពាន់​លាន​ដុ​ល្លារ​​លើ​ទំ​និញ​របស់​អា​មេ​រិក ដែល​ទី​ក្រុង​ប៉េ​កាំង​ហូត​ពន្ធ​កាន់​តែ​ខ្ពស់​នៅ​រដូវ​ក្ដៅ​​នេះ​ ជា​ការ​សង​សឹក​សម្រាប់​ពន្ធ​នាំ​ចូ​ល​របស់​អា​មេ​រិក​។​

ទិន្ន​ន័យ​​បង្ហាញ​ទៀត​ថា ការ​នាំ​ចូល​សណ្ដែក​សៀង​របស់​​ប្រ​ទេស​ ចិន ​​បាន​ធ្លាក់​ចុះ​ ៣៨ ​ភាគ​រយ​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ​ម​ក​នៅ​ត្រឹម​ ៥,៤ ​​លាន​តោន​សម្រាប់​ខែ​វិច្ឆិកា។

អតិ​រេក​ពា​ណិជ្ជ​កម្ម​​ជា​មួយ​អា​មេ​រិក ​បាន​​កើន​ឡើង​ដល់​ ២៩៣,​៥ ​ពាន់​លាន​​​ដុល្លារ​​ចាប់​ពី​ខែ​មករា​ដល់​ខែ​វិច្ឆិកា ដោយ​កើន​ឡើង​ពី​​ ២៥១​,៣ ​ពាន់​លាន​ដុល្លារ​​ក្នុង​​រយៈ​ពេល​ដូច​គ្នា​​​នឹង​ឆ្នាំ​មុន​។​

ពា​ណិជ្ជ​កម្ម​អន្តរ​ជាតិ​

ទិន្ន​ន័យ​​​បាន​បង្ហាញ​ថា ពា​ណិជ្ជ​កម្ម​ជា​រួម​របស់​ប្រ​ទេស​ចិន គឺ​ជា​អ្វី​ដែល​​ប្រ​ទេស​នេះ​ទិញ​ និង​លក់​ជា​មួយ​បណ្ដា​ប្រ​ទេស​ទាំង​អស់​ ដែល​រួម​ទាំង​អា​មេ​រិក​ ​បាន​កត់​ត្រា​អតិ​រេក​ ៤៤,​៧ ​ពាន់​លាន​ដុ​ល្លារ​កាល​ពី​ខែ​វិច្ឆិកា​ កើន​ពី​ ៣៥​ ពាន់​លាន​ដុល្លារ​កាល​ពី​ខែ​តុលា​។

ប៉ុន្តែ​អត្រា​​កំ​ណើន​​​​ការ​នាំ​ចេញ​ និង​​នាំ​ចូល​​បាន​ធ្លាក់​ចុះ​ចាប់​ពី​ខែ​តុលា​ ដោយ​ការ​នាំ​ចេញ​កើន ៥,៤ ភាគ​រយ​​សម្រាប់​ខែ​វិច្ឆិ​កា​ ធៀប​នឹង​រយៈ​ពេល​ដូច​​គ្នា​ពី​ឆ្នាំ​មុន ដែល​មិន​ដូច​នឹង​ការ​ព្យា​ករ​ ៩,៤ ​ភាគ​រយ​ ដោយ​ទី​ភ្នាក់​ងារ​​ព័ត៌​មាន​ Bloomberg News ហើយ​ការ​នាំ​ចូល​កើន​ឡើង ៣ ​ភាគ​រយ​ធៀ​ប​នឹង​រយៈ​ពេល​ដូច​គ្នា​កា​ល​ពី​ឆ្នាំ​មុន ក៏​ស្ថិត​នៅ​​ក្រោម​ការ​ព្យា​ករ​ផង​ដែរ​។​​

ការ​នាំ​ចេញ​​​ធ្លាក់​ចុះ និង​កំ​ណើន​ការ​នាំ​ចូល​​ ជា​សញ្ញា​អា​ក្រក់​មួយ​​​សម្រាប់​សេដ្ឋ​កិច្ច​របស់​ប្រ​ទេស​ចិន ដែល​នេះ​ជា​ការ​​កើន​​ល្បឿន​យឺត​បំ​ផុត​​នៅ​ក្នុង​ត្រី​មាស​​​ទី​ ៣ សម្រាប់​រយៈ​ពេល ៩ ឆ្នាំ​កន្លង​មក​​។​

ខណៈ​ការ​នាំ​ចេញ​ទៅ​អា​មេ​រិក​បាន​ផ្អាក​រហូត​មក​ដល់​រដូវ​ស្លឹក​​ឈើ​ជ្រុះ​ ជម្លោះ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ទំ​នុក​ចិត្ត​​ផង​ដែរ​។​

សន្ទ​ស្សន៍​ភាគ​ហ៊ុន​ស៊ាង​ហៃ បាន​ធ្លាក់​ចុះ​ប្រ​ហែល​ ១ ​ភាគ ៤ ធៀប​នឹង​ការ​កើន​ឡើង​កាល​​ពី​ខែ​​មករា ខណៈ​​ប្រាក់​យន់ បាន​​ធ្លាក់​ថ្លៃ​​ប្រ​ហែល​ ៩ ​ភាគ​រយ​ធៀប​នឹង​ប្រាក់​ដុល្លារ​។​

ការ​បញ្ឈប់​សង្រ្គាម​ពា​ណិជ្ជ​កម្ម

ភាព​តាន​​តឹង​ផ្នែក​ពា​ណិជ្ជ​កម្ម​ជា​មួយ​​ទី​ក្រុង​វ៉ា​ស៊ីន​តោន ​បាន​កើត​ឡើង​ចំ​​ពេល​ដ៏​ពិ​បាក​សម្រាប់​ទី​ក្រុង​ប៉េ​កាំង​ ដែល​កំ​ពុង​​ប្រ​យុទ្ធ​ដើ​ម្បី​ដោះ​ស្រាយ​បំ​ណុល​ចំ​នួន​ច្រើន​ ដោយ​សារ​​ការ​​រឹត​​បន្តឹង​ឥណ​ទា​ន​ និង​ការ​វិ​និ​យោគ​ហេ​​ដ្ឋា​រច​នា​ស​ម្ព័ន្ធ​​ធ្លាក់​ចុះ​។

កាល​ពី​សប្ដាហ៍​មុន ជា​ផ្នែក​មួយ​នៃ​ការ​បញ្ឈប់​សង្គ្រាម​ពា​ណិជ្ជ​កម្ម​ លោក ត្រាំ បាន​យល់​ព្រម​ផ្អាក​ផែន​ការ​បង្កើន​ពន្ធ​នាំ​ចូល​​សម្រាប់​ការ​នាំ​ចូល​របស់​​ប្រ​ទេស​ ចិន​ ២០០​ ពាន់​លាន​ដុល្លារ​ដល់​ ២៥ ​ភាគ​រយ ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ១ ខែ​មករា​ ដែល​រក្សា​ទុក​ពន្ធ​​នាំ​ចូល​​​ក្នុង​អត្រា ១០ ​ភាគ​រយ​នៅ​ពេល​បច្ចុ​ប្បន្ន​។​

ការ​បារម្ភ​ដោយ​សារ​​កិច្ច​ព្រម​ព្រៀង​​នេះ ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ភាគ​ហ៊ុន​កាល​ពី​សប្តាហ៍​កន្លង​មក​​ជា​មួយ​នឹង​សន្ទ​ស្សន៍​​ទំ​និញ​អា​មេ​រិក​សំ​ខាន់​ៗ​​បាន​​ធ្លាក់​ចុះ​ជាង ២ ​ភាគ​រយ ដោយ​មក​នៅ​ជិត​សប្ដាហ៍​ដ៏​អា​ក្រក់​បំ​ផុត​របស់​ទី​ផ្សារ​​នេះ​​ចាប់​តាំង​ពី​ខែ​​មី​នា ​និង​ជា​ពេល​​ដែល​​​​បណ្ដាល​ឲ្យ​​​​ក្រុម​ហ៊ុន Dow និង​ក្រុម​ហ៊ុន S&P 500 ស្ថិត​ក្នុង​លទ្ធ​ផល​អ​វិជ្ជ​មាន​សម្រាប់​ឆ្នាំ​នេះ​។​

ប្រ​ទេស ចិន ក៏​បាន​ប្រតិ​កម្ម​យ៉ាង​ខ្លាំង​​បន្ទាប់​​ពី​​មន្ដ្រី​ជាន់​ខ្ពស់ និង​កូន​ស្រី​របស់​​ស្ថាប​និក​ Huawei ដែល​ជា​ក្រុម​ហ៊ុន​ទូរ​គមនា​គមន៍​ឈា​ន​មុខ​គេ​របស់​ប្រ​ទេស ចិន​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រ​ទេស​ កា​ណា​ដា ​នៅ​សប្ដាហ៍​មុន បន្ទាប់​ពី​​ការ​ស្នើ​សុំ​​ការ​ធ្វើ​បត្យា​ប័ន​របស់​អា​មេ​រិក​។​

ក្រៅ​ពី​ការ​ទិញ​ទំ​និញ​អា​មេ​រិក​ភ្លាម​ៗ លោក ត្រាំ បាន​បញ្ជាក់​កាល​ពី​​សប្តាហ៍​មុន​​ថា ប្រ​ទេស​ ចិន នឹង​កាត់​បន្ថយ​ពន្ធ​នាំ​ចូល​ ៤០ ​ភាគ​រយ​លើ​រថ​យន្ត​ដែល​ផលិត​នៅ​អា​មេ​រិក ​ប៉ុ​ន្តែ​ក្រ​សួង​ពា​ណិជ្ជ​​​កម្ម​​ចិន បាន​បដិ​សេធ​​ការ​បញ្ជាក់​ពី​ការ​ផ្លាស់​ប្តូរ​នេះ នៅ​ពេល​ត្រូវ​សួរ​ពី​ពន្ធ​នាំ​ចូល​កាល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍។​

ទោះ​យ៉ាង​ណា​​ទី​ក្រុង​ប៉េ​កាំង នៅ​តែ​​មាន​សុ​ទិដ្ឋិ​និ​យម​​លើ​ចក្ខុ​វិ​ស័យ​សម្រាប់​​កិច្ច​ព្រម​ព្រៀង​ពា​ណិជ្ជ​កម្ម​នេះ​។​​

លោក​ Gao Feng អ្នក​នាំ​ពាក្យ​ក្រ​សួង​ពា​ណិជ្ជ​កម្ម បា​ន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍​ថា​៖ «​យើង​​មាន​ទំ​នុក​ចិត្ត​ថា​យើង​អាច​សម្រេច​​កិច្ច​ព្រម​ព្រៀង​មួយ​ក្នុង​រយៈ​ពេល​ ៩០ ថ្ងៃ​​ខាង​មុខ​»។​

លោក ត្រាំ ​សរ​សេរ​លើ​ Twitter ថា​៖​​«​ខ្ញុំ​យល់​ព្រម​»៕​ AFP/LA