ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ដែល​បាន​អនុម័ត​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (E-Commerce Strategy) ដែល​ជា​ការបើកផ្លូវ​ក្នុង​ការជំរុញ​ការធ្វើ​អាជីវកម្ម​ឌីជីថល​នៅ​កម្ពុជា ស្រប​តាម​ទិសដៅ​របស់​រដ្ឋាភិបាល​ក្នុង​ការហក់​ផ្លោះ​ទៅ​កាន់​បរិបទ​បដិវត្តន៍​ឧស្សាហកម្ម​ ៤.០ ឬ​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​ការបង្កើត​ប្រភព​កំណើន​ថ្មី​។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ក្នុង​សប្តាហ៍​មុន ដោយ​បាន​អនុម័ត​នូវ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce Strategy) ដោយ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​ពាក់ព័ន្ធ​នានា​។

លោក​រដ្ឋមន្ត្រី​បាន​និយាយ​ថា ក្នុង​បរិបទ​បដិវត្តន៍​ឧស្សាហកម្ម​ ៤.០ ផែនការ យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ឌីជីថល​នេះ​ជា​គន្លឹះ​ដ៏សំខាន់​ក្នុង​ការជំរុញ​ភាពប្រកួតប្រជែង​របស់​សហគ្រាស​ពាណិជ្ជកម្ម និង ដំណើរការ​អាជីវកម្ម​ដែល​រួមចំណែក​ដល់​ការលើកកម្ពស់​ផលិតភាព បង្កើន ការនាំចេញ បង្កើត​ការងារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។

លោក​ថ្លែងថា​៖ «​ដោយ​មើលឃើញ​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុង​ការចាប់​យក​កាលានុវត្តភាព​បដិវត្តន៍​ឧស្សាហកម្ម ៤.០ រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​ ៦ ​នៃ​រដ្ឋសភា​បាន​រំលេច​អំពី “​ការរៀបចំ​ខ្លួន​សម្រាប់​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​ឌីជីថល និង​ឆ្លើយតប​ទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម​ ៤.០” ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤»​។

លោក​បន្ថែមថា​៖ «​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល​ក៏​ជា​ការឆ្លើយតប​នឹង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ក្នុង​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច តាមរយៈ​ការលើកកម្ពស់​សមត្ថភាព​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក​ឲ្យ​ផ្សារភ្ជាប់​ទៅនឹង​ខ្សែចង្វាក់​តម្លៃ​តំបន់ និង​សកលលោក​ផងដែរ​»​។

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ កម្ពុជា​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​ជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ឆាប់រហ័ស​នៃ​ការជួញដូរ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការទិញ​អីវ៉ាន់​តាម​អនឡាញ​។

បើ​យោង​តាម​លោក ប៉ាន សូរស័ក្តិ យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ពេលវេលា​ដ៏ត្រឹមត្រូវ​ស្រប​ពេល​ដែល​កម្ពុជា​មាន​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

លោក​រដ្ឋមន្ត្រី​បន្តថា​៖ «​ការអនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នឹង​ពង្រឹង រឹតតែ​ខ្លាំង​ឡើង​នូវ​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ដោយ​ហេតុថា ឯកសារ​យុទ្ធសាស្ត្រ​នេះ​បាន​ផ្តល់​គំរូ​អាជីវកម្ម​ថ្មី​មួយ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ភាព​ប្រកួតប្រជែង​ខ្ពស់ ដែល​សមស្រប​នឹង​បរិបទ​សេដ្ឋកិច្ច​ឌីជីថល និង​លក្ខខណ្ឌ​តម្រូវការ​ទីផ្សារ​ក្នុង​ស្ថានភាព​ជំងឺ​កូវីដ​១៩ និង​ក្រោយ​ជំងឺ​កូវីដ​១៩»​។

កាលពី​ថ្ងៃទី​ ១០ ខែឧសភា លោក ប៉ាន សូរស័ក្ដ ក៏​បាន​ស្នើ​លោក Yao Yuya អគ្គនាយក​ក្រុមហ៊ុន Huawie Cambodia ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈាន​មុខ​គេ​របស់​ប្រទេស​ចិន ជួយ​បង្កើន​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ការជួញដូរ​អនឡាញ​នេះ​៕LA