ទីក្រុងអូតាវ៉ា៖ ទីភ្នាក់ងារស្ថិតិរដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសកាណាដា បានកាត់បន្ថយការងារ ២០៧ ០០០ កន្លែងកាលពីខែមេសា ដោយសារតែរលកកូវីដបំប្លែងថ្មី ជំរុញអត្រាការគ្មានការងារធ្វើកើនឡើងដល់ ៨,១ ភាគរយ បន្ទាប់ពីការចាប់ផ្ដើមនៅឆ្នាំនេះស្ថិតលើដំណើរផ្លូវធ្លាក់ចុះ។
យោងតាមទីភ្នាក់ងារស្ថិតិ Statistics Canada ការខាតបង់បានកើតឡើងបន្ទាប់ពីមានការកើនឡើងក្នុងរយៈពេលពីរខែមុន ហើយស្ទើរតែគ្រប់វិស័យទាំងអស់របស់ផ្នែកឯកជន ដែលបំផ្លាញក្ដីសង្ឃឹមថា សេដ្ឋកិច្ចបានចាប់ផ្ដើមដំណើរទៅមុខ។
ទីភ្នាក់ងារស្ថិតិនេះបានឲ្យដឹងថា ការងារពេញ និងក្រៅម៉ោងត្រូវបានបាត់បង់កាលពីខែមេសា ភាគច្រើននៅក្នុងឧស្សាហកម្មជាច្រើនដែលរងផលប៉ះពាល់ដោយផ្ទាល់ ដោយការរឹតបន្តឹងសុខភាពសាធារណៈថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលយ៉ាងរហ័សជំងឺកូវីដបម្លែងថ្មី។
លោក Royce Mendes អ្នកវិភាគនៅ CIBC បានថ្លែងថា៖ «ទីផ្សារការងាររបស់ប្រទេសកាណាដា ត្រូវបានបំផ្លាញជាថ្មីស្ថិតក្រោមសម្ពាធនៃការកើនឡើងផ្សេងទៀតការឆ្លងជំងឺកូវីដ និងការរឹតបន្តឹងដ៏តឹងតែង»។
លោកលើកឡើងថា៖ «ដោយសារតែការរឹតបន្តឹងដ៏តឹងតែងជាការឆ្លើយតបនឹងរលកទី ៣ នៅតែដំណើរការ ដែលចាប់ផ្ដើមកាលពីខែឧសភា និងផ្នែកខ្លះនៃប្រទេសនេះតម្រូវឲ្យមានវិធានការកាន់តែតឹងតែងថែមទៀត ការបាត់បង់ការងារកាន់តែច្រើនអាចបង្ហាញនៅក្នុងរបាយការណ៍បន្ទាប់»។
លោកបញ្ជាក់ថា៖ «ព័ត៌មានដ៏ល្អគឺថា ខ្សែកោងកំពុងកោងចុះនៅក្នុងតំបន់មួយចំនួននៃប្រទេសនេះ និងការចាក់វ៉ាក់សាំងកំពុងបង្កើនល្បឿន ទាំងពីរនេះនឹងជួយទីផ្សារការងារចាប់ផ្ដើមស្ទុះងើបឡើងវិញនៅខែមិថុនា»។
ការកើនឡើង ០,៦ ពិន្ទុភាគរយ ក្នុងអត្រាគ្មានការងារធ្វើពី ៧,៥ ភាគរយកាលពីខែមីនា បន្ទាប់ពីការធ្លាក់ចុះមកនៅត្រឹមកម្រិតទាបបំផុតរបស់ខ្លួន ចាប់តាំងការចាប់ផ្ដើមការរីករាលដាលជំងឺកូវីដ១៩។
ការបាត់បង់ការងារត្រូវបានកត់ត្រាលម្អិតនៅក្នុងវិស័យ ការស្នាក់នៅ និងសេវាម្ហូបអាហារ និងព័ត៌មាន វប្បធម៌ និងការកម្សាន្តនានា។
ភាគច្រើននៃការបាត់បង់នេះគឺនៅទីក្រុង Ontario ដែលកំពុងស្ថិតក្រោមការបិទខ្ទប់ដែលបញ្ជាដោយរដ្ឋាភិបាលជាលើកទី ៣ នៅឆ្នាំនេះ និងខេត្ត British Columbia ភាគខាងលិចបំផុត។
ការធ្លាក់ចុះអត្រាការងារមួយផ្នែកត្រូវបានប៉ះប៉ូវដោយការទទួលបានផ្នែកសេវារដ្ឋបាលសាធារណៈ វិជ្ជាជីវៈ វិទ្យាសាស្ដ្រ និង បច្ចេកវិទ្យា ហិរញ្ញវត្ថុ ការធានារ៉ាប់រង និងអចលទ្រព្យ ឧស្សាហកម្មទាំង ៣ ជាកន្លែងដែលសកម្មភាពអាចត្រូវបានប្រតិបត្តិការពីចម្ងាយ។
ជាលទ្ធផល ចំនួនប្រជាជនកាណាដា ដែលធ្វើការងារពីផ្ទះបានកើនឡើង ១០០ ០០០ ដល់ ៥,១ លាននាក់៕ AFP/LA