ភ្នំពេញៈ រដ្ឋាភិបាល​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នៃ​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​ (DTA) ជាមួយ​ប្រទេស​កូរ៉េខាងត្បូង​ និង​ម៉ាឡេស៊ី ខណៈ​ដែល​ច្បាប់​នេះ​នឹង​បើកផ្លូវ​ឲ្យ​ប្រទេស​នេះ​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដើម្បី​បង្កើន​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទៅវិញ​ទៅមក​។

សេចក្ដី​ព្រាងច្បាប់​ដែល​ត្រូវ​បាន​អនុម័ត​ក្នុង​អំឡុងពេល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន នឹង​ស្នើ​ទៅ​សភាជាតិ​អនុម័ត​ក្នុង​ពេល​ឆាប់ៗ​នេះ​។

លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន Cambodia Investment Management បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅពេល​ថ្មីៗ​នេះ​ថា DTA លុបចោល និង​ទប់ស្កាត់​ការយក​ពន្ធ​ត្រួតគ្នា លើក​កម្ពស់​ការវិនិយោគ​ទ្វេភាគី​មាន​ភាពច្បាស់លាស់ និង​តម្លាភាព​ជំរុញ​ពាណិជ្ជកម្ម ពិភពលោក ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត​សម្រាប់​ប្រទេស​កម្ពុជា​គឺ​ទាក់ទាញ​ការវិនិយោគ​បរទេស​។

DTA ក៏​ផ្ដល់​យន្តការ​ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន​រវាង​អាជ្ញាធរ​ពន្ធដារ និង​ជួយ​ទប់ស្កាត់​ការចៀសវាង​ការយក​ពន្ធ​ត្រួតគ្នា និង​ការបង្ការ​គេចវេះ​ពន្ធ​។

លោក​ថ្លែងថា កិច្ចព្រមព្រៀង DTA ជាទូទៅ​ផ្ដល់​អត្ថប្រយោជន៍​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូចជា​ប្រទេស​កម្ពុជា ខណៈ​ដែល​កិច្ចព្រមព្រៀង​ទាំងនេះ​ជា​ធម្មតា​បណ្ដាល​ឲ្យ​មាន​កំណើន​លំហូរ​មូលធន​ចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​ទៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

លោក​បាន​ថ្លែងថា​៖ «​ការផ្តួចផ្តើម​របស់​កម្ពុជា​ដើម្បី​ចរចា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន សាធារណរដ្ឋ​កូរ៉េ និង​សហភាព​សេដ្ឋកិច្ច​អាស៊ី​អឺរ៉ុប​គឺ​ទាន់​ពេលវេលា និង​មាន​លក្ខណៈ​យុទ្ធសាស្ត្រ ឆ្លើយតប​ទៅ​នឹង​ការវិវឌ្ឍ​ថ្មីៗ​ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ជាពិសេស​នោះ​គឺ​ការផ្អាក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង កូវីដ​១៩»​។

កាលពី​ចុងខែ​វិច្ឆិកា​ឆ្នាំ​មុន ប្រទេស​កម្ពុជា​ និង​កូរ៉េខាងត្បូង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សិក្សា​លទ្ធភាព​រួមមួយ​ស្ដីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​អាច​កើតឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រីក​ទំហំ​វិនិយោគ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២​។

កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោក Yoo Myunghee រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​រំឭក​របស់​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ​រយៈពេល​ ២ ​ថ្ងៃ​ដែល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ចន្ទ​នៅ​ប៊ូសាន ជា​ទីក្រុង​កំពង់ផែ​កូរ៉េ-ខាងត្បូង​។

កាលពី​ឆ្នាំ​ ២០១៨ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ដល់​ប្រហែល​ ៧៥៦ ​លាន​ដុល្លារ​កើនឡើង​ ១៤ ,៦៩ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៧​។ នេះ​បើ​យោងតាម​ទិន្នន័យ​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម​។

សភាជាតិ​ធ្លាប់​បាន​ផ្តល់​សច្ចាប័ន​លើ DTA ដែល​បាន​ជាមួយ​ប្រទេស​សិង្ហបុរី ចិន ប្រ៊ុយណេ ថៃ វៀតណាម និង​ឥណ្ឌូនេស៊ី និង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ទីក្រុង​ហុងកុង​៕LA