The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អាកាស​ចរណ៍​មីយ៉ាន់ម៉ា​បើក​ការ​ហោះ​ហើរ​ជា​ថ្មី​




អាកាស​ចរណ៍​មីយ៉ាន់ម៉ា​បើក​ការ​ហោះ​ហើរ​ជា​ថ្មី​

អាកាស​ចរណ៍​មីយ៉ាន់ម៉ា​បើក​ការ​ហោះ​ហើរ​ជា​ថ្មី​

121203_11
អ្នកបម្រើតាមយន្តហោះអាកាសចរណ៍មីយ៉ាន់ម៉ាអន្តរជាតិ ឈរនៅក្នុងយន្តហោះពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃសៅរ៍

ភ្នំពេញៈ​អាកាស​ចរណ៍​អន្តរជាតិ​មីយ៉ាន់ម៉ា​(MAI)​បាន​ចាប់​ផ្តើម​ការ​ហោះ​ហើរ​ត្រង់​មក​ប្រទេស​កម្ពុជា​ឡើង​វិញ​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​បន្ទាប់​ពី​ពន្យារ​អស់​រយៈ​ពេល​៤ខែ ដោយ​សារ​តម្រូវ​ការ​ភ្ញៀវ​ទេសចរ​ទាប។

MIA​បាន​ចុះ​ចត​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង​៧ និង​១៥​នាទី​យប់ ដោយ​យន្ត​ហោះ​Airbus​320​ជាមួយ​នឹង​អ្នក​ដំណើរ​ជាង​២០​នាក់​។

លោក​YE​JHAN​នាយក​គ្រប់​គ្រង​ប្រចាំ​ប្រទេស​របស់​ក្រុម​ហ៊ុន​MAI​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​សន្និ​សីទ​កាសែត​មួយ​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ថា ការ​ចាប់​ផ្តើម​ហោះ​ហើរ​ឡើង​វិញ​គឺ​ឆ្លុះ​បញ្ចាំង​ពី​ការ​កើន​ឡើង​នៃ​តម្រូវ​ការ​រវាង​ប្រទេស​ទាំង​ពីរ​និង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​កម្ពស់​ទិស​ដៅ​ទេសចរណ៍​រួម​របស់​ប្រទេស CLMV​(កម្ពុជា ឡាវ មីយ៉ាន់ម៉ា​និង​វៀតណាម​) ។

លោក​ថ្លែង​ថា​៖ «MAI​បាន​សម្រេច​ធ្វើ​ការ​ហោះ​ហើរ​មក​កម្ពុជា​ឡើង​វិញ​ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ ឆ្ពោះ​ទៅ​រក​ទិស​ដៅ​ទេសចរណ៍​តែ​មួយ​សម្រាប់​CLMV​និង​ហេតុ​ផល​ជា​ច្រើន​»​។​លោក​បន្ត​ថា MAI​នឹង​ប្រឹងប្រែង​ដើម្បី​រក្សា​ការ​ហោះ​ហើរ​។

លោក​ឡាវ​ហេង ភ្នាក់​ងារ​លក់​របស់​ក្រុម​ហ៊ុន​MAI​នៅ​ភ្នំពេញ​និយាយ​ថា​MAI​បាន​ចាប់​ផ្តើម​ហោះ​ហើរ​២​ដង​ក្នុង​មួយ​សប្តាហ៍​ទៅ​ខេត្ត​សៀមរាប​ហើយ​ក៏​នឹង​បង្កើន​ចំនួន​ជើង​ហោះ​ហើរ​ពី​ពីរ​ជើង​រហូត​ដល់​បួន​ជើង​មក​កាន់​អាកាស​យានដ្ឋាន​អន្តរជាតិ​សំខាន់​ៗ​ពីរ​។

លោក បាន​បន្ត​ថា​៖​«​នេះ​ជា​ចំណុច​ល្អ​ដើម្បី​បង្ហាញ​ថា​ប្រទេស​យើង​ទាំង​ពីរ​នឹង​នៅ​តែ​មាន​សក្តា​នុ​ពល​ក្នុង​វិស័យ​ទេសចរណ៍​ហើយ​យើង​អាច​ដោះ​ដូរ​ពាណិជ្ជកម្ម​បាន​ផង​ដែរ​»​។

លោក​គង​សុភារក្ស​អនុ​ប្រធាន​នាយក​ដ្ឋាន​ស្ថិតិ​នៅ​ក្រសួង​ទេសចរណ៍​បាន​និយាយ​ថា​ចំនួន​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​អាស៊ាន​ទាំង​ពីរ​នៅ​តែ​មាន​កម្រិត​ទាប​នៅ​ឡើយ​ប៉ុន្តែ​លោក​សង្ឃឹម​ថា​ការ​ចាប់​ផ្តើម​និង​ការ​បង្កើន​ការ​ហោះ​ហើរ​ឡើង​វិញ​ជា​សញ្ញា​ល្អ​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​។

លោក​ថ្លែង​ថា​៖​«​យើង​មាន​វប្បធម៌​សាសនា​និង​ការ​រស់​នៅ​របស់​ប្រជាជន​ប្រចាំ​ថ្ងៃ​ដូច​គ្នា​យើង​ក៏​ស្ថិត​នៅ​ក្នុង​តំបន់​តែ​មួយ​ដែល​ជា​ចំណុច​សំខាន់​សម្រាប់​ការ​លើក​កម្ពស់​ទំនាក់​ទំនង​ទេសចរណ៍​និង​សេដ្ឋកិច្ច​នៅ​ថ្ងៃ​អនាគត​។​ការ​ហោះ​ហើរ​ត្រង់​នេះ​ក៏​នឹង​ជំរុញ​លំហូរ​វិនិយោគ​និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​យើង​ទាំង​ពីរ​ផង​ដែរ​»​។

លោក​YE​JHAN​បាន​ឲ្យ​ដឹង​ថា​អាកាសចរណ៍​MAI​បច្ចុប្បន្ន​ប្រតិ​បតិ្តការ​យន្ត​ហោះ​Airbus​A320​ចំនួន​៧ និង​A319​មួយ​គ្រឿង​។

ពេល​នេះ​ក្រុម​ហ៊ុន​នឹង​ហោះហើរ​ទៅ​មក​យ៉ាំងហ្គោន-ភ្នំពេញ​ពីរ​ជើង​ក្នុង​មួយ​សប្តាហ៍ និង​យ៉ាំងហ្គោន-សៀមរាប​ពីរ​ជើង​ក្នុង​មួយ​សប្តាហ៍​ប៉ុន្តែ​ចំនួន​នេះ​នឹង​ត្រូវ​បង្កើន​នៅ​ពេល​មាន​តម្រូវ​ការ​ខ្ពស់​។

ចំនួន​អ្នក​ទេសចរ​មីយ៉ាន់ម៉ា​មក​កម្ពុជា​ក្នុង​រយៈ​ពេល​៨ខែ​ឆ្នាំ​នេះ​បាន​កើន​ឡើង​១២​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​។

បើ​ទោះបី​យ៉ាង​នេះ​ក្តី​ចំណែក​ទីផ្សារ​ទេសចរណ៍​មីយ៉ាន់ម៉ា​នៅ​កម្ពុជា​នៅ​តែ​ទាប​គឺ​០,១​ភាគ​រយ​ប៉ុណ្ណោះ​បើ​ធៀប​នឹង​សមាជិក​អាស៊ាន​ផ្សេង​ទៀត​៕ SS

អត្ថបទគួរចាប់អារម្មណ៍