
លោក ជា ឡង់ដា ស្ថាបនិក និង ជាអគ្គនាយក Bookmebus.com ក្នុងបទសម្ភាសជាមួយភ្នំពេញ ប៉ុស្តិ៍។ ផា លីណា
ភ្នំពេញៈ អាជីវកម្មបង្កើតថ្មីដែលស្ថាបនាឡើងដោយសហគ្រិនវ័យក្មេងបានចាប់ផ្តើមលេចជារូបរាងកាន់តែច្រើននៅកម្ពុជា ហើយកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលស្ថានភាពនៃការរស់នៅរបស់ប្រជាជន។
លោក ជា ឡង់ដា ជាសហគ្រិនវ័យក្មេងម្នាក់បានបង្កើតគំរូអាជីវកម្មផ្អែកលើបច្ចេកវិទ្យាមួយដើម្បីសម្រួលដល់អ្នកដំណើរដើម្បីកក់សំបុត្ររថយន្តតាមអនឡាញ។
អ្នកយកព័ត៌មានភ្នំពេញប៉ុស្តិ៍ ហ៊ គីមសាយ បានជួបជាមួយលោក ជា ឡង់ដា ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន https://www.bookmebus.com ដើម្បីស្វែងយល់ពីការឆ្លងកាត់ដំណើរក្នុងវិថីជំនួញរបស់លោក និងសក្តានុពលទីផ្សារនៃអាជីវកម្មបង្កើតថ្មីទាក់ទងនឹងវិស័យបច្ចេកវិទ្យា។
តើលោក ឡង់ដា បានសិក្សាលើជំនាញអ្វីហើយមានការងារអ្វីខ្លះមុនពេលមានអាជីវកម្មផ្ទាល់ខ្លួន?
ខ្ញុំបានសិក្សាផ្នែកព័ត៌មានវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបានបញ្ចប់ការសិក្សានៅឆ្នាំ ២០១១ ហើយក៏បញ្ចប់ការសិក្សាផ្នែកអក្សរសាស្ត្រអង់គ្លេសពីវិទ្យាស្ថានភាសាបរទេស (IFL) នៅឆ្នាំ ២០១៣ ។ តាមពិតខ្ញុំចាប់ផ្តើមរកចំណូលខ្លះៗពីជំនាញ IT តាំងពីរៀនឆ្នាំទី ៣ តាមរយៈការដំឡើងគេហទំព័របង្កើតកម្មវិធីគ្រប់គ្រងអាជីវកម្មលក់រាយតាមប្រព័ន្ធ IT (Point of Sale) និងរចនាឡូហ្គោជាដើម។ បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅឆ្នាំ ២០១១ ខ្ញុំបានធ្វើការជា programmer នៅក្រុមហ៊ុនមួយមកពីម៉ាឡេស៊ី។ បន្ទាប់ពីធ្វើការនៅទីនោះបាន ២ ឆ្នាំ ខ្ញុំក៏ប្តូរការងារទៅធ្វើក្រុមហ៊ុនមួយទៀតមកពីជប៉ុនក្នុងតួនាទីជាប្រធានគ្រប់គ្រងគម្រោងព័ត៌មានវិទ្យា។ ពេលនោះខ្ញុំមានប្រាក់ខែជិត ១ ពាន់ដុល្លារក្នុង ១ ខែ។
មូលហេតុអ្វីដែលជំរុញឲ្យលោកចាប់ផ្តើមដំណើរអាជីវកម្មផ្ទាល់ខ្លួននេះ?
បន្ទាប់ពីធ្វើការនៅក្រុមហ៊ុនជប៉ុននោះបាន ១ ឆ្នាំ ខ្ញុំគិតថាមិនសូវចំចំណូលចិត្ត ហើយការងារនោះមិនសូវធ្វើឲ្យខ្ញុំអភិវឌ្ឍខ្លួន ហើយចាប់ផ្តើមធុញ។ ខ្ញុំក៏ឈប់ហើយចាប់ផ្តើមធ្វើការក្នុងកិច្ចការដែលខ្លួនស្រឡាញ់។ ខ្ញុំចង់បង្កើនអាជីវកម្មផ្ទាល់ខ្លួន។ ខ្ញុំមានគំនិតមួយចំនួនដូចជា ចង់បង្កើតជាក្រុមជំនាញផ្នែក IT ហើយដេញគម្រោង IT ពីក្រុមហ៊ុននានាមកធ្វើឲ្យគេ។ មួយទៀតខ្ញុំចាប់អារម្មណ៍ពីការបង្កើតកម្មវិធីតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការជិះតាក់ស៊ី ឬ ទិញសំបុត្ររថយន្តដឹកអ្នកដំណើរ។ ពេលខ្ញុំធ្វើការ ខ្ញុំត្រូវទៅតាមបណ្តាខេត្តនានាជាច្រើន និងមានបទពិសោធពិបាកច្រើនក្នុងការទិញសំបុត្ររថយន្ត។ បើចង់ជិះតាក់ស៊ីវិញគឺរញ៉េរញ៉ៃ ព្រោះមានការចាប់ដណ្តើមភ្ញៀវតាមផ្លូវជាដើម ខ្ញុំក៏សម្រេចចិត្តបង្កើតគេហទំព័រមួយគឺ https://www.bookmebus.com ជាកន្លែងសម្រាប់អ្នកដំណើរធ្វើការទិញសំបុត្ររថយន្តតាមអនឡាញ។
តើត្រូវចំណាយទុនប៉ុន្មានដើម្បីបើកអាជីវកម្មថ្មីនោះ ហើយវាដំណើរការយ៉ាងម៉េចដែរនាពេលដំបូង?
យើងបង្កើតក្រុមហ៊ុននៅឆ្នាំ ២០១៥ ដោយមានដើមទុនដំបូង ២ ម៉ឺនដុល្លារ និងមានភាគហ៊ុន ៤ ។ ពេលចាប់ផ្តើមដំបូង យើងមានបុគ្គលិក ២-៣ នាក់ប៉ុណ្ណោះស្របពេលភាគទុនិក ៣ នាក់ផ្សេងទៀតជួយក្រៅម៉ោងដោយសារពួកគាត់មានកិច្ចការពេញម៉ោង។ ពេលបើកបាន ៣ ថ្ងៃយើងមានអតិថិជនដំបូងដែលកក់សំបុត្រតាមគេហទំព័ររបស់យើងហើយគាត់ជាជនបរទេស។ នៅខែទី ៤ យើងអាចរកចំណូលដើម្បីរ៉ាប់រងការចំណាយបាន។ បន្ទាប់មក ភាគទុនិកទាំងអស់ក៏មកជួយពេញម៉ោង។ នៅពីរ បី ខែដំបូង យើងបានទទួលកក់ក្នុងមួយថ្ងៃប្រហែល ១០ សំបុត្រ ហើយឥឡូវយើងលក់បាន ៣០០ សំបុត្រក្នុងមួយថ្ងៃ។ បច្ចុប្បន្នយើងមានបុគ្គលិក ១៧ នាក់។
នៅឆ្នាំ ២០១៦ យើងបានឈ្នះពានរង្វាន់ Cambodia ICT Award 2016 ដោយបានរង្វាន់ជាទឹកប្រាក់លើកទឹកចិត្ត ៥ ០០០ ដុល្លារ ហើយយើងក៏មានអ្នកចង់សហការច្រើន។ គិតមកទល់ពេលនេះយើងមាន Angel Investors ១២ (កម្ពុជា ៧ និង បរទេស ៥) គាត់ដាក់លុយតិចៗ តែផ្តោតខ្លាំងជាងទៅលើការបណ្តុះផ្នត់គំនិតអាជីវកម្ម និងយុទ្ធសាស្ត្រអាជីវកម្មជាដើម ដែលពួកគាត់ជា Convertable Note Investment ដែលមានន័យថាយើងខ្ចីលុយពីគាត់ដោយមានការប្រាក់ ហើយនៅពេលចប់រយៈពេល ២ ឆ្នាំភាគីទាំង ២ អាចសម្រេចចិត្តថានឹងប្រែក្លាយជាម្ចាស់ភាគហ៊ុនក៏បាន ឬមិនចង់ក៏បានអាស្រ័យលើការពេញចិត្តរបស់ភាគីទាំង ២។
តើក្រុមហ៊ុននេះអាចរកចំណូលបានតាមណាខ្លះ?
យើងបានកម្រៃជើងសាពីក្រុមហ៊ុនបម្រើសេវារថយន្តដឹកអ្នកដំណើរនៅពេលយើងលក់សំបុត្រឲ្យគាត់បាន។ បន្ថែមពីនេះទៀត យើងក៏បានកម្រៃពីការផ្តល់សេវាប្រឹក្សាដល់ក្រុមហ៊ុនឡានពីការធ្វើទីផ្សារឲ្យគាត់ដើម្បីផ្សព្វផ្សាយសេវារបស់គាត់ទៅដល់អតិថិជនគោលដៅឲ្យបានទូលំទូលាយជាងមុន។ យើងនៅមិនទាន់ចំណេញនៅឡើយទេ ព្រោះយើងស្ថិតក្នុងដំណាក់កាលពង្រីកប្រតិបត្តិការ។ នៅពេលយើងទទួលបានចំណូល យើងយកលុយនោះទៅពង្រីកការវិនិយោគរបស់យើងដូចជាពង្រឹងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបច្ចេកវិទ្យារបស់យើងជាដើម។
អ្វីខ្លះជាបញ្ហាប្រឈមពីការបើកដំណើរការក្រុមហ៊ុនដំបូង?
យើងជួបការលំបាកយ៉ាងខ្លាំងក្នុងការណាត់ជួបម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ ដើម្បីពន្យល់គាត់ឲ្យសហការជាមួយពួកយើង។ គាត់អត់យល់ពីអត្ថប្រយោជន៍ដែលត្រូវសហការជាមួយយើង។ គាត់មិនសូវចាប់អារម្មណ៍មិនសូវឲ្យតម្លៃកម្មវិធីបច្ចេកវិទ្យាដែលបង្កើតឡើងដោយក្រុមហ៊ុនក្នុងស្រុក។ យើងពិបាកបញ្ចុះបញ្ចូលគាត់ឲ្យដាក់បង្ហាញសេវារបស់គាត់នៅលើគេហទំព័ររបស់យើង។ ពេលនោះយើងត្រូវស្វែងយល់ពីបញ្ហាដែលក្រុមហ៊ុននីមួយៗកំពុងជួបប្រទះ ហើយយើងស្វែងរកដំណោះស្រាយឲ្យគាត់តាមរយៈបច្ចេកវិទ្យាដែលយើងបង្កើត។ យើងត្រូវព្យាយាមពន្យល់គាត់ ហើយព្យាយាមច្រើនដើម្បីអាចឲ្យពួកគាត់ចំណាយពេលជួបយើង។ បន្តិចម្តងៗគាត់យល់ពីអត្ថប្រយោជន៍នៃសេវាកម្មរបស់យើង។ មានក្រុមហ៊ុនសេវារថយន្តប្រហែល ៤០ ក្រុមហ៊ុននៅកម្ពុជា ហើយគិតមកទល់ពេលនេះមាន ៧០ ភាគរយព្រមសហការប្រើបច្ចេកវិទ្យា ហើយផ្តល់ព័ត៌មានបច្ចុប្បន្នភាពពីកៅអីទំនេរនៃរថយន្ត។ ៣០ ភាគរយទៀតមិនទាន់ប្រើបច្ចេកវិទ្យាពេញលេញដែលនេះជាការលំបាកសម្រាប់យើងព្រោះថាយើងត្រូវខលទៅសួរពួកគាត់ម្តងមួយៗដើម្បីចង់ដឹងថាគាត់មានកៅអីទំនេរឬ អត់? បើអត់មានយើងត្រូវឆ្លើយតបទៅភ្ញៀវវិញ។ បេសកកម្មរបស់យើងគឺព្យាយាមបញ្ចុះបញ្ចូលគាត់ឲ្យប្រើបច្ចេកវិទ្យាប្រើសូហ្វវែរបស់យើង ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីកៅអីទំនេរ ឬ រវល់សេវាកម្មគាត់នៅតាមអនឡាញ។
យើងសង្ឃឹមថាពួកគាត់នឹងសហការព្រោះក្រុមហ៊ុនដែលអត់ទាន់ធ្វើបច្ចុប្បន្នភាពជើងចេញដំណើររបស់គាត់យើងដាក់បញ្ជាក់ទៅភ្ញៀវថាត្រូវការពេលដើម្បីខលបញ្ចាក់មុននឹងកក់កៅអីបាន។ ដូច្នេះ អតិថិជនតែងកក់ជើងចេញដំណើររបស់រថយន្តដែលដឹងភ្លាមៗ។ អ៊ីចឹងក្រុមហ៊ុនដែលមានបច្ចុប្បន្នភាពព័តមានតែងទទួលបានភ្ញៀវច្រើនជាង។
សេវាកម្មអ្វីខ្លះដែលមាននាពេលបច្ចុប្បន្ន និងលោកគ្រោងពង្រីកសេវាកម្មអ្វីបន្ថែម?
យើងមានការកក់សំបុត្រឡានក្រុងជាសេវាគោល។ បច្ចុប្បន្នអ្នកធ្វើដំណើរអាចទិញសំបុត្ររថយន្តនៅក្នុងប្រទេស និងធ្វើដំណើរពីភ្នំពេញទៅហូជីមិញ ទៅបាងកក និង ឡាវ ឬពីទីតាំងទាំងនោះមកភ្នំពេញវិញបាន។ យើងមានសេវាកម្មបន្ទាប់បន្សំដូចជាការទិញសំបុត្រជិះនាវាទៅកោះរ៉ុងពីកំពង់សោម និងជើងនាវាផ្សេងៗទៀត និងសេវាតាក់ស៊ីឯកជន។ ឆាប់ៗនេះយើងនឹងដំណើរការសេវាកក់តាក់ស៊ី និងដំណើរការសេវា (Pick Up) ដែលទៅយកភ្ញៀវពីសណ្ឋាគារមកកាន់ស្ថានីយរថយន្ត ឬ ពីស្ថានីយរថយន្តទៅសណ្ឋាគារវិញ។
លោកយល់យ៉ាងម៉េចពីការវិវត្តនៃអាជីវកម្មបង្កើតថ្មីនៅកម្ពុជា ជាពិសេសខាងផ្នែកបច្ចេកវិទ្យា?
យើងសង្កេតឃើញមានក្រុមហ៊ុនបង្កើតថ្មីច្រើនដើម្បីបម្រើសេវាកម្មដឹកជញ្ជូន សេវាទិញទំនិញតាមអនឡាញ ឬសេវាដឹកជញ្ជូនអាហារជាដើម។ តែយើងមិនទាន់ឃើញមានការលេចធ្លោខ្លាំងនៅឡើយទេ។
ច្បាប់ទាក់ទងនឹង E-commerce នៅកម្ពុជាក៏មិនទាន់មានដែលអាចជាបញ្ហាប្រឈមក្នុងការទាក់ទាញវិនិយោគិនក្រៅប្រទេសឲ្យបណ្តាក់ទុននៅក្នុងវិស័យនេះនៅកម្ពុជា។ យ៉ាងណាក៏ដោយយើងឃើញការបង្កើតការិយាល័យធ្វើការរួមដែលគាំទ្រដល់អាជីវកម្មបង្កើតថ្មី។ យើងមានការលើកទឹកចិត្តពីស្ថាប័នរដ្ឋាភិបាលតាមរយៈការបង្កើតកម្មវិធីប្រកួតប្រជែង ICT Award។
ក្រុមហ៊ុនទូរគមនាគមន៍បានបង្កើតកម្មវិធីផ្តល់មូលនិធីដើម្បីត្រៀមសហការជាមួយអាជីវកម្មបង្កើតថ្មីដែលមានសក្តានុពល។ ខ្ញុំយល់ថាអាជីវកម្មបង្កើតថ្មីនឹងកាន់តែរីកចម្រើន និងមានក្រុមហ៊ុនមានសក្តានុពលជាច្រើនកើតឡើង។
តើលោកបានទទួលសមិទ្ធផលអ្វីខ្លះតាំងពីដំណើរអាជីវកម្មនេះមក?
ពីឆ្នាំ ២០១៦ ក្រុមហ៊ុនយើងបានឈ្នះពានរង្វាន់ Cambodia ICT Award ជាពានរង្វាន់កម្រិតជាតិ។ នៅឆ្នាំ ២០១៧ យើងឈ្នះពានមាសក្នុងការប្រកួតប្រជែង Asean ICT Award ក្នុងផ្នែកអាជីវកម្មបង្កើតថ្មីដែលសម្រាប់ខ្ញុំពិតជាជោគជ័យដ៏ធំព្រោះយើងបានឈ្នះកម្រិតតំបន់។ វាបានជួយលើកមុខមាត់ប្រទេសយើងទៅឆាកអន្តរជាតិ។ យើងបានពានមាសក្នុងការប្រជែងជាមួយអ្នកផ្សេងៗមកពីថៃ វៀតណាម សិង្ហបុរីជាដើម។ វាបង្ហាញថាយើងមិនអន់ទេខាងផ្នែកបច្ចេកវិទ្យា។ ខ្ញុំក៏ទទួលបានពានរង្វាន់ជាច្រើនទៀតដែរ និងត្រូវបានផ្តល់កិត្តិយសចែករំលែកបទពិសោធនៅថ្នាក់ជាតិ និងអន្តរជាតិជាច្រើន៕