ភ្នំពេញ: គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ក្រុមហ៊ុន​ទូរស័ព្ទ Metfone និង​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​ស្មាតហ្វូន VIVO បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​គោលបំណង​ដើម្បី​ផ្តល់​សេវាកម្ម​ជា​កញ្ចប់​ដល់​អតិថិជន​របស់ខ្លួន​ដែល​ជា​ការប្រឹងប្រែង​ពង្រីក​ទីផ្សារ​កម្ចី​បន្ថែម​ទៀត​នៅក្នុង​អំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក តាន់ យូហៃ នាយក​ផ្នែក​លក់​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​បាន​ថ្លែង​ក្នុង​កម្មវិធី​ចុះ MoU ថា​រាល់​អតិថិជន​ទាំងថ្មី និង​ចាស់​ដែល​ខ្ចីប្រាក់​ពី​អម្រឹត​ចាប់ពី ៤ ០០០ ​ដល់ ៩ ៩៩៩ ​ដុល្លារ​នឹង​ទទួល​បាន​ទូរស័ព្ទ​ស្មាតហ្វូន VIVO Y1s ១ គ្រឿង​ដោយ​ឥតគិតថ្លៃ ហើយ​បើ​ខ្ចីប្រាក់​ពី ១០ ០០០ ដុល្លារ​ដល់ ២០ ០០០ ដុល្លារ​នឹង​ទទួល​បាន​ទូរស័ព្ទ​ស្មាតហ្វូន VIVO Y11 ដោយ​ឥតគិតថ្លៃ ១ ​គ្រឿង​ភ្លាមៗ​ដែល​ប្រូម៉ូសិន​នេះ​ចាប់ពី​ថ្ងៃទី​ ១ ខែ​សីហា​រហូត​ដល់​ថ្ងៃទី​ ៣១ ខែតុលា ឆ្នាំ​ ២០២០​។

លោក​ថ្លែងថា​៖ «​យើង​ជឿថា នេះ​ជា​ប្រូម៉ូសិន​លើកដំបូង​គេ​សម្រាប់​វិស័យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ផ្តល់​ទូរស័ព្ទ​ស្មានហ្វូន​ដោយ​ឥតគិតថ្លៃ​ ១ គ្រឿង​ភ្លាមៗ​ដល់​អតិថិជន​ដែល​ត្រូវ​បានអនុម័ត​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​របស់​យើង​»​។

លោក​ឲ្យ​ដឹងថា អ្វីដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ​អម្រឹត​បាន​ចូលរួម​លើកកម្ពស់​ប្រតិបត្តិការ​ដោយ​គ្មាន​សាច់ប្រាក់ (Cashless transaction) ​កាន់តែ​ប្រសិទ្ធភាព​ខ្ពស់​ដោយ​មិន​ត្រឹមតែ​ផ្តល់​ចំណេះដឹង​ដល់​អតិថិជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់​បទពិសោធ​ផ្នែក​រឹង​ក្នុង​ការប្រតិបត្តិការ​ធនាគារ​ចល័ត​ផងដែរ​។

លោក​បញ្ជាក់ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​នឹង​ផ្តល់ជូន​ទូរស័ព្ទ​ស្មាតហ្វូន VIVO ចំនួន ២០ ០០០ ​គ្រឿង​សម្រាប់​យុទ្ធនាការ​នេះ​។

លោក ចាង ថោវ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន VIVO ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​៖ «​ការសហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​នេះ ដោយសារ​យើង​មាន​គោលដៅ​រួមគ្នា​ក្នុង​ការលើក​កម្ពស់​ប្រតិបត្តិការ​ដោយ​គ្មាន​សាច់ប្រាក់​។ ចំពោះ​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ VIVO គឺ​ដើម្បី​ក្លាយ​ជា​សាជីវកម្ម​សកល​យូរអង្វែង​ដែល​មាន​សុខភាព​ល្អ​ជាង​មុន​ដោយ​ផ្តល់នូវ​ផលិតផល​ដែលមាន​គុណភាព និង​សេវាកម្ម​ល្អ​»​។

លោក បួយ មិញ ប៊ិញ អគ្គនាយករង​នៃ​ក្រុមហ៊ុន Metfone បាន​និយាយថា តាមរយៈ MoU នេះ​ក្រុមហ៊ុន Metfone នឹង​ផ្តល់​ស៊ីមកាត​ដោយ​ឥតគិតថ្លៃ​ដល់​អតិថិជន​ទាំងអស់​របស់​អម្រឹត​។ លោក​ថ្លែងថា​៖ «​ស៊ីមកាត​នីមួយៗ​បន្ទាប់ពី​ដំណើរការ​អាច​ផ្ទុក​ទិន្នន័យ​បាន​ចំនួន ១ ​ជីហ្គាបៃ ហើយ​ហៅ​ទូរស័ព្ទ​ចេញ​ដោយ​ឥតគិតថ្លៃ ១០០ ​នាទី​សម្រាប់​ក្នុង​ប្រព័ន្ធ​ក្នុង​រយៈពេល ២​ សប្តាហ៍​»​។

យោងតាម​លោក មិញ ប៊ិញ បច្ចុប្បន្ន​ Metfone បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ឈានមុខ​មួយ​ដោយ​មាន​ស្ថានីយ​ចំនួន ១១ ០០០ និង​ខ្សែ​អុបទិក​ប្រវែង ២៣ ០០០ គីឡូម៉ែត្រ និង​ផ្តល់​សេវា​ដល់​ប្រជាជន​ខ្មែរ​ជិត ៩ ​លាន​នាក់​។

បច្ចុប្បន្ន​អម្រឹត​មាន​ប្រាក់​បញ្ញើ​សន្សំ​ជាង ៥០០ ​លាន​ដុល្លារ និង​មាន​ទ្រព្យសកម្ម​ប្រមាណ ១ ​ពាន់​លាន​ដុល្លារ​ដោយ​មាន​អតិថិជន​ជាង ៥០ ​ម៉ឺន​នាក់​ជាមួយ​នឹង​សាខា ១៥៨៕ LA