ភ្នំពេញៈ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​មាន​លទ្ធភាព​តភ្ជាប់​ការហោះហើរ​ទៅកាន់​ទ្វីបអឺរ៉ុប​ និង​តំបន់​មជ្ឈិមបូព៌ា បន្ទាប់ពី​ការពង្រីក​ផ្លូវ​រត់​សម្រាប់​យន្តហោះ​ខ្នាត​ធំ​ចុះចត​ និង​ត្រៀម​ហោះ​ឡើង​បានបញ្ចប់​កាលពី​ដំណាច់ឆ្នាំ​ ២០២០ ​កន្លងមក​ដែល​បើកឱកាស​កាន់តែ​ទូលំទូលាយ​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ទៅកាន់​ខេត្ត​តំបន់​សមុទ្រ​នេះ​។

លោក ខែក នរិន្ទដា នាយក​ផ្នែក​ទូរគមនាគមន៍ និង​ទំនាក់ទំនង​សាធារណៈ​ក្រុមហ៊ុន Cambodia Airports ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ ២៥ ខែកុម្ភៈ​ថា ការពង្រីក​ផ្លូវរត់​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ពី​ប្រវែង ២ ៥៥០ ម៉ែត្រ​ទៅ​ ៣ ៣០០ ​ម៉ែត្រ​នេះ​នឹង​អនុញ្ញាត​ឱ្យ​យន្តហោះ​ខ្នាត​ធំ​ប្រភេទ Airbus A350 និង Boeing B777 អាច​ហោះហើរ​ និង​ចុះចត​បាន​។ លោក​បន្តថា ការបញ្ចប់​ការពង្រីក​ផ្លូវ​រត់​នេះ គឺ​ស្របគ្នា​នឹង​ការកែលម្អ​កន្លែង​ទទួលភ្ញៀវ ខណៈ​ការបំពាក់​ភ្លើង​ឱ្យ​សញ្ញា​យន្តហោះ​ក៏ត្រូវ​បាន​បំពាក់​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​ការធ្វើឱ្យ​ប្រសើរ​ឡើង​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ព្រលានយន្តហោះ​នេះ​គឺ​រួចរាល់​ហើយ ដែល​អនុញ្ញាត​ឱ្យ​ព្រលានយន្តហោះ​ព្រះសីហនុ​អាច​តភ្ជាប់​ទៅកាន់​ទិសដៅ​នានា​នៃ​ទ្វីបអឺរ៉ុប និង​សហភាព​អារ៉ាប់​។ នេះ​បង្ហាញ​អំពី​ការអភិវឌ្ឍ​នៃ​តំបន់ឆ្នេរ​របស់​កម្ពុជា​ផងដែរ​»​។

អភិបាលខេត្ត​ព្រះសីហនុ​លោក គួច ចំរើន បានឱ្យ​ដឹងថា ព្រលាន​យន្ដ​ខេត្ត​ព្រះសីហនុ​ជា​ព្រលានយន្ដហោះ​ដែល​មាន​ប្រវែង​ផ្លូវ​រត់​វែង​មួយ​របស់​កម្ពុជា​។

លោក​និយាយថា​៖ «​វា​នឹង​ជួយ​ទាក់ទាញ​ការវិនិយោគ និង​ការអភិវឌ្ឍ​នៅក្នុង​ខេត្ត​នេះ​បន្ថែមទៀត​»​។

បើតាម​លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ផ្លូវ​រត់​របស់​ព្រលានយន្តហោះ​នេះ​នឹង​ពង្រីក​រហូតដល់ ៣ ៣០០ ម៉ែត្រ​ដែលមាន​សមត្ថភាព​ទទួល​យន្តហោះ​ចត​ចំនួន​ ១៣ ​គ្រឿង​​ នៅក្នុង​ដំណាក់កាល​ទី​១ និង ១៩ ​គ្រឿង ​ក្នុង​ដំណាក់កាល​ទី​២​។ ដំណាក់កាល​ដំបូង​គឺ​ស្ថិតក្នុង​ផែនការ​សម្រាប់​ឆ្នាំ​ ២០២០ ​ដល់​ឆ្នាំ​ ២០៣០​។

លោក​បាន​បន្តថា​៖ «​ការពង្រីក​ផ្លូវ​រត់​នេះ​នឹង​អាច​ទទួល​ស្វាគមន៍​អ្នកដំណើរ​ចំនួន​ ៣,៦ ​លាន​នាក់ នៅ​ដំណាក់កាល​ដំបូង ហើយ​កើន​ដល់​ ៥ ​លាន​នាក់ ​ក្នុង​ដំណាក់កាល​ទី​២ ត្រឹម​ឆ្នាំ​ ២០៤០»​។

ការរឹតបន្តឹង​ការធ្វើដំណើរ​លើ​ពិភពលោក និង​ការរឹតបន្តឹង​លក្ខខណ្ឌ​តម្រូវ​ចូល​ប្រទេស​កម្ពុជា​ ដែល​កំពុងតែ​អនុវត្ត​ជា​ធរមាន (​ពិសេស​មកពី​ប្រទេស​ចិន​) ​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អ្នកដំណើរ​តាមផ្លូវ​អាកាស​ឆ្លងកាត់​ព្រលានយន្តហោះ​អន្តរជាតិ​ទាំង​ ៣ ​នៅ​ប្រទេស​កម្ពុជា​ ធ្លាក់ចុះ​ប្រមាណ ៨១,៣ ភាគរយ ​ក្នុង​រយៈពេល​ពេញ​ ១ ​ឆ្នាំ​ ២០២០​។ ​បើតាម​លោក នរិន្ទដា​។

កាលពី​ឆ្នាំ​ ២០១៩ ចំនួន​អ្នកដំណើរ​ឆ្លងកាត់​ព្រលាន​យន្តហោះ​អន្តរជាតិ​កម្ពុជា​មាន​ជិត​ ១១,៦ លាន​នាក់ ​ក្នុងនោះ​ជាង ៦ ​លាន​នាក់ ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង ៣,៩ លាន​នាក់ ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ និង​ ១,៦ ​លាន​នាក់ ​នៅ​ព្រលានយន្តហោះ​ខេត្ត​ព្រះសីហនុ​៕ LA