ភ្នំពេញៈ ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ជា​សមាគម​ដែល​តំណាង​ស្រ្តី​ជា​អ្នក​ដឹកនាំ​ក្នុង​វិស័យ​ធុរកិច្ច​។ ​គោល​ដៅ​របស់​សមាគមគឺ នាំ​យក​នូវ​កត្តា​ប្រឈម ​ឬ​បញ្ហា​ទៅ​ដល់​រដ្ឋាភិបាល ​និង​បណ្តាញ​ព័ត៌មាន ​ដើម្បី​ជួយ​ជំរុញ​នូវ​ការ​រីក​ចម្រើន​ដល់​វិស័យ​ធុរកិច្ច​ ដែល​ពាក់ព័ន្ធ​នឹង​ស្ត្រី ​ព្រម​ទាំង​ផ្តល់​នូវ​​បណ្តាញ​អាជីវកម្ម ​សម្រាប់​ម្ចាស់​អាជីវកម្ម​ស្រ្តី​ដែល​មាន​ឥទ្ធិពល​ជំរុញ​ឲ្យ​មាន​ការ​រីក​ចម្រើន​យ៉ាង​លឿន​ និង​ខ្លាំងក្លា​ដល់​​សេដ្ឋកិច្ច​។

លោស្រី អេង លីគួង ​ជា​ប្រធាន​សមាគម​សហគ្រិន​ស្រ្តី ​កម្ពុជា និង​ជា​ម្ចាស់​គ្លីនិក​ធ្មេញ Mastercare បាន​ផ្តល់​បទ​សម្ភាស​ជា​មួយ​អ្នក​យក​​ព័ត៌មាន​​កាសែត​​ភ្នំពេញ​ប៉ុស្ដិ៍​ ដើម្បី​បង្ហាញ​ពី​​ដំណើរ​ការ​របស់​សមាគម ​ស្ថានភាព ​អាជីវកម្ម​ស្ត្រី ​និង​ការ​រីក​ចម្រើន​នៅ​​ក្នុង​សេដ្ឋកិច្ច ។

តើ​លោក​ស្រី​អាច​បង្ហាញ​ពី​ដំណើរ​របស់​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា​កន្លង​មក​ និង​បច្ចុប្បន្ន​ភាព​បាន​ទេ​?

ដូច​ជា​យើង​បាន​ដឹង​កន្លង​មក​ហើយ ​សមាគម​សហគ្រិន​កម្ពុជា​​ជា​តំណាង​ស្ត្រី​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​វិស័យ​ធុរកិច្ច​ ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១១​ ដោយ​មាន​ការ​គាំទ្រ​ដោយ​​ធនាគារ​ពិភព​លោក ​និង​ក្រសួង​កិច្ច​ការ​នារី។​​

បេសកកម្ម ​និងទស្សនៈ​ របស់​សមាគម​របស់​យើង ​គឺ​គាំទ្រ​ការ​កើន​ឡើង​នូវ​ម្ចាស់​អាជីវកម្ម​ដែល​ជា​ស្រ្តី​នៅ​កម្ពុជា​។​ សហគ្រិន​ស្ត្រី ​និង​បង្កើត​ជា​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស ​កម្ពុជា​។ ​បច្ចុប្បន្ន​នេះ ​យើង​មាន​សមាជិក​លើស​ពី ​៥០០ ​សហគ្រិន​ស្ត្រី​ដែល​បាន​ចុះ​បញ្ជី​ជា​មួយ​សមាគម​ ហើយ​ចំនួន​នេះ​បាន​បន្ត​កើន​ឡើង​ជា​រៀងរាល់​ខែ។​

តើ​ស្ថានភាព​អាជីវកម្ម​​​គ្រប់គ្រង​ស្រ្តី ​មាន​ដំណើរ​អភិវឌ្ឍ​យ៉ាង​ដូច​ម្តេច​នា​ពេល​បច្ចុប្បន្ន​?

សហគ្រិន​ស្រ្តី​បច្ចុប្បន្ន​មាន​ការ​យល់​ដឹង​ល្អ​ប្រសើរ​ជាង​កាល​ពី​មុន​ ការ​យល់​ដឹង​ពី​ការ​ទំនាក់ទំនង​ជា​មួយ​បណ្តាញ​អាជីវកម្ម សង្គម និង​ការ​អភិវឌ្ឍ​​អាជីវកម្ម​ដើម្បី​ឈាន​ទៅ​​ទីផ្សារ​មាន​លក្ខណៈ​ល្អ​ប្រសើរ​​ច្រើន​។ ​បន្ទាប់​ពី​ពួក​គាត់​​បាន​ចូល​រួម​ជា​មួយ​យើង​ ស្ត្រី​ជា​សហគ្រិន​អាច​រៀន​សូត្រ​ពី​បទពិសោធ ​និង​ ស្វែងយល់​ពី​អ្វី​ដែល​ថ្មី​ៗ​ ដើម្បី​ច្នៃប្រឌិត នូវ​​អាជីវកម្ម​របស់​ពួក​គាត់​​។ ​

នៅ​ទី​នេះ ​គឺ​ជា​កន្លែង​ប្រមូល​​ផ្តុំ​នូវ​បណ្តាញ​អាជីវកម្ម ​សមាជិក​របស់​យើង​អាច​រៀន​សូត្រ​ពី​វាគ្មិន ​និង​អ្នក​ជំនាញ​ដែល​អាច​ជំរុញ​ភាព​ជឿជាក់ ភាព​ជា​ម្ចាស់​ការ និង​ការ​ចាប់​ដៃគូ អាជីវកម្ម​។​

តើ​​អី្វ​ទៅ​ជា​កត្តា​ប្រឈម​របស់​​ស្រ្តី​ ហើយ​តើ​យើង​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ណា?​

យើង​មើល​ឃើញ​ថា ​សហគ្រិន​ស្រ្តី​នៅ​ទីក្រុង​ភ្នំពេញ​មាន​ការ​ច្នៃប្រឌិត​ខ្ពស់ ​និង​បត់បែន​បាន​ច្រើន ប៉ុន្តែ​កត្តា​ប្រឈម​នៅ​តែ​មាន​នៅ​តាម​ខេត្ត​ និង​តំបន់​ជាយ​ក្រុង ​ ដែល​ពួក​គាត់​មាន​ការ​ប្រឈម​នឹង​កាតព្វកិច្ច​កិច្ច​ការ​ផ្ទះ ​ចំណេះ​ដឹង​នៅ​មាន​កម្រិត​ហើយ​ខ្វះ​ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ​។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​យើង​នៅ​តែ​បន្ត​ការ​លើក​កម្ពស់​សហគ្រិន​ស្រ្តី ​យើង​កំពុង​តែ​ធ្វើ​បទ​បង្ហាញ​ពី​សមាគម​របស់​យើង នៅ​ខេត្ត​មួយ​ចំនួន​ ដូច​ជា ​ខេត្ត​សៀមរាប​ បាត់ដំបង​ មណ្ឌគិរី ​និង ​ខេត្ត​កំពង់ចាម។​​ យើង​កំពុង​រៀបចំ​ផែនការ​ដើម្បី​ឈាន​ទៅ​​សហគ្រិន​ស្ត្រី​នៅ​ជនបទ និង​​ជួយ​រក​ដំណោះ​ស្រាយ​បញ្ហា​របស់​គាត់​។

តើ​សមាគម​សហគ្រិន​ស្ត្រី​យល់​ឃើញ​យ៉ាង​ដូច​ម្តេច ​ចំពោះ​​​ការ​តម្រូវ​ឲ្យ​មាន​ការ​​ចុះ​បញ្ជី​របស់​រដ្ឋាភិបាល​?

ផ្អែក​ទៅ​តាម​ការ​អង្កេត​របស់​យើង ​សហគ្រិន​ស្រ្តី​មាន​ការ​ស្ម័គ្រ​​ចិត្ត និង​គាំទ្រ​តាម​​​ច្បាប់ ​ចំពោះ​ការ​ចុះ​បញ្ជី​អាជីវកម្ម និង​​កាតព្វកិច្ច​ពន្ធ ប៉ុន្តែ​សហគ្រិន​​ពី​ជំនាន់​មុន ​ពួក​គាត់​នៅ​មាន​ការ​ស្ទាក់ស្ទើរ​ចំពោះការ​ចាប់​ផ្តើម ​ពី​ព្រោះ​ពុំ​មាន​ទំនុក​ចិត្ត​ខ្លាំង ​ខណៈ​​​ពួក​គាត់​​មាន​ភាព​ស្មុគស្មាញ ​និង​កាតព្វកិច្ច​ច្រើន​ចំពោះ​នីតិវិធី ​ដូច​ជា​ការ​​តម្រូវ​ឲ្យ​មាន​ការ​ចុះ​បញ្ជី​ ការ​បង់​ពន្ធ។​ ចំណុច​ប្រឈម​របស់​ពួក​គាត់​គឺ​ចំណេះ​ដឹង​នៅ​មាន​កម្រិត​​ដើម្បី​បំពេញ​ពាក្យ​ និង​នីតិវិធី​ផ្សេងៗ​ទៀត។ ​

ប៉ុន្តែ​ចំពោះ​សហគ្រិន​ជំនាន់​ថ្មី​មាន​ការ​​យល់​​ដឹង​ច្រើន​ពី​អត្ថប្រយោជន៍​ ដែល​​បាន​បំពេញ​កាតព្វកិច្ច​ចំពោះ​​នីតិវិធី​ច្បាប់។​ ពួក​គាត់​ដឹង​​ថា ការ​ចុះ​បញ្ជី​អាជីវកម្ម​និង​ការ​បង់​ពន្ធ និង​ធ្វើ​ឲ្យ​ផលិតផល និង​សេវាកម្ម ទទួល​ស្គាល់​ដោយ​ស្តង់ដា និង​គុណភាព​ដើម្បី​ប្រកួត​ប្រជែង​នៅ​ទីផ្សារ ​មិន​តែ​ប៉ុណ្ណោះ ពួក​គាត់​ក៏​ទទួល​​បាន​អត្ថ​ប្រយោជន៍​បាន​ច្រើន​​ដូច​ជា ការ​យល់​ដឹង​ពី​ការ​គ្រប់គ្រង​អាជីវកម្ម គ្រប់គ្រង​ហិរញ្ញវត្ថុ ​និង​ការ​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​ស្ថាប័ន​ផ្សេងៗ។

​ទោះ​ជា​យ៉ាង​ណា ចំណុច​ទាំង​នេះ ​ក៏​ទាមទារ​ឲ្យ​មាន​ការ​គាំទ្រ​ពី​​​រដ្ឋាភិបាល ​និង​វិស័យ​ឯកជន​ដើម្បី​ជួយ​ផ្តល់​នូវ​វគ្គ​បណ្តុះបណ្តាល​ដែល​អាច​ជួយ​សម្រួល​​ដល់​គាត់​ពី​ការ​យល់​ដឹង​ឯកសារ​​ទៅ​តាម​នីតិវិធី និង​លើក​កម្ពស់​ការ​យល់​ដឹង​ពី​អត្ថ​ប្រយោជន៍​ដែល​ជំរុញ​ឲ្យ​សហគ្រិន​ស្រ្តី​មាន​ទំនុក​ចិត្ត​៕