ភ្នំពេញ៖​ វិបត្តិ​នៃ​ការ​រីក​រាលដាល​កាន់​តែ​ខ្លាំង​នៃ​ជំងឺ​ដែល​បង្ក​​​ដោយ​វីរុស​កូរ៉ូណា បាន​ធ្វើ​ឲ្យ​មុខ​របរ​ចុង​ភៅ​សម្រាប់​ពិធី​​រៀប​​អាពាហ៍​ពិពាហ៍​នៅ​កម្ពុជា​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នា​ពេល​នេះ ដោយ​ការ​កក់​ត្រូវ​បាន​គេ​លុប​ចោល​វិញ​ជា​បន្ត​បន្ទាប់​។ នេះ​បើ​យោង​តាម​ម្ចាស់​ក្រុម​ចុងភៅ​មួយ​ចំនួន​។​

ទិន្នន័យ​​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ​១៧ ខែ​មីនា កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូវីដ ១៩ ​ចំនួន​ ២៤ ​នាក់ មាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប​ បន្ទាយមាន​ជ័យ ​កំពង់ឆ្នាំង ​បាត់ដំបង កំពត ត្បូង​ឃ្មុំ ​កំពង់​​ចាម ​ព្រះវិហារ និង​ខេត្ត​កែប​។ យោង​តាម​ក្រសួង​សុខាភិបាល​ ភាគ​ច្រើន​នៃ​អ្នក​ដែល​ឆ្លង​វីរុស​កូវីដ ​១៩ គឺ​ជា​​ខ្មែរ-អ៊ិស្លាម ដែល​ទើប​ត្រឡប់​មក​ពី​ចូលរួម​ក្នុង​ពិធី​សាសនា​អ៊ិស្លាម​ នៅ​ប្រទេស ​ម៉ាឡេស៊ី​។

លោក​ លី សេង​អាន ម្ចាស់​ចុង​​​ភៅ លី សេងអាន បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អង្គារ​​​ថា ការ​កក់​​សម្រាប់​ពិធី​រៀប​អាពាហ៍ពិពាហ៍​បាន​ធ្លាក់​ចុះ​ចាប់​តាំង​ពី​ខែ​កុម្ភៈ​មក​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ខ្លាំង​នោះ ​គឺ​ក្នុង​រយៈពេល ​២-៣ ​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​រោងការ​ចំនួន ​១២ ដែល​​បាន​កក់​រួច​ហើយ​នោះ​ ត្រូវ​​បាន​​​លុប​ចោល​ទាំង​អស់​ ព្រោះ​បារម្ភ​ខ្លាច​មិន​មាន​ភ្ញៀវ​ទៅ​ចូលរួម​។ លោក​បន្ត​ថា ជា​រៀងរាល់​ឆ្នាំ​នៅ​អំឡុង​ពេល​នេះ ​ក្រុម​ចុងភៅ​របស់​លោក​ដែល​មាន​ចំនួន ៣ ​ក្រុម ត្រូវ​បាន​ម្ចាស់​ការ​កក់​ជា​បន្ត​បន្ទាប់​​មិន​​មាន​ពេល​ទំនេរ​ទេ។

លោក​បន្ត​​ថា៖ «​មុខរបរ​ចុងភៅ​​នៅ​ពេល​នេះ​មិនមែន​ធ្លាក់​ចុះ​នោះ​ទេ គឺ​ត្រូវ​ចប់​តែ​ម្តង​»។ លោក​​បន្ត​ថា៖ ​«​រោង​ការ​ចំនួន ​១២ ចាប់​ពី​ថ្ងៃទី ​១៩ ដល់​ថ្ងៃទី ​៣០ ខែ​មីនា ត្រូវ​បាន​គេ​លុប​ចោល​ទាំង​អស់​»​។​

លោក​បន្ថែម​ទៀត​ថា មាន​មង្គល​ការ​ខ្លះ​បើ​ទោះបី​មិន​លុប​ចោល​ក៏​កាត់​បន្ថយ​ចំនួន​តុ​រហូត​ដល់ ​៨០ ​ភាគរយ​ ព្រោះ​​បារម្ភ​មិន​មាន​ភ្ញៀវ​ចូល​រួម។

ពិធី​​​រៀប​អាពាហ៍​ពិពាហ៍​មិន​ត្រឹម​តែ​មាន​ការ​លុប​ចោល​ច្រើន​ក្នុង​​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​​ទេ សូម្បី​តែ​តាម​បណ្តា​​​​ខេត្ត​​មួយ​ចំនួន​ការ​លើក​ពេល​ក៏​ចាប់​ផ្តើម​កើន​ឡើង​ផង​ដែរ​​។

លោក សុខ ច្រឹក ម្ចាស់​ចុងភៅ​មួយ​កន្លែង​ក្នុង​ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​និយាយ​ថា ​លោក​​ទទួល​បាន​ការ​កក់​​តិច​បំផុត​ខុស​ពី​ឆ្នាំ​មុន។ លោក​ថ្លែង​​ថា៖ ​«​មិន​មាន​អ្នក​មក​រក​ឲ្យ​​ទៅ​ធ្វើ​ម្ហូប​ការ​ច្រើន​ទេ មាន​តែ​បុណ្យ​អ្នក​ក្នុង​ភូមិ​ឃុំ​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ​»​។​

យោង​តាម​ប្រព័ន្ធ​សង្គម​​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គេ​ឃើញ​មាន​ម្ចាស់​អាពាហ៍​ពិពាហ៍ និង​ក្រុម​គ្រួសារ​មួយ​ចំនួន​​ក៏​បាន​ប្រកាស​ពី​ការ​លើក​ពេល​រៀប​អាពាហ៍​ពិពាហ៍​ផង​ដែរ ដោយសារ​ក្តី​​បារម្ភ​ពី​ការ​រីក​រាល​ដាល​នៃ​វីរុស​កូវីដ ​១៩។​

លោក ចាន់ សុភក្តិ អាយុ ​២៧ ​​ឆ្នាំ​ រស់នៅ​ក្នុង​ក្រុង​ភ្នំពេញ ដែល​​ធ្លាប់​បាន​យល់​ព្រម​ជាមួយ​​មិត្តភក្តិ​កាល​ពី​ដើម​ខែ​មីនា​ថា នឹង​ចូល​រួម​ធ្វើ​ជា​អ្នក​កំដរ​កូន​កំលោះ​ដែល​ត្រូវ​រៀប​អាពាហ៍​ពិពាហ៍​នៅ​ថ្ងៃទី ​២៧-​២៨ ខែ​មីនា​ខាង​មុខ បាន​និយាយ​កា​ល​​ពី​ម្សិលមិញ​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ជា​បន្ត​បន្ទាប់​​ពី​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ ​១៩ កាល​ពី​ថ្ងៃ​ចន្ទ លោក​បាន​ប្រាប់​ទៅ​គ្រួសារ​ខាង​កូន​កំលោះ​​ថា លោក​នឹង​មិន​បាន​ចូលរួម​ធ្វើ​ជា​អ្នក​កំដរ​កូន​កំលោះ​ទេ ព្រោះ​មាន​សុខភាព​មិន​ល្អ​។

លោក​បន្ត​ថា ការ​ចូល​រួម​ក្នុង​ពិធី​ជួប​ជុំ​ គឺ​មាន​ហានិភ័យ​ខ្ពស់​ណាស់​ក្នុង​ការ​ឆ្លង​ជំងឺ​កូវីដ ​១៩​ ទោះ​បី​ជា​យើង​មាន​ការ​ប្រុងប្រយ័ត្ន​ក៏​ដោយ។ លោក​លើក​ឡើង​ថា៖ ​«​​ខ្ញុំ​បាន​ប្រាប់​គេ​រួច​ហើយ​ថា ​មិន​​បាន​ទៅ​ចូលរួម​​ទេ ព្រោះ​ខ្ញុំ​កំពុង​មាន​ជំងឺ​ផ្ដាសាយ​»​។

លោក​ប្រាប់​ទៀត​ថា ខណៈ​ចំនួន​​នៃ​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​នេះ​កាន់​តែ​ច្រើន​នោះ លោក​​នឹង​មិន​​ទៅ​ចូលរួម​ក្នុង​ពិធី​​នា​ពេល​ខាង​មុខ​​ទេ ទោះ​បី​ជា​លោក​ និង​ក្រុម​គ្រួសារ​ខាង​កូន​កំលោះ​មាន​ទំនាក់​ទំនង​នឹង​គ្នា​ល្អ​ខ្លាំង​ក៏​ដោយ​។​

លោក ​ស្រី ​រ៉ាល័ក្ខ​ ​​មន្ត្រី​រាជការ​ម្នាក់​ដែល​ត្រូវ​បាន​អញ្ជើញ​​ចូលរួម​​អាពាហ៍​ពិពាហ៍​មិត្តភក្ដិ​កាល​ពី​ថ្ងៃ​ចន្ទ ទី ​១៦ បាន​និយាយ​ថា លោកស្រី​មិន​បាន​ទៅ​ចូលរួម​ទេ ​ដោយ​បារម្ភ​ពី​ការ​ឆ្លង​កូវីដ ១៩​។

លោក ​រ៉ាល័ក្ខ ​និយាយ​​ថា៖ ​«ពួក​យើង​បាន​សម្រេច​ផ្ញើ​ចំណង​​ដៃ​ទាំង​អស់​គ្នា។ ពួក​យើង​អាណិត​​ម្ចាស់​ការ​ណាស់ ប៉ុន្តែ​យើង​​ក៏​គ្មាន​​ជម្រើស ព្រោះ​បើ​មាន​ការ​ឆ្លង​ វា​នឹង​​បន្ត​ទៅ​កាន់​សមាជិក​គ្រួសារ និង​កូនៗ​ជា​មិន​ខាន​»​។

ក្នុង​ន័យ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​វីរុស​កូវីដ ​១៩ នេះ កាល​ពី​ថ្ងៃ​អង្គារ ​កម្ពុជា​បាន​​ដាក់​ចេញ​នូវ​វិធានការ​ក្នុង​ការ​បិទ​ ​KTV និង​រោង​ភាពយន្ត​នៅ​ទូទាំង​ប្រទេស​បន្ថែម​ពី​លើ​ការ​បិទ​សាលា​​​រៀន​​​កាល​ពី​ថ្ងៃ​ចន្ទ​​៕​LA

វីដេអូ៖