ភ្នំពេញៈ ក្រុមហ៊ុន​ដឹកជញ្ជូន​ម្ហូបអាហារ​បាន​អះអាងថា ទំនោរ​ក្នុង​ការកាត់បន្ថយ​ការដើរហើរ​មិនចាំបាច់​ចំពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឲ្យ​ការកុម្ម៉ង់​ម្ហូបអាហារ​ដែល​ដឹកជញ្ជូន​ទៅ​ដល់​កន្លែង​ទទួលបាន​ការពេញនិយម​។

លោកស្រី ហឿន សុដាឡែន ប្រធាន​ទីផ្សារ​នៃ​ក្រុមហ៊ុន Muuve ដែលមាន​អ្នក​ចុះឈ្មោះ​ក្នុង​កម្មវិធី​លើ​ទូរស័ព្ទដៃ​ស្មាតហ្វូត​ចំនួន ៩៥ ០០០ ​នាក់​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាមរយៈ​សារអេឡិចត្រូនិក​ថា តម្រូវការ​ដឹកជញ្ជូន​ម្ហូបអាហារ​របស់​ក្រុមហ៊ុន​លោកស្រី​មាន​ការកើនឡើង​ជា​លំដាប់​ចាប់តាំងពី​មាន​ការរាតត្បាត​ជំងឺ​កូវីដ ​១៩​។

លោកស្រី​ថ្លែងថា​៖ «​អំឡុងពេល ៣ ​ខែ ​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ចំនួន​អ្នក​កុម្ម៉ង់​តាម​កម្មវិធី Muuve បាន​កើនឡើង ១៣០ ​ភាគរយ ​បើ​ធៀប​ទៅនឹង​រយៈពេល​ធម្មតា​»​។

លោកស្រី​បន្តថា​បច្ចុប្បន្ន​នេះ Muuve បាន​សហការ​ជាមួយ​ដៃគូ​ភោជនីយដ្ឋាន ៨០ ​ភាគរយ​ នៅ​ទីក្រុង​ភ្នំពេញ​ចាប់ពី​អាហារដ្ឋាន​តាម​ដងផ្លូវ រហូត​ដល់​អាហារដ្ឋាន​ធំៗ​។

លោកស្រី​បញ្ជាក់ថា​៖ «​យើង​ផ្តល់ជូន​តែ​សេវាកម្ម​ដឹកជញ្ជូន​ម្ហូបអាហារ​មួយ​មុខ​គត់ ក៏ប៉ុន្តែ​យើង​ក៏​គ្រោង​នឹង​ពង្រីក​សេវាកម្ម​ផ្សេងៗ​ទៀត​ក្នុង​រយៈពេល​ខ្លី​ខាងមុខ ដើម្បី​ផ្តល់ជូន​អតិថិជន​របស់​យើង​»​។

សកម្មភាព​ដឹកជញ្ជូន​ម្ហូបអាហារ​ទៅ​ឲ្យ​អតិថិជន​របស់​ក្រុមហ៊ុន Muuve​។ សហការី

លោកស្រី​អះអាង​ថា កម្មវិធី Muuve បាន​ធ្វើការ​កត់សម្គាល់​ចំណូល​ចូលចិត្ត​របស់​អតិថិជន​ទៅតាម​ចំណាប់​អារម្មណ៍​របស់​ពួកគេ​។ មុខទំនិញ​ដែល​ត្រូវបាន​គេ​កុម្ម៉ង​ច្រើនជាងគេ​គឺ​អាហារ​តាម​ដងផ្លូវ ហ្វាសហ្វូត និង​តែ​ទឹកដោះគោ​។

លោកស្រី​បញ្ជាក់ថា​៖ «​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ឆ្លើយតប​នឹង​ការផ្ទុះ​ជំងឺ​នេះ យើង​បាន​ធ្វើការ​អប់រំ​ដល់​អ្នក​ដឹកជញ្ជូន​នៅក្នុង​ការអនុវត្ត​គម្លាត​ចម្ងាយ និង​អនាម័យ​ចាប់ពី​ការវេចខ្ចប់​ម្ហូបអាហារ​ជូន​អតិថិជន​»​។

Nham24 គឺជា​កម្មវិធី​ក្នុង​ទូរស័ព្ទដៃ​ស្មាតហ្វូន​សម្រាប់​ឲ្យ​អតិថិជន​បញ្ជា​ទិញ​អាហារ និង​ទំនិញ​ពី​ផ្សារ​ទំនើប​។

លោក សោម តុម សហស្ថាបនិក​នៃ Nham 24 បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​កុម្ម៉ង់​ម្ហូបអាហារ និង​ទំនិញ​តាម Nham 24 កំពុង​ពេញនិយម និង​មមាញឹក​ខ្លាំង​ចាប់តាំងពី​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​យើង​ឃើញ​មាន​ការកុម្ម៉ង់​ម្ហូបអាហារ និង​ទំនិញ​ដែល​ដឹកជញ្ជូន​ដល់​កន្លែង​កំពុង​មាន​ការកើនឡើង​ជា​រៀងរាល់​ថ្ងៃ ដោយសារ​ការភ័យខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩»​។

លោក តុម បន្ថែម​ថា​ដោយ​មើល​ពី​កំណើន​តម្រូវ​ការបញ្ជា​ទំនិញ​បច្ចុប្បន្ន Nham 24 បាន​ពង្រីក​ដៃគូ​ជាមួយ​ភោជនីយដ្ឋាន និង​ហាង​ទំនិញ​ជាង ២ ០០០ ទីតាំង នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​ហើយ​លោក​គ្រោង​នឹង​ពង្រីក​ទៅកាន់​ខេត្ត ៣ ​ទៀត​គឺ​ខេត្ត​កំពង់ចាម កំពត និង​បាត់ដំបង​។

លោក​បន្តថា​៖ «​ការពេញនិយម​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន​ក៏បាន​ជំរុញ​ឲ្យ​អ្នកទីក្រុង​ប្រើ​សេវាកម្ម​បញ្ជា​ទិញ​ទំនិញ និង​ម្ហូបអាហារ​តាម App មានការ​ពេញនិយម​ផងដែរ​»​។

ចុងភៅ សេង ហុកហេង បាន​បង្កើត​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ www.facebook.com/hengmartdotcom? ឬ គេហទំព័រ www.hengmart.com សម្រាប់​ទទួល​ការបញ្ជាទិញ​ម្ហូបអាហារ ព្រមទាំង​ទិញ​គ្រឿងទេស​នៅ​ទីក្រុង​ភ្នំពេញ​។

លោក ទូច រដ្ឋា នាយក​គ្រប់គ្រង​ទូទៅ​ចុងភៅ សេង ហុកហេង បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ក្រោយពី​មាន​ការរឹតត្បិត​ក្នុង​ការជួបជុំ​ក្នុង​ពិធីជប់លាង​តូចធំ ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ជា​សកល ក្រុមហ៊ុន​របស់លោក​បាន​សម្រេច​បង្កើត​ទំព័រ​ហ្វេសប៊ុក​នេះ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​អតិថិជន​ក្នុងការ​កុម្ម៉ង់​ម្ហូបអាហារ​តាម​ប្រព័ន្ធ​អនឡាញ​ពី​ក្រុមហ៊ុន​របស់លោក​។

លោក​បន្តថា បច្ចុប្បន្ន​ក្រុមហ៊ុន​លោក​ទទួលបាន​ការបញ្ជា​ទិញ​ និង​កុម្ម៉ង់​ម្ហូបអាហារ​ជា​មធ្យម ១៥០ ​កញ្ចប់​ក្នុង​ ១ ​ថ្ងៃ​ ហើយ​លោក​រំពឹងថា​ចំនួន​នេះ​នឹង​កើន​ដល់ ៣០០ ​កញ្ចប់​ ក្នុង​ ១ ​ថ្ងៃ​នៅពេល​ខាងមុខ​។

លោក​មានជំនឿ​ថា​ ការកើនឡើង​នេះ​ដោយសារ​ចុងភៅ សេង ហុកហេង បាននិង​កំពុង​ផ្តល់នូវ​ម្ហូបអាហារ​ដែល​មាន​សុវត្ថិភាព អនាម័យ សេវាកម្ម​ល្អ និង​តម្លៃ​សមរម្យ​ជាងគេ​។

លោក​ថ្លែងថា​៖ «​ការកុម្ម៉ង់​ទិញ​ម្ហូបអាហារ​មាន​ការកើនឡើង​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ ស្រប​ពេល​ដែល​និន្នាការ​របស់​ប្រជាជន​កំពុង​ពេញនិយម​ប្រើប្រាស់​បណ្តាញ​សង្គម​នានា​ដែល​លក់ទំនិញ​លើ​អនឡាញ​កាន់តែ​ទទួល​បាន​ការចាប់អារម្មណ៍​ច្រើន​»​។

របាយការណ៍​របស់​និយតករ​ទូរគមនាគមន៍​កម្ពុជា​បាន​ឲ្យ​ដឹងថា ការប្រើប្រាស់​អ៊ីនធឺណិត​ចល័ត​លើ​ទូរស័ព្ទ​ចល័ត​មាន ១៦,១២ លាន​នាក់​ ដើម្បី​ទទួលបាន​មាតិកា​អនឡាញ​កាលពី​ឆ្នាំមុន​កើនឡើង​ ១៨, ៤៧ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

ទិន្នន័យ​បាន​ឲ្យ​ដឹង​ទៀតថា ចំនួន​គណនី Facebook ដែល​ចុះឈ្មោះ​បាន​កើនឡើង ២៩ ​ភាគរយ​ ដល់ ៨,៨ លាន​គណនី​កាលពី​ឆ្នាំមុន​៕ LA