សៀមរាបៈ តម្លៃ​កូន​ក្រពើ​កាន់តែ​បង្ហាញ​សញ្ញា​អវិជ្ជមាន​ដែល​ធ្វើឲ្យ​អ្នកចិញ្ចឹម​មួយចំនួន​ក្នុង​ខេត្ត​សៀមរាប​ចង់​បញ្ឈប់​អាជីវកម្ម​តែម្តង ព្រោះ​មិន​អាច​ស៊ូទ្រាំ​នឹង​ការខាតបង់​បាន​។

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​មួយកន្លែង​នៅ​ខេត្តសៀមរាប​លោក ចក់ វណ្ណៈ ដែល​បច្ចុប្បន្ន​មាននៅ​សល់​ក្រពើ​មេ​ប្រហែល ២០០ ​ក្បាល​ បាន​និយាយថា តម្លៃ​ក្រពើ​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង ខណៈ​សកម្មភាព​នៃ​ការទិញ​លក់​ស្ទើរតែ​មិនមាន​សោះ​តែ​ម្តង​ក្នុង​ខេត្ត​សៀមរាប​។

លោក​បន្តថា ការធ្លាក់ចុះ​នៅពេល​នេះ​បាន​ធ្វើឲ្យ​លោក​ត្រូវ​ខាតបង់​ប្រាក់​ជាច្រើន ពិសេស​ការចំណាយ​ទៅលើ​ការទិញ​ត្រី​ចំណី​។ លោក​បាន​ថ្លែង​ថា​៖ «​បច្ចុប្បន្ន​ក្រពើ​មិន​មាន​ទីផ្សារ​សោះតែ​ម្តង ដោយ​សូម្បី​តែ​សាច់​ក្រពើ​ស្រស់​ក៏​មិន​សូវ​មាន​អ្នកទិញ​ដែរ​»​។

លោក​បន្តថា កូន​ក្រពើ​ដែល​ពេល​កើត​ដំបូង​ក្នុង​អំឡុង​ខែ​មេសា​មាន​តម្លៃ​ចន្លោះ​ពី​ ៨ ទៅ​ជាង​ ១០ ​ដុល្លារ​នោះ​ពេល​នេះ​កូន​ក្រពើ​ដែល​ប្រវែង​ប្រហែល​ ៥០ ​សង់ទីម៉ែត្រ​ (​អាយុ​ ៥-៦ ​ខែ​) មាន​តម្លៃ​ប្រហែល ៥ ​ដុល្លារ​ប៉ុណ្ណោះ និង​មិន​មាន​អ្នកទិញ​ទៀតផង​។ កាលពី​ឆ្នាំមុន កូន​ក្រពើ ១ ​ក្បាល​ មាន​តម្លៃ​ជា​មធ្យម​ក្នុង​រង្វង់​ពី ១៣ ទៅ ១៨ ​ដុល្លារ​។

លោក​បន្ថែមថា ថ្មីៗ​មាន​ព័ត៌មាន​មួយ​ថា មាន​អ្នក​ចិញ្ចឹម​ខ្លះ​បាន​កាប់​ក្រពើ​យក​ស្បែក​លក់ និង​យក​សាច់​ទៅ​ឲ្យ​ក្រពើ​ស៊ី​វិញ​ទៀត​ផង​។

ក្រពើ​មេ ដែល​កាលពី​មុន​មាន​តម្លៃ​ប្រហែល ៦០០ ​ដុល្លារ​ ពេល​នេះ​តម្លៃ ២០០ ​ដុល្លារ ហើយ​មិនមាន​អ្នកទិញ​ទៀត​ផង គឺ​ថោក​ដូច​ត្រី​។ នេះ​បើ​តាម​លោក ចក់ វណ្ណៈ​។ លោក​បន្ត​ថា ស្ថានភាព​បែបនេះ​បាន​ធ្វើឲ្យ​អ្នក​ចិញ្ចឹម​មួយ​ចំនួន​បង្ខំចិត្ត​លក់​ក្រពើ​ទាំងអស់​តែម្តង​។ លោក​អះអាង​ថា​៖ «​តម្លៃ​នេះ​គឺ​ខាត​ទាំងស្រុង តែបើ​មិន​លក់​នឹង​ខាត​កាន់តែ​ខ្លាំង ព្រោះ​កូន​ក្រពើ​កាន់តែ​ធំ ការចំណាយ​លើ​ចំណី​នឹង​កាន់តែ​ច្រើន​»​។

បច្ចុប្បន្ន​ត្រី​ចំណី​ក្រពើ​ដែល​នាំចូល​មកពី​ប្រទេស​ ថៃ​ មាន​តម្លៃ​ពី​ ២ ០០០-២ ៣០០​ ​រៀល​ ក្នុង​ ១ ​គីឡូក្រាម​។

សមាជិក​សមាគម​អ្នក​ចិញ្ចឹម​ក្រពើ​ខេត្ត​សៀមរាប​ម្នាក់​ឈ្មោះ ហាក់ បាន​និយាយ​ថា ដោយសារ​ទីផ្សារ​ក្រពើ​កម្ពុជា​មាន​តែ​ទៅ​តាម​ច្រក​ប្រទេស​វៀតណាម​នោះ ដូច្នេះ​តម្លៃ​វា​អាស្រ័យ​តែ​លើក​អ្នកបញ្ជា​ទិញ​តែប៉ុណ្ណោះ​។ លោក​បន្តថា តម្លៃ​ក្រពើ​បាន​ធ្លាក់​ចុះ​ចំនួន​ ២ ​ឆ្នាំ​មក​ហើយ គ្រាន់តែ​ឆ្នាំនេះ​វា​បាន​ធ្លាក់​ចុះ​ខ្លាំង​ជាង​ឆ្នាំមុន​។ ​លោក​លើកឡើង​ថា​៖ «​ច្រក​គឺមាន​តែ​វៀតណាម បើ​គេ​មិន​ទិញ​យើង​នឹង​ត្រូវ​ស្លាប់​»​។

ទោះយ៉ាងណា​លោក​បញ្ជាក់ថា លោក​នឹង​រង់​ចាំមើល​តម្រូវការ និង​តម្លៃ​នៅ​ឆ្នាំ​ ២០២០ មុន​សិន​មុន​ធ្វើការ​សម្រេចចិត្ត​បន្ត ឬ​បោះបង់​។

យោងតាម​ទិន្នន័យ​របស់​ក្រសួង​កសិកម្ម​មាន​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ប្រហែល ៧០០ ​កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា ហើយ​ក្នុង​នោះ​មាន​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ចំនួន ៤៤៥ កន្លែង​ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួង​កសិកម្ម​។

យោង​សេចក្តី​រាយការណ៍​របស់​ភ្នំពេញ​ប៉ុស្តិ៍​កន្លង​មក​មាន​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​សរុប​ ២២ ត្រូវបាន​ទទួល​ស្គាល់​ដោយ​អនុសញ្ញា​អន្តរជាតិ​ដែល​ជា​អនុសញ្ញា (Cites) ដើម្បី​ការនាំចេញ​ស្បែក​ក្រពើ​ដោយ​ស្របច្បាប់​ទៅ​ទីផ្សារ​អន្តរជាតិ​៕ LA