ភ្នំពេញ: ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ JC គ្រោង​នឹង​ដំណើរការ​ការហោះហើរ​ថ្មី​រវាង​ទីក្រុង​សៀមរាប​ ទៅ​ទីក្រុង​យ៉ាំងហ្គោន និង Mandalay ប្រទេស​ មីយ៉ាន់ម៉ា​។ នេះ​បើតាម​នាយក​ប្រតិបត្តិ និង​ប្រធាន​ក្រុម​អ្នកបើកបរ​យន្តហោះ​លោក Anupama Pathirana​។

លោក Anupama Pathirana បាន​ប្រាប់​សារព័ត៌មាន​មីយ៉ាន់ម៉ា The Eleven ថា៖ «​យើង​មាន​គម្រោង​ដំណើរការ​ការហោះហើរ​ថ្មី​រវាង​ខេត្ត​សៀមរាប​ទៅ​ទីក្រុង​យ៉ាំងហ្គោន និង Mandalay»​។

ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ទើបតែ​បាន​បើក​ជើងហោះហើរ​ត្រង់​ភ្នំពេញ យ៉ាំងហ្គោន​កាលពី​ថ្ងៃទី​ ១៧ សីហា តាម​យន្តហោះ​ប្រភេទ Airbus A320 ដែល​អាច​ផ្ទុក​អ្នកដំណើរ​ចំនួន ១៨០ នាក់ និង​ហោះហើរ​ ៣ ​ជើង​ក្នុង​មួយ​សប្តាហ៍​។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​ក៏បាន​ហោះហើរ​ពី​ភ្នំពេញ​ទៅ​ទីក្រុង Mandalay តាមរយៈ​ទីក្រុង​ម៉ាកាវ​។

លោក​បន្តថា​៖ «​យើង​បាន​ផ្តល់​សេវាកម្ម​ដល់​អ្នកដំណើរ​ប្រមាណ​ ១ ​លាន​នាក់​ជា​រៀងរាល់​ឆ្នាំ និង​មាន​គម្រោង​ធ្វើការ​ពង្រីក​ក្រុម​យន្តហោះ និង​ការហោះហើរ​ទៀងទាត់​។ សេវាកម្ម​របស់​យើង​គ្របដណ្តប់​ជាង​ ៥០ ​ភាគរយ ​នៃ​ទីផ្សារ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​អាស៊ី​ខាងត្បូង​។ យើង​សង្ឃឹម​ថា​នឹង​ដំណើរការ​ហោះហើរ​ជាង​ ៥០ ​ជើង ​ដែល​មាន​យន្តហោះ​ចំនួន ២០ គ្រឿង ​នៅ​មុន​ឆ្នាំ ២០២០»​។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នក​នាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​ស្វាគមន៍​ចំពោះ​គម្រោង​របស់​ក្រុមហ៊ុន JC ប៉ុន្តែ​លោក​មើល​ឃើញ​ថា ផ្លូវ​ហោះហើរ​នេះ​ហាក់​មាន​ទីផ្សារ​មិនសូវ​ល្អ​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​អត់​ដឹងថា ក្រុមហ៊ុន JC សិក្សា​ទីផ្សារ​យ៉ាងម៉េច​គ្រាន់​តែ​ផ្លូវ​នេះ​កត្តា​ទីផ្សារ​មិនសូវ​ល្អ​នោះទេ​ដោយសារ​ទំនោរ និង​ការទាក់ទាញ​ការធ្វើ​ទេសចរណ៍​កាវិនិយោគ និង​ការធ្វើ​ពាណិជ្ជកម្ម​នៅ​មាន​កម្រិត​នៅ​ឡើយ​»​។

ទោះបី​យ៉ាង​នេះ​ក្តី​លោក​រំពឹង​ថា​គម្រោង​ហោះហើរ​នេះ​នឹង​ជួយ​ជំរុញ​ភ្ញៀវទេសចរ​មីយ៉ាន់ម៉ា​មក​ទស្សនា​ប្រទេស​កម្ពុជា​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មើលឃើញ​ថា​មាន​ផលចំណេញ​ខ្លះ​ក្នុង​វិស័យ​ទេសចរណ៍​ប្រសិន​បើ​គាត់​នាំ​ភ្ញៀវទេសចរ​មក​ច្រើន យើង​នឹង​កើន​ភ្ញៀវទេសចរ និង​ការចាយវាយ​របស់​ភ្ញៀវទេសចរ​»​។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​និយាយ​ថា គម្រោង​ហោះហើរ​នេះ​នឹង​ជួយ​ជំរុញ​កំណើន​ភ្ញៀវទេសចរ​មក​ប្រទេស​កម្ពុជា​តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍ JC នេះ​។ លោក​បន្ថែម​ថា​ជើងហោះហើរ​ក៏​ជួយ​សម្រួល​ដល់​ការដឹក​ទំនិញ​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​នេះ​ជា​គោលដៅ​ហោះហើរ​ទាក់ទាញ​មួយ ព្រោះ​យើង​ចង់បាន​ភ្ញៀវ​មកពី​ប្រទេស​ទី​ ៣ ទៅលេង​ភូមា ហើយ​មកលេង​ស្រុក​ខ្មែរ​យើង​វិញ​ទាំង​នៅ​ក្រុង​ភ្នំពេញ និង​ក្រុង​អង្គរ​សៀមរាប​»​។

លោក ហូ វណ្ឌី សង្កេត​ថា​ភ្ញៀវ​អឺរ៉ុប​ក៏​និយម​ទៅលេង​ប្រទេស​មីយ៉ាន់ម៉ា​ដែរ ហើយ​ការ​ដែលមាន​ជើង​ហោះហើរ​ជាមួយ​កម្ពុជា​នេះ​ក៏​នឹង​ភ្ញៀវ​ទាំង​នោះ​មក​ទស្សនា​កម្ពុជា​ផងដែរ​។ ​លោក​បាន​បន្តថា​៖ «​នៅ​ភូមា​មាន​សហគមន៍​អឺរ៉ុប​ទៅលេង​ដែល​ជា​ឱកាស​មួយ​តភ្ជាប់​ពី​ភូមា​មក​កម្ពុជា​តាម​ក្រុមហ៊ុន​អាកាសចរណ៍ JC»​។

ប៉ុន្តែ​សម្រាប់​លោក ចាន់សិរីវុត្ថា ផ្លូវ​ហោះហើរ​ដែល​មាន​ភាពទាក់ទាញ​ភ្ញៀវទេសចរ​គឺ​ផ្លូវ​ហោះហើរ​ពី​ប្រទេស ​ថៃ ចិន និង​សិង្ហបុរី​៕LA