
Electric board ដែលបង្ហាញពីសន្ទស្សន៍ភាគហ៊ុននៃផ្សារហ៊ុនកម្ពុជានៅតាមផ្លូវសាធារណៈកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ ទំហំចំណេញសុទ្ធជាមធ្យមរបស់ក្រុមហ៊ុនចុះបញ្ជីទាំងអស់នៅក្នុងផ្សារមូលបត្រកម្ពុជា (CSX) បានកើនឡើង ២០,៨៩ ភាគរយ កាលពីឆ្នាំ ២០១៨ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧ ដែលនាំមុខដោយក្រុមហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ផ្សារមូលបត្រកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ CSX កាលពីថ្ងៃម្សិលមិញ បានឲ្យដឹងថា PPAP មានអនុបាតចំណេញសុទ្ធខ្ពស់ជាងគេ គឺ ៣៩,០៩ ភាគរយ តាមពីក្រោយដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) មាន ២៧,៧៧ ភាគរយ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) មាន ១៩,៨៦ ភាគរយ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) មាន ១៦,៥៤ ភាគរយ។ ចំណែករោងចក្រកាត់ដេរ ហ្គ្រេន ធ្វីន (GTI) មានអនុបាតចំណេញសុទ្ធ ១,២ ភាគរយ។ បើធៀបឆ្នាំ ២០១៧ អនុបាតចំណេញសុទ្ធរបស់ក្រុមហ៊ុនចុះបញ្ជីទាំងអស់ជាមធ្យមមានកំណើនជាង ៤០ ភាគរយ។
អនុបាតចំណេញសុទ្ធ គឺជាផលធៀបរវាងប្រាក់ចំណេញសុទ្ធ និងប្រាក់ចំណូលសរុប។
ក្នុងរយៈពេល ៣ ឆ្នាំ ចុងក្រោយនេះ ភាគហ៊ុនចុះបញ្ជីទាំងអស់បានបង្ហាញពីភាពវិជ្ជមានទាំងលើប្រាក់ចំណូល និងចំណេញសុទ្ធ លើកលែងតែ GTI ដែលចំណេញសុទ្ធមានការធ្លាក់ចុះក្នុងឆ្នាំ ២០១៧ ប៉ុន្តែបានកើនឡើងខ្លះវិញនៅឆ្នាំ ២០១៨។
នៅក្នុងអំឡុងពេល ៣ ឆ្នាំចុងក្រោយនេះ ឆ្នាំ ២០១៨ មានការជួញដូរច្រើនជាងគេបង្អស់ ពោលគឺមានបរិមាណសរុបជិត ៤ លានហ៊ុន។
លោកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កំណើននេះបង្ហាញពីភាពរឹងមាំ និងលទ្ធភាពរកចំណេញបានកាន់តែខ្ពស់ជាងមុនបើធៀបនឹងចំណូលរបស់ក្រុមហ៊ុនចុះបញ្ជីទាំងអស់។ លោកស្រីបន្តថា ភាពល្អប្រសើរនៃទីផ្សារភាគហ៊ុនកម្ពុជា បានធ្វើឲ្យសន្ទស្សន៍នៅពេលបិទផ្សារនៅចុងឆ្នាំ ២០១៨ កើនដល់ ៤៨០,៩៨ ពិន្ទុ កើនឡើងជាង ៤០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៧។
លោកស្រីថ្លែងថា៖«ដោយសារតែក្រុមហ៊ុនចុះបញ្ជីបានបង្ហាញពីលទ្ធផលល្អនៃការធ្វើអាជីវកម្មកាលពីឆ្នាំ ២០១៨ ខ្ញុំយល់ថាវានឹងបង្កើនទំនុកចិត្ត និងសុទិដ្ឋិនិយមខ្ពស់ដល់វិនិយោគិន ដូចនេះតម្លៃភាគហ៊ុនគួរតែបន្តប្រសើរឡើង ហើយសកម្មភាពជួញដូរក៏បន្តកើនឡើងដែរ ពិសេសខ្ញុំរំពឹងថា នឹងមានវត្តមានវិនិយោគិនថ្មីៗចាប់អារម្មណ៍ទិញភាគហ៊ុនដើម្បីទទួលបានឱកាសទាញយកប្រាក់ចំណេញជាមួយក្រុមហ៊ុនចុះបញ្ជីដែលកំពុងទទួលលទ្ធផលអាជីវកម្មល្អ និងបង្ហាញពីសក្តានុពលខ្ពស់»៕ LA