
ភ្នំពេញៈ អឹមហ្វូន ជាក្រុមហ៊ុនទូរគមនាគមន៍ក្ស័យធននៅកម្ពុជា កាលពីថ្ងៃចន្ទបានបង់ប្រាក់ ៣០ ភាគរយបន្ថែមទៀតនៃចំនួនសរុប ៤,៤ លានដុល្លារឲ្យអតីតបុគ្គលិកជាង១ ០០០ នាក់។
ការបង់ប្រាក់នេះជាលើកទីពីរបន្ទាប់ពីការធ្វើកូដកម្មជាច្រើន ដងរបស់អតីតបុគ្គលិកក្នុងការទាមទារប្រាក់អតីតភាពការងាររបស់ខ្លួន ក្រោយពីក្រុមហ៊ុននេះក្ស័យធន។
លោក ខាន់ សេរីវុទ្ធី អ្នកប្រឹក្សាផ្នែកច្បាប់ជាន់ខ្ពស់របស់លោក អ៊ុក រី អភិបាលបណ្ដោះអាសន្នរបស់ក្រុមហ៊ុន អឹមហ្វូន បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃចន្ទថា អតីតបុគ្គលិករបស់ក្រុមហ៊ុន អឹមហ្វូន ទាំងអស់កំពុងនាំគ្នាមកទទួលប្រាក់សំណងជាលើកទីពីរ។ លោកបន្តថា៖ «កាលពីម្សិលមិញយើងផ្ដល់ប្រាក់ ៣០ ភាគរយបន្ថែមទៀតឲ្យពួកគេជាង ១ ០០០ នាក់ ព្រោះយើងបានសន្យាហើយថា ពួកគេមានអាទិភាពមុនគេនៅពេលណាដែលទ្រព្យសកម្មបានលក់។ នេះគឺជាលើកទីពីរចាប់តាំងពីយើងបានសងដល់ពួកគេបានចំនួន ១០ ភាគរយនៅមុនពេលបោះឆ្នោត»។
លោកបាននិយាយថា ប្រាក់នេះទទួលបានពីការលក់ទ្រព្យសកម្មដែលជាបណ្ដាញសំខាន់ៗ របស់ អឹមហ្វូន ឲ្យក្រុមហ៊ុន Khmer Unity Network Communicate Co.Ltd កាន់កាប់ដោយវិនិយោគិនជនជាតិ ចិន។ ប៉ុន្តែលោកមិនបានប្រាប់ ពីតម្លៃបានពីការលក់នោះទេ។ លោកបន្តថា៖ «ស្ថិតក្រោមកិច្ចសន្យានេះ ពួកគេនឹងសងយើងតាមដំណាក់កាល។ នេះមានន័យថា ការសងរបស់យើងឲ្យម្ចាស់បំណុលនឹងធ្វើតាមដំណាក់កាលនេះផងដែរ»។
លោកបន្តថា៖ «លុយនៅសល់យើងនឹងសងឲ្យម្ចាស់បំណុលរបស់យើង»។ លោកលើកឡើងថា ពេលនេះក្រុមហ៊ុនចិនបានពន្យារពេលការបង់ប្រាក់ជាច្រើនដង។ លោកបន្តថា៖ «យើងបានជូនដំណឹងដល់ពួកគេជាច្រើនដងរួចហើយ ប៉ុន្តែពេលនេះពួកគេឆ្លើយតប។ យើងសង្ឃឹមថា ពួកគេនឹងបង់ប្រាក់ឲ្យយើងក្នុងពេលឆាប់ៗនេះ»។
លោក គួយ ធុនណា មេធាវីរបស់ក្រុមហ៊ុន Huwie បាននិយាយថា រហូតមកដល់ពេលនេះលោកមិនទាន់ទទួលបានការសងប្រាក់ពីក្រុមហ៊ុន អឹមហ្វូន នៅឡើយទេ។
លោក ប៉ាង វុទ្ធី អ្នកតំណាងអតីតបុគ្គលិករបស់ក្រុមហ៊ុន អឹមហ្វូន បានអះអាងពីការសងប្រាក់លើកទីពីរ កាលពីម្សិលមិញថា៖ «យើងពិតជាមានការពេញចិត្តជាមួយនឹងលោកអភិបាលបណ្ដោះអាសន្នដែលរក្សាពាក្យសន្យារបស់ខ្លួនទោះបីជាការសងប្រាក់នេះមានពេលយឺតបន្តិចក៏ដោយ។ យើងទទួលស្គាល់ឆន្ទៈរបស់ពួកគេក្នុងការសងប្រាក់ដល់ពួកយើង»។
លោក ខាន់ សេរីវុទ្ធី បាននិយាយថា លោកនឹងដាក់ពាក្យបណ្ដឹងទៅតុលាការភ្នំពេញប្រឆាំងក្រុមហ៊ុនផ្សេងទៀតដែលបានជំពាក់ប្រាក់ក្រុមហ៊ុន អឹមហ្វូន ដើម្បីរកប្រាក់បន្ថែមក្នុងការសងដល់អតីតបុគ្គលិកទាំងអស់នោះ។
លោកបានបន្តថា ក្រុមហ៊ុន មិត្តហ្វូន កាន់កាប់ដោយវិនិយោគិនជនជាតិ វៀតណាម បាន ជំពាក់ប្រាក់ជាង ៥០០ ០០០ ដុល្លារ វ៉ីង ជំពាក់ប្រហែល ១៤០ ០០០ ដុល្លារ ក្រុមហ៊ុន Royal Telecommunication International ជិត ៥០ ០០០ ដុល្លារ និងក្រុមហ៊ុន EZCOMជិត ១០០ ០០០ ដុល្លារ។ លោកបន្តថា ថ្មីៗនេះក្រុមហ៊ុន អឹមហ្វូន បានទទួលប្រាក់ប្រហែល ១០០ ០០០ ដុល្លារ ពីក្រុមហ៊ុន Mobitel។
បច្ចុប្បន្នក្រុមហ៊ុន អឹមហ្វូន បានជំពាក់បំណុលក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ Huawei កាន់កាប់ដោយវិនិយោគិនជនជាតិចិនជាង ៦៥ លានដុល្លារនិងក្រុមហ៊ុន Altect ប្រហែល ៥ លានដុល្លារ។ ទ្រព្យសកម្មរបស់ក្រុមហ៊ុន អឹមហ្វូន ដែលត្រូវបានប៉ាន់ប្រមាណថា មានចំនួន ១០៥ លានដុល្លារគឺគ្រាន់តែតម្លៃក្នុងបញ្ជីប៉ុណ្ណោះ ប៉ុន្តែតម្លៃទីផ្សារពិតប្រាកដអាចមានច្រើនបំផុតពី ៣០ លានដុល្លារ ដល់ ៤០ លានដុល្លារ៕ PB