ភ្នំពេញៈ អាជីវកម្ម​តម្បាញ​សូត្រ ហូល ផាមួង និង​ក្រមា​ខ្មែរ​ដែល​ជា​ធម្មតា​តែងមាន​ទីផ្សារ​ល្អ​ខ្លាំង​នៅពេល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ជិត​ចូល​មក​ដល់​នោះ នាពេលនេះ​កំពុង​ធ្លាក់ចុះ​យ៉ាងគំហុក​ដែល​ធ្វើឲ្យ​អ្នក​ក្នុង​វិស័យនេះ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។

ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នឹង​មកដល់​នា​សប្តាហ៍​ក្រោយ​គឺ​ចាប់ពី​ថ្ងៃ​ទី​ ១៣ ដល់​ថ្ងៃទី ១៦ ខែ​មេសា​ ដែល​ជា​រៀងរាល់​ឆ្នាំ​នៅពេល​ចូលឆ្នាំថ្មី​ជិត​ចូល​មកដល់​ប្រជាជន​ខ្មែរ​តែងតែ​នាំគ្នា​ទិញ ហូល ផាមួង និង​ស៊ឹង ជាដើម​យក​ទៅ​ជូន​ឪពុកម្តាយ និង​បងប្អូន​សម្រាប់​ប្រើប្រាស់​ក្នុង​ពេល​ចូលឆ្នាំថ្មី តែ​ឆ្នាំនេះ​គឺ​មិនមាន​សកម្មភាព​បែបនេះ​ទេ ព្រោះ​ការបារម្ភ​ពី​ការឆ្លង​កូវីដ​ ១៩​។

អ្នកស្រី ចេន សុភាព ស្ថាបនិក និង​ជា​ប្រធាន​សមាគម​កីតម្បាញ​ខ្មែរ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា បច្ចុប្បន្ន​នេះ​អាជីវកម្ម​ទាក់ទង​នឹង​ការលក់​ផលិតផល​ពី​តម្បាញ​ខ្មែរ​ដែល​មាន​ដូចជា ក្រមា ផាមួង ស៊ឹង និង​ហូល​ជាដើម កំពុង​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ អ្នកស្រី​លើកឡើង​ថា​កាលពី​មុន​នៅពេល​ដែល​រដូវ​បុណ្យទាន និង​ពិធី​រៀបអាពាហ៍ពិពាហ៍​ជិត​ចូលមក​ដល់​ទាំង​អ្នកលក់ និង​អ្នក​ត្បាញ​គឺ​មាន​ភាពមមាញឹក​ខ្លាំង ប៉ុន្តែ​នៅ​ឆ្នាំនេះ​សកម្មភាព​ទាំងអស់នោះ​មិនមាន​ទៀត​ទេ​។

អ្នកស្រី​ថ្លែងថា​៖ «​ការលក់​នា​អំឡុង​មុនពេល​ចូលឆ្នាំ​ខ្មែរ​នៅពេល​នេះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ គឺ​ធ្លាក់ចុះ​ប្រមាណ ៨០ ​ភាគរយ​»​។

បើតាម​អ្នកស្រី សុភាព កាលពី​ឆ្នាំមុន​នាអំឡុង​មុន​ចូលឆ្នាំ​ខ្មែរ​ក្នុង​ ១ ​ខែ អ្នកស្រី​អាច​លក់​ផលិតផល​ពី​តម្បាញ​បាន​ពី​ ៤០០-៥០០ ​សំពត់​។

អ្នកស្រី​បន្តថា​៖ «​តាមពិតទៅ​ការលក់​បានចាប់ផ្តើម​ធ្លាក់ចុះ​តាំងពីដើម​ឆ្នាំ​មក​ម្ល៉េះ ប៉ុន្តែ​វា​​រឹតតែ​ធ្ងន់​បន្ថែម​ទៀត​នាពេល​ជំងឺ​កូវីដ ​១៩ រីក​រាលដាល​កាន់តែ​ខ្លាំង​នា​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​»​។

ដោយសារ​តម្រូវ​ការប្រើ​ប្រាស់​មានការ​ធ្លាក់ចុះ​ខ្លាំង បច្ចុប្បន្ន​ការផលិត​ក៏ត្រូវ​ផ្អាក​សកម្មភាព​ផងដែរ​។ អ្នកស្រី សុភាព បាន​និយាយថា​៖ «​ជាមួយ​នឹង​ការលក់​ធ្លាក់ចុះ​នេះ​ខ្ញុំ​ក៏បាន​ជំរុញ​ឲ្យ​សមាជិក​ក្នុង​សមាគម​របស់ខ្ញុំ​ផ្អាក​សកម្មភាព​ត្បាញ​ជាង​ ៣ ​សប្តាហ៍​មកហើយ​»​។

អ្នកស្រី សាន វណ្ណារី ម្ចាស់​ហាង Silk House ដែលមាន​លក់​វត្ថុ​អនុស្សាវរីយ៍ និង​សម្លៀកបំពាក់​ធ្វើ​ពី​សូត្រ ហូល និង​ផាមួង​បាន​ប្រាប់ថា វិបត្តិ​នៃ​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឲ្យ​អាជីវកម្ម​របស់គាត់​ធ្លាក់​ដល់​សូន្យ ព្រោះតែ​អតិថិជន​ភាគច្រើន​របស់គាត់​គឺជា​ភ្ញៀវ​ទេសចរ​បរទេស​។ អ្នកស្រី​ថ្លែងថា​៖ «​នេះ​ជា​ដំណាក់កាល​លំបាក​បំផុត ដោយ​មាន​ផលិតផល​ជាច្រើន​នៅសល់​ក្នុង​ស្តុក បើទោះបី​ខ្ញុំ​ព្យាយាម​បើក​លក់​តាមរយៈ​អនឡាញ​បន្ថែម​ក៏ដោយ​»​។

អ្នកស្រី​បន្តថា បើ​វិបត្តិ​នេះ​អូស​បន្លាយពេល​យូរ​ទៅមុខទៀត​អ្នកស្រី​នឹងត្រូវ​ជួបប្រទះ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ ហេតុនេះ​អ្នកស្រី​ស្នើឲ្យ​អាជ្ញាធរ​ក៏ដូចជា​ស្ថាប័នហិរញ្ញវត្ថុ​នានា​សូមជួយ​ពិនិត្យ​លទ្ធភាព​ក្នុង​ការផ្តល់ប្រាក់​កម្ចី​ឲ្យ​បាន​កាន់តែ​ធំ​ទូលាយ​បន្ថែមទៀត​សម្រាប់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​។

ទោះយ៉ាងណា​ក្នុង​ដំណាក់កាល​ដ៏លំបាក​នេះ​ម្ចាស់​អាជីវកម្ម​ទាំង​ ២ ​ខាង​លើ​សុទ្ធតែ​បាន​អះអាងថា ពួកគាត់​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​តាមរយៈ​ការយក​ផលិតផល​ដែល​មាន​មក​ដេរ​ជា​ម៉ាស់ និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ ដែល​មាន​គុណភាព​ល្អ​សម្រាប់​ដាក់លក់​ផងដែរ​។ ការធ្វើ​បែបនេះ​គឺ​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ដំណើរការ​របស់​ក្រុមហ៊ុន ជាពិសេស​ដើម្បី​ចៀសវាង​ការកាត់បន្ថយ​បុគ្គលិក​។

ម្ចាស់​ហាង​កាត់ដេរ​មួយ​ក្នុង​ខណ្ឌ​សែនសុខ​លោក ចិន សុភា បាន​និយាយថា មិន​ត្រឹមតែ​ការលក់​ផលិតផល​សូត្រ ហូល និង​ផាមួង​ធ្លាក់ចុះ​ទេ សូម្បីតែ​ហាង​របស់លោក​ក៏​មិន​មាន​ភ្ញៀវ​ដែរ ខណៈ​ក្នុង​រយៈពេល​ដូចគ្នា​នេះ​កាលពី​ឆ្នាំមុន លោក​មិនមាន​ពេល​កាត់​ឲ្យ​ភ្ញៀវ​ឡើយ​។ លោក​បាន​និយាយថា​៖ «​ពេលនេះ​កាលពី​ឆ្នាំមុន ខ្ញុំ​មិន​ទទួលភ្ញៀវ​ទេ ព្រោះ​មិនមាន​ពេល​កាត់​ឲ្យ​គេ​ឡើយ​»​។

បើ​យោងតាម​របាយការណ៍​យុទ្ធសាស្ត្រ​សូត្រ​ជាតិ​ឆ្នាំ​ ២០១៦-២០២០ ការផលិត​សរសៃសូត្រ​នៅ​កម្ពុជា​មាន​បរិមាណ​ត្រឹមតែ ១ ​ភាគរយ​ប៉ុណ្ណោះ ​នៃ​តម្រូវការ​ប្រើប្រាស់​សរុប​ក្នុងស្រុក ខណៈ​ការ​នាំចូល​មាន​បរិមាណ​រហូតដល់ ៩៩ ​ភាគរយ ​ដែល​ស្មើនឹង​ជាង ៤០០ ​តោន​ ក្នុង ១ ​ឆ្នាំ​៕ LA