ភ្នំពេញៈ ក្រុម​អ្នក​ខ្ចីប្រាក់​ប្រមាណ ១២០ ០០០ ​នាក់ ដែល​ទទួលរង​ផលប៉ះពាល់​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​បាន​ទទួល​រយៈពេល​អនុគ្រោះ​ពី ៣ ​ដល់ ៦ ​ខែ​លើ​ការរៀបចំ​ឥណទាន​ឡើងវិញ ខណៈ​អម្រឹត​ក្លាយ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទី​ ១ ដែល​ប្រកាស​ជា​សាធារណៈ​ពី​ការផ្ដល់​ការសម្របសម្រួល​ដល់​អតិថិជន​ខ្លួន​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​គ្រឹះស្ថាន​អម្រឹត​បាន​ឲ្យ​ដឹងថា អតិថិជន​ឥណទាន​ភាគច្រើន​ខ្ចីប្រាក់​ជា​ក្រុម ហើយ​ជា​អ្នករស់នៅ​ជនបទ​ដោយ​ខ្ចីប្រាក់​ក្នុង​ទំហំ​តូចៗ និង​ជារឿយៗ​ពឹង​ផ្អែកលើ​ប្រាក់ចំណូល​ពី​សមាជិកគ្រួសារ​ដែល​ធ្វើ​ការងារ​ក្នុង​រោងចក្រ​កាត់ដេរ ដែល​ត្រូវ​បាន​បិទទ្វារ​ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

អម្រឹត​បាន​ឲ្យ​ដឹងថា ដោយសារ​ឥណទាន​ក្រុម​ធានា​ទាំងអស់​នេះ​ស្ថិតក្នុង​ចំណោម​ឥណទាន​ងាយ​រងគ្រោះ​បំផុត​ព្រោះតែ​ការពិបាក​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ស្ថានការណ៍​បច្ចុប្បន្ន ហេតុនេះ​បើ​អតិថិជន​កម្ចី​តូចៗ​ប្រភេទ​នេះ​ស្នើសុំ​ពន្យារ​ការសង​អម្រឹត​នឹង​ផ្តល់​ការពន្យារពេល​សង​ទាំង​ការប្រាក់ និង​ប្រាក់​ដើម​តែម្តង​សម្រាប់​រយៈពេល ៣ ​ខែ​។

លោក ដុស ឌីន អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​បាន​ឲ្យ​ដឹងថា ជំហរ​ហិរញ្ញវត្ថុ​ដ៏ល្អ​របស់​អម្រឹត​អាច​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នេះ​ផ្ដល់​ការគាំទ្រ​ដល់​អតិថិជន​របស់​ខ្លួន ដែល​នេះ​ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​បេសកកម្ម​អាជីវកម្ម​អម្រឹត​។ ទោះបី​ជា​បញ្ហា​ប្រឈម​ដែល​បង្កឡើង​ដោយ​កូវីដ​ ១៩ បាន​ប៉ះពាល់​ដល់​អតិថិជន​ជាច្រើន​របស់​អម្រឹត​ក៏ដោយ ក៏​មាន​អតិថិជន​មួយចំនួន​ទៀត​នៅតែ​កំពុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ពួកគេ​ប្រកប​ដោយ​ជោគជ័យ​ដដែល​។

លោក​ថ្លែងថា​៖ «​អម្រឹត​សង្ឃឹមថា ការអនុវត្ត​ពេលវេលា​អនុគ្រោះ​នេះ​នឹង​គាំទ្រ​ដល់​អតិថិជន​របស់​យើង និង​គ្រួសារ​តាមរយៈ​ស្ថានការណ៍​សេដ្ឋកិច្ច​ដ៏ពិបាក​ដែល​បណ្ដាល​មកពី​វិបត្តិ​កូវីដ​ ១៩ ទូទាំង​ពិភពលោក​»​។ លោក​បន្ថែម​ថា រយៈពេល​អនុគ្រោះ​ស្រដៀង​គ្នា​នេះ​មាន​រយៈពេល​ចាប់ពី​ ៣ ​ខែ ដល់​ ៦ ​ខែ​នឹងត្រូវ​ផ្ដល់​ដល់​អតិថិជន​ខ្ចីប្រាក់​លក្ខណៈ​បុគ្គល​ម្ដង​ ១ ​ករណីៗ​។

សេចក្ដី​ប្រកាស​នេះ​ធ្វើឡើង​រយៈពេល​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) ​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួមមួយ​ថា សមាជិក​របស់ខ្លួន​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុង​ការឆ្លើយតប និង​ដើម្បី​គាំទ្រ​អតិថិជន​ដែល​កំពុង​ប្រឈម​ការពិបាក​ក្នុងអំឡុង​នេះ ហើយ​វា​ក៏​ជា​ការឆ្លើយតប​ទៅតាម​ការណែនាំ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) កាលពី​ថ្ងៃទី​ ២៧ ខែ​មីនា ដែល​បាន​ចេញ​សារាចរ​ណែនាំ​ដល់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ស្ដីពី​ការរៀបចំ​ឥណទាន​ឡើងវិញ សម្រាប់​កម្ចី​នៅក្នុង​វិស័យ​អាទិភាព​ ៤ គឺ​ទេសចរណ៍ កាត់ដេរ សំណង់ ដឹកជញ្ជូន និង​ឡូជីស្ទិក​។

លោក ដុស ឌីន បាន​ឲ្យ​ដឹង​ទៀតថា អម្រឹត​នឹង​យកចិត្ត​ទុកដាក់​ជាពិសេស​ដល់​ក្រុម​អ្នក​ខ្ចីប្រាក់​ជា​បុគ្គល​ក្នុង​វិស័យ​ដែល​បាន​កំណត់​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​រួមមាន ទេសចរណ៍ កាត់ដេរ សំណង់ និង​ដឹកជញ្ជូន និង​ផ្នែក​ខ្លះ​នៃ​វិស័យ​កសិកម្ម​ផងដែរ​។

រហូត​មក​ដល់​ពេលនេះ អម្រឹត​បម្រើ​អតិថិជន​ជាង ៥០០ ០០០ ​នាក់​ ដែល​ចាប់ពី​កសិករ​មាន​ប្រាក់ចំណូល​ទាប​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​សម្រាប់​ទាំង​ការផ្ដល់​កម្ចី និង​ប្រាក់​បញ្ញើ​។ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​នេះ​មាន​ទ្រព្យ​សកម្ម​ជាង​​ ១ ០០០ ​លាន​ដុល្លារ និង​ប្រាក់​បញ្ញើ​ជាង ៥០០ ​លាន​ដុល្លារ​អាមេរិក​៕ LA