ភ្នំពេញ៖ អនុស្ថានីយ​ថ្មី​មួយ​ក្នុង​​ខេត្ត​រតនគិរី ​ទើប​ត្រូវ​បាន​​ដាក់​​ឲ្យ​ដំណើរជា​ផ្លូវ​ការ​កាល​ពី​សប្តាហ៍​មុន​ដោយ​​​តភ្ជាប់​​មក​បណ្តាញ​ជាតិ​តាម​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់​ ២៣០ ​គីឡូ​វ៉ុល​ ពី​ទំនប់​​វារីអគ្គិសនី​សេសាន​ក្រោម​ ២​ ស្ថិត​​​ក្នុង​ខេត្ត​ស្ទឹងត្រែង​។​

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ មាន​កម្លាំង​ ៤០០ មេហ្គាវ៉ាត់​ គឺ​ជា​វារីអគ្គិសនី​ធំបំផុត​​នៅ​​កម្ពុជា​ ដោយ​​មាន​តម្លៃ​​ជាង ៧៨១ ​លាន​ដុល្លារ​ និង​​​ត្រូវ​បាន​សម្ពោធ​ឲ្យ​ដំណើរការ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន កាល​ពី​ខែកញ្ញា​ ឆ្នាំ​ ​២០១៧។​​

មន្ត្រី​អគ្គិសនី​កម្ពុជា​ប្រចាំ​នៅ​ខេត្ត​រតនគិរី សុំ​មិន​បញ្ចេញ​​ឈ្មោះ​បាន​ប្រាប់​​​ភ្នំពេញ​ប៉ុស្តិ៍​ថា អនុស្ថានីយ​ថ្មី​នេះ​ មាន​ទំហំ​ ៥០ ​​មេហ្គា​វ៉ាត់​​ ដែល​បាន​ទាញ​ថាមពល​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ​២ ​ស្ថិត​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​តាម​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់​ដែល​មាន​ប្រវែង ​១០២ គីឡូ​ម៉ែត្រ​។​ លោក​បន្ត​ថា អនុស្ថានីយ​នេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​ផ្គង់ផ្គង់​ថាមពល​អគ្គិសនី​នៅ​ទូទាំង​ខេត្ត​ ខណៈ​តម្រូវ​ការ​ប្រើប្រាស់​ថាមពល​នៅ​ក្នុង​ខេត្ត​មាន​​ពី ២០ ទៅ ​២៥ មេហ្គាវ៉ាត់ ​​ក្នុង​រដូវ​ប្រាំង​ និង​ ១២ ​​មេហ្គាវ៉ាត់​ក្នុង​រដូវ​វស្សា​។​

លោក​ថ្លែង​ថា៖ «អនុស្ថានីយ​នេះ​នឹង​ទាញ​ភ្លើង​មក​ចែកចាយ​​នៅ​ទូទំាង​ខេត្ត​ ហើយ​ពួក​ខ្ញុំ​កំពុង​សង់​បណ្តាញ​ខ្នែង​បញ្ជូន​​អគ្គិសនី​​បន្ថែម​ទៀត​ ដើម្បី​ពង្រីក​លទ្ធភាព​ផ្តល់​អគ្គិសនី​ឲ្យ​ដល់​ទី​ជនបទ​ដាច់​ស្រយាល»។

លោក​បន្ត​ថា៖ «​ទោះបី​សព្វ​ថ្ងៃ​គេ​មិន​ទាន់​ចែក​ចាយ​ថាមពល​អគ្គិសនី​អស់ តែ​គេ​គ្រោង​ទុក​​សម្រាប់​រយៈពេល​ ៥ ឆ្នាំ ​ទៅ​មុខ​ទៀត​ ទំហំ​ ៥០ ​មេហ្គាវ៉ាត់ អាច​បំពេញ​តម្រូវ​ការ​ប្រើប្រាស់​គ្រប់​គ្រាន់»។

លោក នាង សំអាត នាយក​រដ្ឋបាល​សាលា​ខេត្ត​រតនគិរី បាន​​​ប្រាប់ភ្នំពេញ​ ប៉ុស្តិ៍ ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​អនុស្ថានីយ​នេះ​​នឹង​ផ្តល់​​ប្រយោជន៍​ដល់​ប្រជាជន​​ ២០៦ ០០០ ​នាក់​ ក្នុង​ខេត្ត​នេះ​។​ លោក​បន្ត​ថា៖ «​អនុស្ថានីយ​នេះ​នឹង​ជួយ​សម្រួល​ដល់​ការ​ប្រកប​របរ​រក​ស៊ី​​របស់​ប្រជាជន​​​ដែល​ជា​ម្ចាស់​អាជីវកម្ម និង​សិប្បកម្ម​ និង​ជួយ​ទាក់ទាញ​ការ​អភិវឌ្ឍ​ខេត្ត​បន្ថែម​ទៀត»។​

លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​ កន្លង​មក​បាន​ប្រាប់​​ថា អគ្គិសនី​កម្ពុជា​កំពុង​ធ្វើ​កិច្ចការ​ជា​ច្រើន ​ដើម្បី​ស្វែង​រក​ថាមពល​ថ្មី​បន្ថែម​ទៀត​ឲ្យ​បាន​ ១ ០០០ ​មេហ្គាវ៉ាត់ ​​នៅ​មុន​​ដំណាច់​ឆ្នាំ ​២០២០​ ដែល​ទាញ​ប្រភព​ថាមពល​ពី​ការ​សាងសង់​​រោងចក្រ​ថាមពល​ធ្យូង​ថ្ម ពន្លឺ​ព្រះ​អាទិត្យ និង​ការ​ទិញ​ប្រភព​ដែល​មាន​តម្លៃ​ទាប​៕​