ភ្នំពេញៈ ​អនុបាត​ប្រាក់​ចំណេញ​សុទ្ធ​ជា​មធ្យម​ ៣ ​ឆ្នាំ​ជាប់ៗ​គ្នា​កាលពី​ឆ្នាំ​ ២០១៧ របស់​ក្រុមហ៊ុន​ទាំង​ ៥ ដែល​ចុះ​បញ្ជី​ជួញដូរ​នៅ​ CSX បាន​បង្ហាញ​ពី​ការធ្លាក់ចុះ​។ នេះ​បើ​តាម​របាយការណ៍ CSX ដែល​ទើប​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​។

របាយការណ៍​បង្ហាញ​ថា​អនុបាត​ប្រាក់ចំណេញ​សុទ្ធ​ជា​មធ្យម​ជា​រួម​នៅ​ផ្សារមូលបត្រ​កម្ពុជា គឺ ១៤,៥៨ ​ភាគរយ​នៅ​ឆ្នាំ​ ២០១៧ ​ធ្លាក់​ចុះ​ពី​ ២០ ​ភាគរយ​នៅ​ឆ្នាំ​ ២០១៥ និង​ពី​ ១៦,៤៤ ​ភាគរយ​នៅ​ឆ្នាំ​ ២០១៦​។

អនុបាត​ប្រាក់​ចំណេញ​សុទ្ធ​គឺជា​ផលធៀប​រវាង​ប្រាក់​ចំណេញ​សុទ្ធ និង​ប្រាក់ចំណូល​សរុប​របស់​ក្រុមហ៊ុន​ដែល​វា​ជា​សន្ទស្សន៍​យ៉ាង​សំខាន់​សម្រាប់​ឆ្លុះ​បញ្ចាំង​ពី​សុខភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​។ អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ថា ការរក្សា​បាន​អនុបាត​ប្រាក់​ចំណេញ​សុទ្ធ​ ២ ​ខ្ទង់​បាន​បង្ហាញ​ថា ក្រុមហ៊ុន​មាន​សុខភាព​ហិរញ្ញវត្ថុ​ល្អ​។

លោក ល្មុន សូឡី ប្រធាន​នាយកដ្ឋាន​ចុះបញ្ជី និង​ផ្តល់​ព័ត៌មាន​នៃ​ផ្សារមូលបត្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការធ្លាក់​ចុះ​អនុបាត​ប្រាក់​ចំណេញ​ជា​មធ្យម​នៅ CSX បង្ហាញ​ពី​ការ​ថមថយ​អត្រា​ប្រាក់​ចំណេញ ប៉ុន្តែ​បាន​លើក​ឡើង​ថា វា​មិន​ទាន់​ដល់​កម្រិត​គួរ​ឲ្យ​ព្រួយបារម្ភ​នៅ​ឡើយ​។

លោក​បញ្ជាក់​ថា​ការធ្លាក់​ចុះ​អនុបាត​ប្រាក់​ចំណេញ​នាពេល​នេះ​អាច​បណ្តាល​មកពី​ក្រុមហ៊ុន​នីមួយៗ​ស្ថិត​ក្នុង​ដំណាក់កាល​ពង្រីក​ផលិតកម្ម ហើយ​ត្រូវ​ការបង្កើន​ការចំណាយ​ដែល​អាច​មាន​ឥទ្ធិពល​ដល់​អនុបាត​ប្រាក់​ចំណេញ​។

លោក​ថ្លែង​ថា​៖ «​ធម្មតា​ការធ្លាក់​ចុះ​ហ្នឹង​វា​មិន​ល្អ​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា​កម្រិត​ [​អនុបាត​ប្រាក់ចំណេញ​] ដែល​នៅ​ខ្ពស់​ជាង ១០ ភាគរយ​វា​នៅក្នុង​កម្រិត​ល្អប្រសើរ​នៅ​ឡើយ​»​។

ក្នុង​ចំណោម​ក្រុមហ៊ុន​ចុះបញ្ជី​ទាំង​ ៥ ក្រុមហ៊ុន​ ៤ ​បាន​បង្ហាញ​ពី​និន្នាការ​នៃ​ការធ្លាក់​ចុះ​អនុ​បាត​ប្រាក់​ចំណេញ​ជា​មធ្យម​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​។ ប៉ុន្តែ​មាន​តែ​ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ PPAP មួយ​ទេ​ដែល​មាន​អនុបាត​ប្រាក់​ចំណេញ​កើនឡើង​។

អនុ​បាត​ប្រាក់​ចំណេញ​ជា​មធ្យម​របស់ PPAP បាន​កើន​ពី ២១,០៣ ភាគរយ​កាលពី​ឆ្នាំ​ ២០១៥ ដល់ ២៨,៤៤ ភាគរយ​នៅ​ឆ្នាំ ២០១៧​។ (​សូម​មើល​ក្រាហ្វិក​) ​

យោង​តាម​របាយការណ៍ StockInfo របស់ CSX ក្រុមហ៊ុន​ដែល​ចុះ​បញ្ជី​នីមួយៗ​សុទ្ធតែ​បាន​ទទួល​ប្រាក់​ចំណូល​សរុប​កើនឡើង បើ​ទោះបី​ជា​អនុបាត​ប្រាក់​ចំណេញ​សុទ្ធ​ធ្លាក់ចុះ​ក៏ដោយ​។

លោក អ៊ីវ រ៉ាណ្ណារិទ្ធ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មូលបត្រ RHB Indochina Securities បាន​លើក​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​ដែល​ក្រុមហ៊ុន​នីមួយៗ​បាន​រាយការណ៍​ពី​ការកើនឡើង​ប្រាក់​ចំណូល​គឺជា​ប្រតិបត្តិការ​ល្អ ហើយ​ការធ្លាក់ចុះ​អនុបាត​ប្រាក់ចំណេញ​ដោយសារ​ការកើនឡើង​ចំណាយ​ដើម្បី​ពង្រីក​ផលិតកម្ម​មិនមែន​ជា​អ្វី​ដែល​គួរ​ព្រួយបារម្ភ​ទេ​។ លោក​បន្ត​ថា​ការរក្សា​បាន​អនុ​បាត​ប្រាក់​ចំណេញ​ច្រើន​ជាង ២ ​ខ្ទង់​គឺជា​ការល្អ​។

លោក​បញ្ជាក់​ថា​៖ «​ជាទូទៅ​បើ​អនុបាត​ប្រាក់ចំណេញ​ធ្លាក់​ចុះ​ក្រោម ១០ ភាគរយ​អី អាហ្នឹង​វា​អាច​ជា​ការ [​ក្រើន​រំឭក​ពី​ការបារម្ភ​] ប៉ុន្តែ​បើ​វា​នៅ​រក្សា​បាន​ប្រហែល​ ១៥ ​ភាគរយ​គឺ​មាន​ន័យ​ថា​សុខភាព​ហិរញ្ញវត្ថុ​នៅក្នុង​កម្រិត​ល្អ​ហើយ​សម្រាប់​ក្រុមហ៊ុន​»៕