​ភ្នំពេញៈ ក្រុម​ហ៊ុន​អា​កាស​ចរណ៍​ថ្មី​ពីរ​បន្ថែម​ទៀត ​គ្រោង​នឹង​បើក​ដំណើរ​ការ​សេវា​ហោះ​ហើរ​ក្នុង​ទីផ្សារ​អាកាស​ចរណ៍​កម្ពុជា​នៅ​ចុង​ឆ្នាំ​នេះ ​ខណៈ​ក្រុម​ហ៊ុន​ ៤​ ផ្សេង​ទៀត​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​​ សុំ​វិញ្ញា​បន​បត្រ​ហោះ​ហើរ​​( ​​AOC) ។ នេះ​បើ​យោង​តាម​លោក ​ស៊ិន​ ចាន់​សិរី​វុត្ថា​ អ្នក​នាំ​ពាក្យ​រដ្ឋ​លេខា​ធិការដ្ឋាន​អា​កាស​​ចរណ៍​ស៊ីវិល។

លោក​ ស៊ិន ​ចាន់​សិរី​វុត្ថា​ ថ្លែង​ថា ​ក្រុម​ហ៊ុន​អាកាស​ចរណ៍ ​MJ ​airline ​និង ​ ដំរី​អង្គរ​អ៊ែរ​ឡាញ ​ ទទួល​បាន​​​យល់​ព្រម​ពី​រ​ដ្ឋា​ភិបាល​សម្រាប់​ការចូល​​នៅ​ក្នុង​ឧស្សាហ​កម្ម​អាកាស​ចរណ៍​កម្ពុជា​ បន្ទាប់​ពី​បាន​ដាក់​ពាក្យ​សុំ ​AOC ​ដែល​តាម​ការ​គ្រោង​​ទុក​ ក្រុម​ហ៊ុន​នេះ​គ្រោង​នឹង​ប្រតិ​បត្តិ​ការ​នៅ​ចុង​ឆ្នាំនេះ​ ខណៈ​​ក្រុម​ហ៊ុនអា​កាស​ចរណ៍​៤​ ផ្សេង​ទៀត​កំពុង​ស្ថិត​លើ​​ដំណើរ​ការ​សុំ​ AOC​ ផង​ដែរ​។

លោក​បន្ត​ថា​ ​ក្រុម​ហ៊ុន​អា​កាស​ចរណ៍​ MJ ​airline ​និង​ ដំរី​អង្គរ​អ៊ែរ​ឡាញ ​ ​គឺ​ជា​ការ​វិនិ​យោគ​រួមជា​មួយ​​វិនិ​យោ​គិន​កម្ពុជា ​និង​ចិន​ ។

ក្រុម​ហ៊ុន​អាកាស​ចរណ៍​នេះ​នឹង​​ពឹង​ផ្អែក​លើ​ទី​ផ្សារ​ប្រទេស​ចិន​​ដ៏សំ​ខាន់​។

​លោក​ថ្លែង​ថា​៖ «​តាម​ការ​គ្រោង​ទុក​ ក្រុម​ហ៊ុន​ MJ​ airline ​នឹង​ប្រតិ​បត្តិការ​នៅ​ចុង​ឆ្នាំនេះ​ ហើយ​ក្រុម​ហ៊ុន​អាកា​ស​ចរណ៍​ ​ ដំរី​អង្គរ​អ៊ែរ​ឡាញ ​ នឹង​ប្រតិបត្តិ​ការ​នៅដើម​ឆ្នាំ​ក្រោយ​»។​

លោក​បន្តថា​៖ «​​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ទាំង​ពីរ​នេះ​​ នឹង​ទាក់​ទាញ​ការ​មក​ដល់​ភ្ញៀវទេស​ចរ​ជនជាតិ​ចិន​មក​​​កម្ពុជា​» ។ លោក​បន្ថែមថា ​​ក្រុម​ហ៊ុន​អា​កាស​ចរណ៍​ទាំង​ពីរ​គឺជា​ក្រុម​ហ៊ុន​ហោះ​ហើរ​ទៀត​ទាត់។​​

លោក​បញ្ជាក់​ថា​ បច្ចុប្បន្ន​មាន​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ក្នុង​ស្រុក​ចំនួន​៧​កំពុង​ប្រតិ​បត្តិការ ។ ​លោក​បន្តថា​៖ «​តាម​ចំនួន​នៃ​ការ​ចូល​មក​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ វា​​​ច្រើន​​បន្តិច​ក្នុងការ​ដោះ​ស្រាយ​សម្រាប់ទី​ផ្សារ​អាកាស​ចរណ៍​ ប៉ុន្តែ​វា​ល្អ​ដែល​ យើង​​មាន​ការ​ប្រកួត​ប្រជែង​ដ៏ល្អ​ និង​ផ្ដល់​ជម្រើស​កាន់តែ​ច្រើន​សម្រាប់​អតិ​ថិជន​»។

រដ្ឋ​មន្ត្រី ​ក្រសួង​ទេសច​រណ៍​កាល​ពី​ចុង​សប្តាហ៍មុន​ក៏បាន​អះ​អាង​ថា ក្នុង​រយៈ​ពេល​ ៣ ខែ​ ខាង​មុខ​ទៀត​នឹង​ការ​ហោះ​ហើរ​ត្រង់​ពី​ឥណ្ឌូ​នេស៊ី​មក​ប្រទេស​​កម្ពុជា​ ប៉ុន្តែ​ លោក​មិនបាន​បញ្ជាក់ពី​កាល​បរិច្ឆេទ​ច្បាស់​លាស់​ទេ។ ដំណឹង​នៃការ​ហោះ​ហើរ​ត្រង់​រវាង​កម្ពុជា ​និង​ឥណ្ឌូនេ​ស៊ី​ត្រូវបាន​គេ​លើក​ឡើង​ជា​ច្រើន​ដង​មក​ហើយ​៕​LA