សៀមរាបៈ អាជីវកម្ម​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍​ក្នុង​ក្រុង​សៀមរាប​កំពុង​ជម្នះ​នឹង​ការខាតបង់ ឬ​បិទទ្វារ ខណៈ​ភ្ញៀវទេសចរ​បរទេស​បាន​បង្ហាញ​ពី​សញ្ញា​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ចាប់ពី​ដើម​ឆ្នាំ​ ២០១៩ មក​។

របាយការណ៍​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ ៨ ​ខែ ឆ្នាំ​ ២០១៩ នេះ​ខេត្ត​សៀមរាប​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ ១,៥៥ ​លាន​នាក់ ធ្លាក់​ចុះ ១១,១ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ សម្រាប់​ទូទាំង​ប្រទេស​កម្ពុជា​រយៈពេល ៨ ​ខែ ​ទទួល​បាន​ភ្ញៀវទេសចរ​សរុប ៤,៣៦ ​លាន​នាក់​ កើនឡើង​ ១០,៤ ​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨​។

លោក ខៀវ ធី ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​អង្គរ​ពី​ម្សិលមិញ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា វិស័យ​ភ្ញៀវទេសចរ​នៅ​ខេត្ត​សៀមរាប​ក្នុង​ឆ្នាំ​ ២០១៩ នេះ​មិន​មាន​ភាពល្អ​ប្រសើរ​ដូច​ឆ្នាំ​មុន​ទេ ដោយ​ចំនួន​ភ្ញៀវ​អន្តរជាតិ​អាច​នឹង​ធ្លាក់ចុះ​ចន្លោះ​ពី ១៥-២០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំមុន​។ ការធ្លាក់ចុះ​ភ្ញៀវ​អន្តរជាតិ​កំពុង​ធ្វើឲ្យ​ម្ចាស់​អាជីវកម្ម​ជាច្រើន​ប្រឈម​នឹង​ការខាតបង់ ឬ​បិទ​អាជីវកម្ម​។

លោក​បាន​បន្តថា ការធ្លាក់ចុះ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ចូលមក​ទស្សនា​ខេត្ត​សៀមរាប​អាច​បណ្តាល​មកពី​កត្តា​មួយ​ចំនួន​ដូចជា អាកាសធាតុ​ក្តៅ​ខ្លាំង សណ្តាប់ធ្នាប់ ព្រមទាំង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​លើក​ទឹកចិត្ត​ខ្លាំង​សម្រាប់​ភ្ញៀវទេសចរ​ចិន​។

នៅក្នុង​ចំណោម​ភ្ញៀវទេសចរ​បរទេស ៤,៣៦ លាន​នាក់ ​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​រយៈពេល​ ៨ ​ខែ​ ឆ្នាំ​ ២០១៩ គឺមាន​ភ្ញៀវ​ចិន ១,៧ ​លាន​នាក់ ​កើនឡើង ៣៣,១ ​ភាគរយ​។

លោក​ថ្លែងថា​៖ «​ពេលនេះ​ការងារ​ផ្នែក​មគ្គុទ្ទេសក៍​កំពុង​ស្ងប់ស្ងាត់​នៅ​ខេត្ត​សៀមរាប​»​។

បុគ្គលិក​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បម្រើ​ការងារ​ក្នុង​សណ្ឋាគារ Lucky Angkor ដែល​មាន ១១៥ ​បន្ទប់​បាន​និយាយថា សណ្ឋាគារ​បាន​បាត់​ភ្ញៀវ​ពី ៣០-៤០ ​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។

បុគ្គលិក​រូបនេះ​បាន​និយាយ​ថា​៖ «​ឆ្នាំនេះ​មិន​សូវ​មាន​ភ្ញៀវ​ចូល​មក​ស្នាក់​នៅទេ ដោយ​បច្ចុប្បន្ន Lucky Angkor Hotel and Spa មាន​ភ្ញៀវ​ស្នាក់នៅ​ជា​មធ្យម​ត្រឹមតែ ២០ ​បន្ទប់ ប៉ុណ្ណោះ​ក្នុង​ ១ ​យប់ ខណៈ​តម្លៃ​នៅ​ដដែល​ធៀប​នឹង​ឆ្នាំមុន​»​។

អ្នកស្រី ជា សុភ័ក្ត្រ អាជីវករ​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​ផ្សារ​រាត្រី ផាប់ស្ទ្រីត បាន​និយាយ​ថា ដោយសារ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ធ្លាក់ចុះ​ច្រើន អ្នកស្រី​មិន​សូវ​បាន​ទៅ​លក់​ជាប់លាប់​ដូច​ពេល​មុន​ទេ​។ ម្យ៉ាងទៀត​ពេល​នេះ​មិន​ត្រឹមតែ​ភ្ញៀវ​បរទេស​ធា្លក់​ចុះ​ប៉ុណ្ណោះ​ទេ ភ្ញៀវ​ក្នុងស្រុក​ក៏​ធ្លាក់ចុះ​ដែរ​។

អ្នកស្រី​បន្តថា បើ​មិន​សូវ​មាន​ភ្ញៀវ អ្នកស្រី​ក៏​អាច​នឹង​ងាក​ទៅ​ចាប់​មុខរបរ​ផ្សេងៗ​ផង​ដែរ​នាពេល​ឆាប់ៗ​នេះ​។

អ្នកស្រី​អះអាង​ថា​៖ «​ផ្សារ​រាត្រី​ដែល​កាលពី​មុន​មាន​អ្នកលក់ និង​អ្នកទិញ​ច្រើន​ដូចគ្នា​នោះ ពេលនេះ​មិន​ដូច​មុន​ទេ គឺ​បាត់​ភ្ញៀវ​ច្រើន ខណៈ​កន្លែង​លក់​ក៏មាន​បិទទ្វារ​ច្រើន​ដែរ​»​។

លោក​ ចាន់ សុធា អាជីវករ​ដូរ​លុយ​មួយ​កន្លែង​នៅ​ជិត​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​និយាយ​ថា សៀមរាប​ស្ងាត់​ភ្ញៀវ​ណាស់​នៅពេលនេះ​។ លោក​បន្តថា​៖ «​ខ្ញុំ​អាច​និយាយ​ថា ឥឡូវនេះ​ការរកស៊ី ស្ងាត់​ស្ទើរតែ​គ្រប់​កន្លែង​ក្នុង​ក្រុង​សៀមរាប​»​។ លោក​បន្តថា​ពី​មុន​មាន​អតិថិជន​លើស​ពី​ ៥០ ​នាក់​ក្នុង​ ១ ​ថ្ងៃ តែ​បច្ចុប្បន្ន​មាន​មិន​ដល់ ​១០ ​នាក់​ផង​។

ទោះ​យ៉ាងនេះ​ក្តី ម្ចាស់​ហាង​ស្ប៉ា​មួយ​កន្លែង​ស្ថិតនៅ​ក្រោយ​សារមន្ទីរអង្គរ​ឲ្យ​ដឹងថា អាជីវកម្ម​របស់​លោក​មិនសូវ​មាន​ផលប៉ះពាល់ ព្រោះ​ហាង​របស់​លោក​មាន​អតិថិជន​ភាគច្រើន​ជា​អ្នករស់នៅ​ក្នុង​ស្រុក​។ លោក​ថ្លែងថា​៖ «​ហាង​របស់​ខ្ញុំ​មាន​ផលប៉ះពាល់​តិចតួច​ប៉ុណ្ណោះ ព្រោះ​ហាង​នេះ​មិន​សូវ​មាន​ភ្ញៀវ​បរទេស​ឡើយ​»​។

ទោះយ៉ាងណា​ម្ចាស់​ហាង​ខាងលើ​បាន​ទទួល​ស្គាល់​ថា អ្វី​ដែល​កំពុង​កើតឡើង​ក្នុង​ខេត្តសៀមរាប​នៅពេល​នេះ​ពិតជា​បង្ក​ក្តីបារម្ភ​ជាច្រើន​សម្រាប់​ម្ចាស់​អាជីវកម្ម​៕

វីដេអូ៖