ភ្នំពេញៈ​ ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន Philippines Airlines (PAL) បាន​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​​​ជើង​ហោះហើរ​ថ្មី​ពី​ទីក្រុង​​ម៉ានីល​មក​​រាជធានី​​ភ្នំពេញ​កាល​ពី​ថ្ងៃ​ម្សិលមិញ​។

ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នេះ​មាន​ការ​​ចូល​រួម​ពី​ប្រធាន ​និង​នាយក​ប្រតិបត្តិ​ PAL លោក Jamie​ Bautista​ និង​​ឯក​អគ្គ​រដ្ឋទូត​ហ្វីលីពីន​ប្រចាំ​កម្ពុជា​​ លោក​​ Christopher B. Montero ​​ផង​ដែរ​។

PAL ​​គ្រោង​នឹង​ធ្វើ​ការ​ហោះហើរ​ត្រង់​ពី​ទីក្រុង​ម៉ានីល​មក​កាន់​រាជធានី​ភ្នំពេញ ៥ ជើង​ប្រចាំ​សប្តាហ៍​។ ហើយ​វា​នឹង​ក្លាយជា​ការ​ភ្ជាប់​ផ្លូវ​អាកាស​ដោយ​ត្រង់​លើក​ដំបូង​រវាង​រដ្ឋធានី​ទាំង ២។ ក្រុមហ៊ុន​អាកាសចរណ៍ PAL ​នឹង​ចាប់​ផ្តើម​សេវាកម្ម​របស់​ខ្លួន​ចាប់​ពី​ខែ​មេសា​នេះ​ត​ទៅ។

លោក Bautista បាន​ឲ្យ​ដឹង​ថា៖ «ការ​បើក​ជើង​ហោះហើរ​ថ្មី​នេះ​គឺ​ជា​ដំណើរការ​ដ៏​រីករាយ​បំផុត​មួយ ដែល​វា​នឹង​ជួយ​​បង្កើន​ការ​តភ្ជាប់​ប្រទេស ​កម្ពុជា ​​ទៅ​កាន់​ពិភព​លោក​ទាំង​មូល។ យើង​​ចង់​ជំរុញ​វិស័យ​ទេសចរណ៍ ​និង​ការ​​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​រវាង​ប្រទេស​​យើង​​ទាំង ​២»។

ការ​ហោះហើរ​នឹង​​​ចេញ​ពី​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​​ម៉ោង ១២: ៤៥ នាទី​យប់ ​នៅ​ថ្ងៃ​អង្គារ ពុធ សុក្រ​ សៅរ៍​ និងថ្ងៃ​អាទិត្យ​ ​នឹង​ទៅ​ដល់​​ទីក្រុង​ម៉ានីល​នៅ​​ម៉ោង ០៤:​២០ នាទី​ព្រឹក។ ចំពោះ​ជើង​ហោះហើរ​ត្រឡប់​មក​វិញ​ នឹង​ចាក​ចេញ​ពី​អាកាស​យានដ្ឋាន​អន្តរជាតិ Ninoy Aquino នៃ​ទីក្រុង​ម៉ានីល​នៅ​​ម៉ោង ​១០:១០​ នាទី​យប់​នៅថ្ងៃ ​ចន្ទ​ អង្គារ ព្រហស្បតិ៍ សុក្រ និង ថ្ងៃសៅរ៍ ​ហើយ​នឹង​មក​ដល់​​ភ្នំពេញ​នៅ​​ម៉ោង ​១១:៤៥ ​នាទី​យប់​ក្នុង​ថ្ងៃ​ដដែល។

ជើង​ហោះហើរ ​របស់​​​​ PAL នេះ​នឹង​ប្រើប្រាស់​យន្ដហោះ​ប្រភេទ Airbus A320 ដែល​មាន ១៥៦ កៅអី ​ហើយ​បើ​​មាន​​ការ​គាំទ្រ​ខ្លាំង ​PAL ត្រៀម​ខ្លួន​​រួច​ជា​​​ស្រេច​នឹង​ប្រើប្រាស់​យន្តហោះ​ប្រភេទ ​Airbus A321 ​ដែល​មាន ​១៩៩ ​​កៅអី​។

PAL សង្ឃឹម​ថា ការ​បើក​ដំណើរការ​ជើង​​ហោះហើរ​នេះ​មិន​ត្រឹមតែ​ទាក់ទាញ​​ភ្ញៀវ​ទេសចរ​មក​ពី​​ហ្វីលីពីន​ឲ្យ​មក​ទស្សនា​​​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​​ក៏​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កម្ពុជា​ឲ្យ​ទៅ​ទស្សនា​​ហ្វីលីពីន​ផង​ដែរ។

លើស​ពី​នេះ​ទៀត អ្នក​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ PAL ក៏​អាច​ភ្ជាប់​តាម​ជើង​ហោះហើរ​ក្នុង​ស្រុក​ជា​មួយ​ក្រុមហ៊ុន​អាកាស​ចរណ៍ PAL ​ចេញ​ពី​ទីក្រុង​ម៉ានីល​ទៅ​​គោល​ដៅ​ទេសចរណ៍​ជា​ច្រើន​​ក្នុង​ប្រទេស ​​ហ្វីលីពីន ​បាន​ផង​ដែរ​​៕