អត្រា​អ្នក​គ្មានការងារ​ធ្វើ​នៅក្នុង​ប្រទេស​អូស្ត្រាលី​បាន​ធ្លាក់​មក​ត្រឹម​ ៦,៨ ​ភាគរយ​ ស្រប​ពេលដែល​តួលេខ​ថ្មី​របស់​ការិយាល័យ​ស្ថិតិ​នៃ​ប្រទេស​អូស្ត្រាលី​បានបញ្ជាក់​ថា ប្រជាជន​ប្រមាណ ១១១ ០០០ ​នាក់​ ទទួល​បាន​ការងារ​ធ្វើ ឬ​បន្ត​កាតព្វកិច្ច​នៅ​កន្លែង​ការងារ​ចាស់​របស់ខ្លួន​វិញ​នៅក្នុង​ខែសីហា​ កន្លង​ទៅ​នេះ​។ ទោះបី​ជា​ទិន្នន័យ​នេះ​គឺជា​ព័ត៌មាន​ដ៏ល្អ​មួយ​សម្រាប់​ប្រទេស​អូស្ត្រាលី​ទាំងមូល ប្រជាជន​ប្រមាណ ៤២ ០០០ ​នាក់​ នៅក្នុង​រដ្ឋ Victoria បាន​បាត់បង់​ការងារ​ដែល​បណ្ដាល​មកពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩​។

យោង​ទៅ​តាម​ការព្យាករ​របស់​សាកល​វិទ្យាល័យ Melbourne អត្រា​អ្នក​គ្មាន​​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​អូស្ត្រាលី​អាច​កើន​ដល់​ ១១,៧ ​ភាគរយ ប្រសិន​បើ​រដ្ឋាភិបាល​មិន​បាន​អនុវត្ត​កម្មវិធី​ហិរញ្ញវត្ថុ ដូចជា កម្មវិធី JobKeeper ជាដើម នោះទេ​។

សេដ្ឋកិច្ច​របស់​ប្រទេស​អូស្ត្រាលី​កំពុង​ស្ថិត​ក្នុង​វិបត្តិ បន្ទាប់ពី​ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ​នៃ​ប្រទេស​អូស្ត្រាលី​បាន​បង្ហាញ​​ថា ផលិតផល​ក្នុង​ស្រុក​សរុប​ចាប់ពី​ខែ​មេសា​ដល់​ខែមិថុនា​បាន​ធ្លាក់ចុះ ៧ ​ភាគរយ​ ដែល​ជា​​ការធ្លាក់ចុះ​ខ្លាំង​បំផុត​គិត​ចាប់ពី​ឆ្នាំ​ ១៩៥៩ ​កន្លង​មក​។

បើ​គិត​ត្រឹម​ម៉ោង ០៨:៣៦ ​ព្រឹក​នៃ​ថ្ងៃទី​ ២២ ខែ កញ្ញា ឆ្នាំ​ ២០២០ ប្រាក់​ដុល្លារ​អូស្ត្រាលី​មាន​តម្លៃ ០,៧២ ១០០ បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​។

បើ​ផ្អែក​ទៅ​លើ​ការវិភាគ​បែប​បច្ចេកទេស (​តាមរយៈ​សូចនាករ និង​ក្រាហ្វ​នៃ​ការប្រែប្រួល​តម្លៃ​នៅលើ​កម្មវិធី​ជួញដូរ Metatrader 4) វិញ គូ​រូបិយប័ណ្ណ​ដុល្លារ​អូស្ត្រាលី​ធៀប​ដុល្លារ​អាមេរិក​មាន​ចំណុច​របាំង​ដ៏រឹងមាំ​មួយ ដែល​ស្ថិត​ក្នុង​តម្លៃ ០,៧៥ ៩០០ មាន​ចំណុច​ទម្រ​ទី​១ ដែល​ស្ថិតនៅ​ក្បែរ​តម្លៃ​ ០,៧២ ០០០ និង​មាន​ចំណុច​ទម្រ​ទី​២ ​ដែល​ស្ថិតនៅ​ក្នុង​តម្លៃ ០,៧០ ៩០០​។

ដោយយោង​ទៅ​តាម​ចំណុច​សំខាន់ៗ​ខាង​លើ វិនិយោគិន​គួរ​ជួញដូរ​គូ​រូបិយប័ណ្ណ​ដុល្លារ​អូស្ត្រាលី​ធៀប​ដុល្លារ​អាមេរិក​នៅក្នុង​តម្លៃ​ចន្លោះ​ពី​ ០,៧០ ៩០០ ទៅ​ ០,៧៥ ១០០ (០,៧៥ ១០០ ជា​ចំណុច​នៃ​តម្លៃ​ដែល​រក្សាបាន​នូវ​ភាពរឹងមាំ​ចាប់​តាំងពី​ខែ​មិថុនា ឆ្នាំ​ ២០១៨) ​មក ហើយ​អាច​ទិញ​ ឬ​លក់​គូ​រូបិយប័ណ្ណ​នេះ​នៅ​តម្លៃ​ក្បែរ​ចំណុច​ទម្រ និង​ចំណុច​របាំង ដោយសារ​នាពេល​បច្ចុប្បន្ន ទីផ្សារ​នៃ​គូ​រូបិយប័ណ្ណ​នេះ​គឺជា​ទីផ្សារ​មួយ​ដែល​មាន​គម្លាត​នៃ​ការប្រែប្រួល​តម្លៃ​ជាក់លាក់​។ វិនិយោគិន​ក៏​គួរ​ជួញដូរ​ដោយ​កំណត់​មុខងារ​គ្រប់គ្រង​ហានិភ័យ​ផងដែរ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នានា​ពី​ការវិនិយោគ​៕