ភ្នំពេញៈ ម៉ោងប្រមាណ ៩ ព្រឹក ខណៈកំពុងទទួលទានអាហារពេលព្រឹក ម្ចាស់ហាងលក់ទំនិញម្នាក់នៅទីក្រុងភ្នំពេញបានស្រែកប្រាប់ពីតម្លៃទំនិញជាភាសាខ្មែរ និងភាសាចិនទៅកាន់អតិថិជនដែលបានចូលមកហាងរបស់គាត់មុនថ្ងៃចូលឆ្នាំចិន ១ ថ្ងៃ។
មនុស្សជាច្រើនបានមកឈរត្រៀបត្រានៅជុំវិញទំនិញពណ៌ក្រហម និងពណ៌មាស ដែលដាក់តាំងបង្ហាញនៅក្នុងហាងលក់របស់គាត់។
ជាមួយនឹងកាយវិការផង និងនិយាយប្រាប់អតិថិជនដែលកំពុងត្រៀមរៀបចំអបអរបុណ្យចូលឆ្នាំប្រពៃណីចិនផងនោះ ខណៈអ្នកសារព័ត៌មានសួរសំណួរខ្លះអំពីអាជីវកម្មរបស់គាត់ ម្ចាស់ហាងលក់ទំនិញរូបនេះបានឲ្យដឹងថា៖ «ខ្ញុំរវល់ណាស់»។ គាត់រវល់លក់ទំនិញដែលគេយកទៅប្រើប្រាស់សម្រាប់ពិធីបុណ្យចូលឆ្នាំនេះ។
គ្រួសារពលរដ្ឋទូទៅនៅទូទាំងប្រទេសបានជួបជុំគ្នាកាលពីថ្ងៃម្សិលមិញដើម្បីរៀបចំសែនដូនតារបស់ខ្លួនតាមរយៈការរៀបចំសំណែនជាជ្រូក និងផ្លែឈើ ការរៀបចំតុបតែងផ្ទះ និងដុតក្រដាសសែនសុំសំណាងល្អនៅបុណ្យចូលឆ្នាំចិននេះ ខណៈនិន្នាការនេះត្រូវបានគេមើលឃើញថា បាននិងកំពុងជះឥទ្ធិពលនៅទូទាំងប្រទេសកម្ពុជាទៅហើយដោយគេសង្កេតឃើញថា ភាគច្រើនពលរដ្ឋខ្មែរបានបង្ហាញថា ពួកគេជាប់សែស្រឡាយចិន។
ដោយសារទំនោររបស់ពលរដ្ឋកម្ពុជាចំពោះប្រទេសចិនបានបន្តរីករាលដាលនាពេលថ្មីៗនេះ ចំណាប់អារម្មណ៍ក្នុងការអបអរបុណ្យចូលឆ្នាំចិនទំនងជាមានកម្រិតកាន់តែខ្ពស់នៅប្រទេសនេះ ហើយក្រុមហ៊ុនក្នុងស្រុកកំពុងប្រមូលប្រាក់ចំណេញពីការលក់ទំនិញដែលបានកើនឡើងសម្រាប់ការអបអរពិធីបុណ្យចូលឆ្នាំនេះ។
សញ្ញានៃការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំចិននេះត្រូវបានគេមើលឃើញមាននៅគ្រប់ទីកន្លែង គ្រប់ច្រកល្ហកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះដូចជាការដាក់តាំងបង្ហាញផ្កាពណ៌លឿងលក់តាមចិញ្ចើមផ្លូវ គោមពណ៌ក្រហម និងពណ៌មាស បន្តោងពីកន្លែងខ្ពស់ និងការផ្លាស់ប្តូររូបរាងហាងមួយចំនួន និងឧបករណ៍តុបតែងផ្ទះសម្រាប់អបអរពិធីបុណ្យចូលឆ្នាំចិននេះ។
ហាងលក់ទំនិញមួយចំនួនបានចាប់ផ្តើមផ្លាស់ប្តូររូបរាង និងកែលម្អមួយខែមុនបុណ្យចូលឆ្នាំចិន ដែលជាសញ្ញាប្រាប់ថា ពួកគេត្រៀមខ្លួនរួចរាល់ហើយដើម្បីស្វាគមន៍ពិធីនេះ។
លោក លី ម្ចាស់ហាងលក់ទំនិញ ហាក់ សេង ហុង តាមធម្មតាលក់រូបសំណាកព្រះពុទ្ធគ្រប់ខ្នាត និងទម្រង់ តែរូបសំណាករបស់គាត់ត្រូវបានខ្ចប់ទុក ដោយជំនួសមកវិញនូវស្រោមសំបុត្រអំពូលភ្លើង និងចង្កៀងគោមបែបចិនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
លោកមានប្រសាសន៍ថា៖ «ជានិច្ចកាលការលក់ទំនិញដាច់បានច្រើនក្នុងអំឡុងបុណ្យចូលឆ្នាំចិន ច្រើនជាងពេលផ្សេងៗ»។
លោកបានបន្តថា៖ «ប្រាក់ចំណូលរបស់ខ្ញុំពីការលក់ទំនិញនៅរដូវបុណ្យចូលឆ្នាំចិននេះអាចស្មើនឹងប្រាក់ចំណេញក្នុងរយៈពេល ៣ ឬ ៤ ខែនៅក្នុងហាងរបស់ខ្ញុំក្នុងរយៈពេលសេសសល់ក្នុងឆ្នាំនេះ»។

ការភ័យខ្លាចពីទំនុកចិត្តរបស់អតិថិជនដែលបានធ្លាក់ចុះនៅកម្ពុជា បាននិងកំពុងកើនឡើងក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ដោយសារភាពតានតឹងផ្នែកនយោបាយដែលកំពុងកើនឡើងក្នុងការត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជាតិបានជំរុញឲ្យក្រុមអ្នកវិភាគរំពឹងពីបំណុលរបស់ប្រជាជនក្នុងស្រុកក្នុងការចំណាយ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Kantar TNS Cambodian Life ប្រចាំឆ្នាំ ២០១៧ បានបង្ហាញថា ពលរដ្ឋកម្ពុជាមិនសូវរីករាយដូចមុនទេកាលពីឆ្នាំ ២០១៧ បើទោះជាមានប្រាក់ចំណូលជាមធ្យមខ្ពស់ជាងឆ្នាំមុនៗក្តី ដោយបានធ្វើឲ្យមនុស្សមួយចំនួនរំពឹងថា ទំនុកចិត្តអតិថិជនទំនងជានឹងធ្លាក់ចុះ។
ប៉ុន្តែការលក់ទំនិញនៅរដូវបុណ្យចូលឆ្នាំចិនទំនងជាមិនរងផលប៉ះពាល់នោះទេ។
លោក កន ម៉ៅ ជាអ្នកលក់ជ្រូកខ្វៃបានចាប់ផ្តើមទទួលការបញ្ជាទិញនៅមុនថ្ងៃបុណ្យចូលឆ្នាំចិននៅដើមខែមករាមកតាំងពីទទួលបានការបញ្ជាទិញក្នុងឆ្នាំនេះបានច្រើនជាងឆ្នាំមុន ៥០ ភាគរយដោយលោកអាចលក់ជ្រូកបានសរុបចំនួន ១៥ ០០០ ក្បាល។
ខណៈដែលការអបអរបុណ្យចូលឆ្នាំចិននេះមានរយៈពេល ១៥ ថ្ងៃ ពលរដ្ឋខ្មែរភាគច្រើនអបអរតែរយៈពេល ៣ ថ្ងៃនៃការចូលឆ្នាំថ្មី ហើយលោក ម៉ៅ ត្រូវតែដឹកជ្រូកទាំង ១៥ ០០០ ក្បាលមកក្នុងរយៈពេល ១ សប្តាហ៍ចុងក្រោយដើម្បីផ្គត់ផ្គង់តម្រូវការ។
លោកថ្លែងថា៖ «មនុស្សជាច្រើនគិតថា ពួកគេអបអរសាទរបុណ្យចូលឆ្នាំចិននេះដើម្បីឲ្យគ្រួសារគេមានវិបុលភាពជាបន្ត ដូច្នេះពួកគេនឹងចំណាយប្រាក់បន្ថែម»។
លោកបានបន្តថា៖ «ដោយពុំមានពិធីបែបនេះ ខ្ញុំអាចលក់ជ្រូកខ្វៃបានត្រឹមតែប្រមាណ ២ ពាន់ក្បាលប៉ុណ្ណោះក្នុងមួយខែ តែការលក់របស់ខ្ញុំក្នុងមួយសប្តាហ៍ក្នុងអំឡុងចូលឆ្នាំចិន មានកម្រិតខ្ពស់ស្មើនឹងការលក់ពេលធម្មតារយៈពេល ៦ ខែ»។
បើទោះជាមានតម្រូវការខ្ពស់ក្តីលោក ម៉ៅ បានឲ្យដឹងថាលោកពុំបានដំឡើងថ្លៃដើម្បីបង្កើនប្រាក់ចំណេញនៅក្នុងអំឡុងរដូវបុណ្យទាននោះទេ។
អ្នកស្រី កន តុលា បានបញ្ជាក់ថាអាជីវកម្មលក់ជ្រូករបស់អ្នកស្រីជាធម្មតាកើនឡើងនៅក្នុងអំឡុងរដូវបុណ្យចូលឆ្នាំចិនក្នុងឆ្នាំនេះធៀបនឹងឆ្នាំចាស់ ដោយការបញ្ជាទិញជ្រូកខ្វៃបានកើនឡើងជិត ៣ ដងដល់ជិត ១ ៥០០ ក្បាលក្នុងសប្តាហ៍នេះ។ អ្នកស្រី កន តុលា បានប្រាប់ឲ្យដឹងទៀតថាតាមធម្មតា អ្នកស្រីលក់បានត្រឹមតែ ៣០ ក្បាលប៉ុណ្ណោះក្នុងមួយខែ។
អ្នកស្រី កន តុលា បាននិយាយថា៖ «ឆ្នាំនេះខ្ញុំទទួលបានការបញ្ជាទិញច្រើនពីអតិថិជន ខ្ញុំអាចទទួលបានប្រាក់ចំណេញពីការលក់ជ្រូកខ្វៃពី ៥ ទៅ ១០ ដុល្លារក្នុងមួយក្បាល»។
មិនត្រឹមតែអាជីវកម្មលក់ជ្រូកខ្វៃប៉ុណ្ណោះទេ ដែលកំពុងកើនឡើងនោះ អ្នកលក់ផ្លែឈើ ក៏មានការមមាញឹកខ្លាំងផងដែរក្នុងឆ្នាំនេះ។
លោក ផាន សារិទ្ធិ ម្ចាស់ហាងលក់ផ្លែឈើយីហោ ស្រីមុំ បានឲ្យដឹងថា ការលក់របស់លោកបានកើនឡើងខ្លាំងក្នុងសប្តាហ៍នេះ។ លោកជឿជាក់ថាប្រាក់ចំណេញរបស់លោកនឹងកើនឡើងក្នុងឆ្នាំនេះច្រើនជាងឆ្នាំមុន។
លោកបានបន្តថា ដោយសារទំនិញរបស់លោកមានតម្លៃសមរម្យលោកទើបតែបានចាប់ផ្តើមទទួលការដឹកជញ្ជូនផ្លែឈើកាលពីដើមសប្តាហ៍នេះប៉ុណ្ណោះ ហើយមានការមមាញឹកខ្លាំងក្នុងការលក់ផ្លែឈើ ដើម្បីទាញយកប្រយោជន៍ពីតម្រូវការដែលបានកើនឡើងនេះពីពិធីនេះ។
លោកបាននិយាយថា៖ «យើងបានដាក់បុគ្គលិកបន្ថែមក្នុងសប្តាហ៍នេះ ដើម្បីបម្រើអតិថិជនដែលមានចំនួនច្រើន។ ឥឡូវនេះយើងពិតជារវល់ណាស់ យើងលក់ចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ១០ យប់»៕ BP