ភ្នំពេញៈ ទីក្រុង​ភ្នំពេញ​កំពុង​មើល​ឃើញ​ពី​កំណើន​នៃ​អាជីវកម្ម​ក្រៅ​ប្រព័ន្ធ​បង្កើត​ឡើង​ដោយ​ជនជាតិ​ចិន ​បន្ទាប់​ពី​ក្រុង​ព្រះសីហនុ​។​

លំហូរ​ចូល​ជនជាតិ​ចិន​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ​បាន​ក្លាយ​ជា​​របៀបវារៈ​នៃ​ការ​ជជែក​យ៉ាង​ក្តៅ​គគុក​ក្នុង​ចំណោម​សាធារណជន​ទាំង​វិជ្ជមាន ​និង​អវិជ្ជមាន​។

តំបន់​​កោះ​ពេជ្រ ​ផ្សារ​ធំ​ថ្មី ​មុខ​ព្រលាន​​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ​ផ្សារ​អូរឫស្សី ​ផ្សារ​រតនា​ផ្លាហ្សា ​និង​ផ្សារ​សុវណ្ណា​ជា​ដើម​ ត្រូវ​បាន​គេ​ឃើញ​មាន​ជនជាតិ​ចិន​ជា​ច្រើន​កំពុង​រស់នៅ ​និង​បើក​របរ​ក្រៅ​ប្រព័ន្ធ​តូចៗ​។​

អ្នកស្រី ​សុខ ​ម៉ៅ ​អាជីវករ​លក់​គ្រឿង​ទេស​ក្នុង​ផ្សារ​ធំ​ថ្មី បាន​និយាយ​ថា ​ផ្សារ​ធំ​ថ្មី​តែង​មាន​ជនជាតិ​ចិន​មក​ទិញ​ទំនិញ​ បន្លែ ត្រី​សាច់​ជា​ប្រចាំ​ ហើយ​​ចំនួន​នេះ​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​។

អ្នកស្រី​ប្រាប់​ថា ​បច្ចុប្បន្ន​នៅ​ផ្នែក​ខាង​លិច​ផ្សារ​ធំ​ថ្មី មាន​តូប​លក់​ទំនិញ​របស់​ជនជាតិ​ចិន​ចំនួន​ ៣ ​កំពុង​បើក​ដំណើរការ​ដោយ ​២ ​ជា​តូប​លក់​គ្រឿង​ទេស ​និង ​១ ​ទៀត ​លក់​គ្រឿង​សមុទ្រ​។ អ្នក​ស្រី​បាន​និយាយ​ថា៖ ​«​ពួក​គេ​ទិញ​​តែ​គ្នា​គេ​ទេ ​ដោយសារ​មិន​ចេះ​ភាសា​​ចិន​ ដូច្នេះ​​ពួក​គេ​មិន​ទិញ​ទំនិញ​របស់​ខ្ញុំ​ទេ។ ម៉្យាង​ពួក​ចិន ក៏​ចូល​ចិត្ត​ទិញ​ទំនិញ​ពី​ចិន​គ្នា​គេ​ដែរ»។

អាជីវករ​ផ្សេង​ទៀត​ ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​ថ្លែង​ថា ជាមួយ​នឹង​កំណើន​ជនជាតិ​ចិន​ដែល​មាន​កាន់​តែ​ច្រើន​​ក្នុង​រាជធានី​ភ្នំពេញ ​អ្នកស្រី​តថា នឹង​មាន​ជនជាតិ​ចិន​​កាន់​តែ​ច្រើន​មក​លក់​ទំនិញ​ក្នុង​ផ្សារ​ធំ​ថ្មី។

អ្នកស្រី​បន្ត​ថា៖​ «ខ្ញុំ​មិន​សូវ​ជា​ចាប់​អាម្មណ៍​ចំពោះ​ពួក​ចិន​ទេ តែ​ប្រសិន​បើ​ពួក​ចិន​ ចូល​មក​បើក​តូប​ហាង​លក់​​ច្រើន​​នោះ​ វា​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីវករ​ខ្មែរ​នៅ​​នេះ​ផង​ដែរ»។

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹង​កំណត់​អំពី​ការងារ​មួយ​ចំនួន​​​ហាម​​​ជន​បរទេស​ដែល​មក​រស់នៅ​​​កម្ពុជា​មិន​ឲ្យ​​ធ្វើ​ឡើយ ​​ពិសេស​អាជីវកម្ម​ខ្នាត​តូច​ ឬ​ជា​លក្ខណៈ​គ្រួសារ​​ ព្រោះ​ដើម្បី​ការពារ​​ការ​ដណ្តើម​​ទីផ្សារ​ពី​ពលរដ្ឋ​ខ្មែរ។

ជាមួយ​នឹង​​បណ្តុះ​នៃ​សណ្ឋាគារ​ ភោជនីយដ្ឋាន​ កាស៊ីណូ​ និង​ហាង​លក់​ទំនិញ​ចិន​ជា​ច្រើន​ តំបន់​ជុំវិញ​កោះ​ពេជ្រ​បច្ចុប្បន្ន​ ប្រៀប​បាន​នឹង​កូន​ទីក្រុង​មួយ​​របស់​ជនជាតិ​ចិន​អ៊ីចឹង​។

អ្នកស្រី ​ចាន់ សុខមុំ ​អ្នក​លក់​ភេសជ្ជៈ​ចល័ត​តាម​រទេះ​នៅ​ក្បែរ​សណ្ឋាគារ​ Toyoko Inn ​បាន​ថ្លែង​ថា នៅ​​ពេល​រាត្រី​ តំបន់​នេះ​ប្រៀប​ដូច​ជា​ទីក្រុង​ចិន​ដោយ​មាន​ជនជាតិ​ចិន​ជា​ច្រើន​ធ្វើ​ដំណើរ​ស្ទើរ​​ពេញ​ផ្លូវ​រហូត​ដល់​មេឃ​ជិត​ភ្លឺ​។

អ្នកស្រី​​​អះអាង​ថា៖​ «ខ្ញុំ​មិន​ដឹង​ថា​ពួ​ក​គេ​មក​ពី​កន្លែង​ណា​ខ្លះ​ទេ តែ​ពេល​យប់​​ ទីនេះ​ពិត​ជា​មាន​ជនជាតិ​ចិន​ច្រើន​​ណាស់»។ មិន​អាច​ទាក់ទង​មន្ត្រី​សាលា​រាជធានី​ដើម្បី​បញ្ជាក់​ពី​ទិន្នន័យ​ចំនួន​អាជីវកម្ម​ ដែល​ដំណើរការ​ដោយ​ជនជាតិ​ចិន​​បាន​ទេ​ ប៉ុន្តែ​មិន​ខុស​ពី​ក្រុង​ព្រះសីហនុ​ឡើយ នៅ​​កោះពេជ្រ ​និង​តំបន់​ជុំវិញ គេ​ឃើញ​​​មាន​អាជីវកម្ម​ក្រៅ​ប្រព័ន្ធ​តូចៗ​ជា​ច្រើន​កំពុង​ដំណើរការ​ដោយ​ជនជាតិ​ចិន​ ​រួម​មាន​ហាង​កាត់​សក់ ហាង​ម៉ាស្សា​ ហាង​ជួសជុល​ទូរស័ព្ទ​ រហូត​ដល់​​ហាង​លក់​គ្រឿង​ទេស​ជា​ដើម។ ​

ទិន្នន័យ​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​បង្ហាញ​កាល​ពី​ដើម​ខែ​កក្កដា​ថា អាជីវកម្ម​ជាង ​៩០ ​ភាគរយ ​នៅ​ក្រុង​ព្រះសីហនុ​នាពេល​បច្ចុប្បន្ន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន រាប់​ចាប់​តាំង​ពី​សណ្ឋាគារ ​កាស៊ីណូ ​ភោជនីយដ្ឋាន ​រហូត​ដល់​ហាង​ម៉ាស្សា ​។

របាយការណ៍​បង្ហាញ​ថា មាន​សណ្ឋាគារ ​និង​ផ្ទះ​សំណាក់​ចំនួន ១៥៦ ​​កន្លែង​ ក្នុង​នោះ ១៥០ ​កន្លែង ​​​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន។ ចំណែក​កាស៊ីណូ​មាន​ចំនួន ​៦២ ​កន្លែង ​​វិនិយោគ​​ដោយ​ជនជាតិ​ចិន​ចំនួន ​៤៨ ​កន្លែង ក្លិប​កម្សាន្ត​ខារ៉ាអូខេ​ មាន​ចំនួន ​៤១ ​កន្លែង​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន ហាង​ម៉ាស្សា​ចំនួន ៤៦ កន្លែង​ គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ និង​មាន​ភោជនីយដ្ឋាន​សរុប​ចំនួន ​៤៣៦​ កន្លែង​​​ក្នុង​នោះ​ ៩៥ ​ភាគរយ​ ត្រូវ​បាន​គ្រប់គ្រង​​ដោយ​​ជនជាតិ​​ចិន ។

សេវា​លក់​រាយ​ទាំង​នេះ ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បម្រើ​ដល់​ជនជាតិ​ចិន​ ពិសេស​កម្មករ​សំណង់​ចិន​រាប់​រយ​នាក់​នៅ​តាម​ការដ្ឋាន​សំណង់​ដែល​វិនិយោគ​ដោយ​ចិន ​។​

ជាមួយ​នឹង​វត្តមាន​ហាង​ចិន​ថ្មីៗ ព្រម​ទាំង​នៅ​មិន​ឆ្ងាយ​ពី​មជ្ឈមណ្ឌល​កម្សាន្ត ល្បែង​ Naga អ្នកស្រី​ សុខមុំ ​គិត​ថា ចំនួន​ជនជាតិ​ចិន​នៅ​តំបន់​នេះ​នឹង​កើន​ឡើង​កាន់​តែ​​ច្រើន​នៅ​ពេល​ខាង​មុខ ពិសេស​បន្ទាប់​ពី​សំណង់​អគារ​ថ្មីៗ​នៅ​ក្បែរ​នោះ​បើក​ដំណើរការ ​។

អ្នកស្រី​ សុខមុំ ​និយាយ​ថា៖​ «ខ្ញុំ​ឃើញ​មាន​ជនជាតិ​ចិន​ជា​ច្រើន​ចុះ​ពី​កន្លែង​ស្នាក់នៅ​ក្បែរៗ​នេះ ធ្វើ​ដំណើរ​ទៅ Naga ជា​រៀងរាល់​យប់​» ។

លោក​ សៅ ​សុជាតិ ​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​ ​ដែល​កំពុង​រង់ចាំ​ដឹក​ភ្ញៀវ​នៅ​ក្បែរ​អគារ The Bridge បាន​ឲ្យ​ដឹង​ថា​​លោក​​តែងតែ​ឈប់​រង់ចាំ​ដឹក​ភ្ញៀវ​ចិន​នៅ​ទីនោះ។ លោក​ថ្លែង​ថា៖ «​មាន​ជនជាតិ​ចិន​ខ្លះ​ បាន​ឲ្យ​លុយ​ខ្ញុំ​ច្រើន​​ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​មក​នេះ»។

នៅ​ឆ្នាំ ២០១៩​ នេះ​ កម្ពុជា​រំពឹង​ថា​ នឹង​​​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​ចិន​ប្រមាណ​ ២,៦ ​លាន​នាក់ ​និង​ប្រមាណ ៣ ​លាន​នាក់​ នៅ​ឆ្នាំ​ ២០២០ ហើយ ៥ ​លាន​នាក់ ​នៅ​ឆ្នាំ​ ២០២៥ ​និង​ប្រមាណ ៨ ​លាន​នាក់​នៅ​ឆ្នាំ​ ២០៣០៕ ​LA