
អត្រាកម្ចីដែលអតិថិជនមិនបានបង់សងត្រឡប់ទាន់ពេលនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានធ្លាក់ចុះគួរឲ្យកត់សម្គាល់កាលពីឆ្នាំ ២០១៨។ ហុង មិនា
ភ្នំពេញៈ អត្រាកម្ចីដែលអតិថិជនមិនបានបង់សងត្រឡប់ទាន់ពេលនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានធ្លាក់ចុះគួរឲ្យកត់សម្គាល់កាលពីឆ្នាំ ២០១៨ ជាអ្វីដែលអ្នកជំនាញក្នុងឧស្សាហកម្មនេះបញ្ជាក់ថា ដោយសារអតិថិជនអាចរកចំណូលបានល្អជាងឆ្នាំមុនៗដោយសារកសិផលមួយចំនួនមានតម្លៃល្អ។
តាមរបាយការណ៍ប្រចាំឆ្នាំ ២០១៨ របស់ធនាគារជាតិនៃកម្ពុជា (NBC) ខណៈកម្ចីសរុបក្នុង វិស័យមីក្រូហិរញ្ញវត្ថុបានកើនដល់ ៥,៤ ពាន់លានដុល្លារនៅត្រឹមដំណាច់ឆ្នាំ ២០១៨ កម្ចីដែលអតិថិជនមិនបានសងត្រឡប់ (NPL) មានចំនួន ១ ភាគរយនៃកម្ចីសរុប។ អត្រានេះបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ពីដំណាច់ឆ្នាំ ២០១៧ ដែលកាលនោះអត្រា NPL នេះមានរហូតដល់ទៅ ២ ភាគរយ។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូ អិលស៊ី បានលើកឡើងកាលពីថ្ងៃចន្ទថា អត្រា NPL ១ ភាគរយនៃទំហំកម្ចីសរុបឆ្លុះបញ្ចាំងពីកំណើនប្រកបដោយសុខុមាលភាពក្នុងវិស័យមីក្រូហិរញ្ញវត្ថុនិងការងើបឡើងល្អវិញបន្ទាប់ពី NPL កើនឡើងកាលពីឆ្នាំ ២០១៧។
លោក វឿន ដែលគ្រឹះស្ថានរបស់លោកមានអត្រា NPL ត្រឹមជិត ១ ភាគរយនៃកម្ចីសរុប ៤៨៧ លានដុល្លារត្រឹមដំណាច់ឆ្នាំ ២០១៨ បានលើកឡើងថា ការធ្លាក់ចុះ NPL នៅក្នុងវិស័យ MFI គឺដោយសារការងើបឡើងនៃតម្លៃកសិផលចម្បងៗមួយចំនួន រួមផ្សំនឹងលក្ខខណ្ឌអំណោយផលនៃកត្តាធម្មជាតិកាលពីឆ្នាំមុន។
លោកថ្លែងថា៖ «តម្លៃកសិផលសំខាន់ៗមួយចំនួន ថ្វីដ្បិតតែមិនទាំងអស់ក៏ដោយ គឺមានការកើនឡើងល្អគ្រាន់បើកាលពីឆ្នាំមុន ដែលធ្វើឲ្យកសិករទទួលបានចំណូលល្អជាងឆ្នាំកន្លងទៅ»។
លោកបន្តថា ការកើនឡើងថ្លៃកសិផលបានធ្វើឲ្យកសិករដែលភាគច្រើនជាអតិថិជន MFI បានទទួលផលប្រយោជន៍ពីដំណាំរបស់ពួកគេ និង មានលទ្ធភាពសងត្រលប់កម្ចីបានល្អ។ លោកបានបន្តថា៖ «កាលពីឆ្នាំ ២០១៨ បញ្ហាធម្មជាតិដូចជារាំងស្ងួត និងទឹកជំនន់ជាដើមអត់មានកើនឡើងធ្ងន់ធ្ងរអីទេ ហើយវាបង្កផលល្អមែនទែនដល់អតិថិជនរបស់យើង»។
លោក វឿន ឲ្យដឹងថា កម្ចីនៅក្នុងវិស័យកសិកម្ម មានចំនួនប្រហែល ៣០ ភាគរយនៃកម្ចីទាំងអស់ នៅក្នុងឧស្សាហកម្មមីក្រូហិរញ្ញវត្ថុ ហើយភាគច្រើននៃកម្ចីនេះត្រូវបានផ្ដល់សម្រាប់ការផលិតដំណាំកសិកម្មសំខាន់ៗ ដូចជាស្រូវ ដំឡូងមី សណ្ដែកដី ពោត ស្វាយចន្ទី និងកៅស៊ូ។
របាយការណ៍របស់ NBC បង្ហាញថា ប្រជាជនដែលទទួលកម្ចីមីក្រូហិរញ្ញវត្ថុមានចំនួន ១,៨ លាននាក់នៅត្រឹមចុងឆ្នាំ ២០១៨។ របាយការណ៍នេះបានបង្ហាញថា កម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើងដល់ចំនួនសរុប ៥,៤ ពាន់លានដុល្លារ កាលពីចុងឆ្នាំមុន ខណៈប្រាក់បញ្ញើបានកើនឡើងដល់ ២,៥ ពាន់លានដុល្លារ។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Emerging Markets Consulting (EMC) បានឲ្យដឹងកាលពីម្សិលមិញថា ការបង្កើនការយល់ដឹងពីការប្រើប្រាស់កម្ចីសម្រាប់ទិសដៅត្រឹមត្រូវ គួរតែជាកត្ដាដ៏សំខាន់ផ្សេងទៀត ដើម្បីរក្សាអត្រា NPL ឲ្យនៅកម្រិតទាប។
លោកបញ្ជាក់ថា៖ «ខណៈការផ្ដល់កម្ចីរក្សាកំណើន ហើយគ្រឹះស្ថានផ្ដល់កម្ចីអាចរក្សាអត្រា NPL ទាប វាឆ្លុះបញ្ចាំងគុណភាពកម្ចីល្អ ហើយវាបង្ហាញស្ថានភាពល្អប្រសើររបស់វិស័យនេះ»។ លោកបន្ថែមថា៖ «អត្រា NPL ក្នុងកម្រិត ១ ភាគរយ គឺល្អបំផុត ធៀបនឹងវិស័យហិរញ្ញវត្ថុនៅប្រទេសផ្សេងទៀតក្នុងតំបន់»។
លោក យុន សុវណ្ណា នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឲ្យដឹងកាលពីម្សិលមិញថា NPL គឺជាសូចនាករ ក្នុងការវាយតម្លៃហានិភ័យ និងគុណភាពផលបត្រកម្ចី នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ លោកបន្ថែមថា អត្រា NPL នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែទាប និងអាចគ្រប់គ្រងបាន។
លោកបញ្ជាក់ថា៖ «ជាសរុបមក អត្រា NPL នេះឆ្លុះបញ្ចាំងពីនិន្នាការល្អ និងប្រសិទ្ធភាពនៃការគ្រប់គ្រងកម្ចី។ ដូច្នេះ ការរក្សាអត្រា NPL ទាបនេះគឺជាសញ្ញាល្អ»៕ LA