ភ្នំពេញៈ អគារ​កម្ពស់ ៤ ទៅ ៥​ជាន់ ​ប្រៀប​បាន​នឹង​ខុន​ដូ ​ឬ​សណ្ឋា​គារ​ ប៉ុន្តែ​ពុំ​មាន​រចនា​ប័ទ្ម​អ្វី​ឡើយត្រូវ​បាន​គេ​សង់​ឡើង​​ដែល​ភាគ​ច្រើន​ស្ថិត​នៅ​ក្បែរ​ជើង​ភ្នំ ឬ​ក្បែរ​មាត់​សមុទ្រ ​ដូច​​ជា​នៅ​ខេត្ត កោះ​កុង កំ​​ពត និង​​ខេត្ត ព្រះ​សីហនុ​ជា​ដើម​។

សម្រាប់​អ្នក​ដែល​មិន​ដឹង ​ពេល​​​ឃើញ​អគារ​នោះ​ពួក​គេ​នឹង​​មាន​ការ​ងឿង​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​អគារ​ច្រើន​ជាន់​ដូច្នេះ​​ត្រូវ​បាន​សង់​ឡើង​ទុក​​ចោល​ដោយ​គ្មាន​មនុស្ស​​នៅ ប៉ុន្តែ​បែរ​ជា​ឮ​សូរ​សំ​ឡេង​តន្ត្រី​ល្វើយ​ៗ​ចេញ​ពី​អគារ​ទៅ​វិញ​។

មាន​លក្ខណៈ​ជា​សំ​ណង់​អគារ​ទុក​ចោល​ វា​ត្រូវ​បាន​គេ​សង់​ឡើង​ដើម្បី​ជួល​ឲ្យ​សត្វ​ត្រ​ចៀក​កាំ​នៅ ​ឬ​គេ​ហៅ​ថា ​«ផ្ទះ​ត្រ​ចៀក​កាំ​» ដែល​ជា​មុខ​របរ​មួយ​ផ្តល់​ប្រាក់​ចំណូល​ខ្ពស់ ​និង​មាន​កំណើន​ជា​បន្ត​បន្ទាប់​។

សំ​ឡេង​ភ្លេង​ត្រូវ​បាន​គេ​បំពា​ក់​នៅ​ក្នុង​ផ្ទះ​ត្រ​ចៀក​កាំ​ដើម្បី​បញ្ចេញ​​ជា​សំ​ឡេង​ទាក់​ទាញ​ឲ្យ​សត្វ​ត្រ​ចៀក​កាំ​ចូល​មក​នៅ​ក្នុង​ផ្ទះ​​នោះ។​

តម្រូវ​ការ​ទីផ្សារ និង​​តម្លៃ នៃ​សម្បុក​ត្រ​ចៀក​កាំ​បាន​ធ្វើ​ឲ្យ​ការ​សាង​សង់​ផ្ទះ​​ត្រ​ចៀក​កាំ​កើន​ឡើង​ជាង ១០០ កន្លែង​នៅ​ឆ្នាំ​នេះ​នៅ​ទូ​ទាំង​ប្រ​ទេស​ ដែល​ភាគ​ច្រើន​តំបន់​ឆ្នេរ​ទាំង​៣។ ​នេះ​បើ​តាម​​ប្រ​ធាន​សហ​ព័ន្ធ​សម្បុក​ត្រ​ចៀក​កាំ​កម្ពុជា​។

ទោះ​បី​យ៉ាង​នេះ​ក្តី​ ប្រធាន​សមា​គម​បាន​​ឲ្យ​ដឹង​ថា​ផលិត​ផល​សម្បុក​ត្រ​ចៀ​ក​កាំ​របស់​កម្ពុជា​មិន​ទាន់​មាន​ទីផ្សារ​នាំ​ចេញ​​ផ្លូវ​ការ​នៅ​ឡើយ​ទេ ខណៈ​ការ​នាំ​ចេញ​ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ក្រុម​ឈ្មួញ​ដែល​ដើរ​ប្រមូល​ទិញ​តាម​សហ​គមន៍​ដើម្បី​នាំ​ចេញ​ទៅ​ទី​ផ្សារ​ចិន​​​។

លោក ណាង សុធី ប្រធាន​សហ​ព័ន្ធ​សម្បុក​ត្រ​ចៀក​កាំ​កម្ពុជា​បាន​ប្រាប់​ថា​ បន្ទាប់​ពី​ស្ងប់​ស្ងាត់​មួយ​រយៈ​​ការ​​​ចិញ្ចឹម​សត្វ​ត្រ​ចៀក​​​កាំ​​ដើម្បី​យក​ទឹក​មាត់ ​ឬ​ដែល​គេ​ហៅ​ជា​ទូ​ទៅ​ថា សម្បុក​ត្រ​ចៀក​កាំនៅ​កម្ពុជា​បាន​​ចាប់​ផ្តើម​មាន​​ភាព​ផុល​ផុស​ឡើង​វិញ​តាំង​ពី​ដើម​​ឆ្នាំ ២០១៧ រហូត​​មក​ដល់​ពេល​នេះ​ខណៈ​​តម្លៃ​​របស់​វា​​បាន​កើន​​ឡើង​ជា​បន្ត​បន្ទាប់​។​

សម្បុក​ត្រ​ចៀក​កាំ​មិន​ទាន់​សម្អាត​​ ដែល​​កាល​ពី​មុន​ឆ្នាំ ២០១៧ ​មាន​តម្លៃ​​ត្រឹម​​តែ ៦០០-៦៥០ ដុល្លារ​​ក្នុង​១​គីឡូ​ក្រាម​​នោះ ​ពេល​នេះ​​​បាន​ឡើង​ដល់​ចន្លោះ​ពី ៨៥០ ទៅ ១ ១​០​០​​ដុល្លារ ​ខណៈ​តម្លៃ​​​ដែល​សម្អាត​រួច​បាន​កើន​ពី ​១ ៥០០ដុល្លារ​ មក​ដល់​ចន្លោះ​ពី ២ ៥០០​-​៣ ០០០​ដុល្លារ​​។​ នេះ​​បើ​តាម​លោក ណាង សុធី​។

លោក​ថ្លែង​ថា៖ ​«តម្រូវ​ការ​ទី​ផ្សារ និង​តម្លៃ​កើន​ឡើង​បាន​ធ្វើ​ឲ្យ​​ផ្ទះ​អភិ​រក្ស​សត្វ​ត្រ​ចៀក​កាំ​កើន​ឡើង​ប្រហែល​ជាង ១០០ កន្លែង​​នា​ពេល​នេះ បើ​ធៀប​ទៅ​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន»​​។

ទោះ​​យ៉ាង​ណាលោក សុធី ប្រាប់​ថា លោក​មិន​មាន​ទិន្ន​ន័យ​ជាក់​លាក់​ពី​​ផ្ទះ​អភិ​រក្ស​សត្វ​ត្រចៀក​កាំ​ទូ​ទាំង​ប្រទេស​ទេ ​ដោយ​លោក​គ្រាន់​តែ​ដឹង​ថា​​អាច​មាន​ចន្លោះ​ពី​ ៨០០-​១ ៥០០ កន្លែង​​នៅ​ទូ​ទាំង​​ប្រ​ទេស​ ហើយ​​​ភាគ​ច្រើន​ស្ថិត​នៅ​តាម​ទី​ប្រ​ជុំ​ជន ​​តំបន់​សមុទ្រ ​និង​ភ្នំ​ លើក​លែង​​​​តែ​ខេត្ត​ដែល​ស្ថិត​​នៅ​​​ភាគ​ឦ​សាន​។ លោក​បន្ត​ថា ការ​ចិញ្ចឹម​ត្រ​ចៀក​កាំ​នៅ​កម្ពុជា​ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ជា​លក្ខណៈ​គ្រួ​សារ​។​

លោក​ សុធី ​បាន​និយាយ​ថា​ តាម​ការ​​ប៉ាន់​ស្មាន​ក្នុង​១​ខែ​កម្ពុជា​អាច​ប្រ​មូល​ផល​​សម្បុក​ត្រ​ចៀក​កាំ​បាន​​យ៉ាង​តិច​ចន្លោះ​ពី ៨០០ ទៅ ១ ៥០០ គី​ឡូ​ក្រាម​ក្នុង​នោះ​តម្រូវ​ការ​ក្នុង​ស្រុក​មាន​ប្រ​មាណ ៣០ ភាគ​រយ​​។

ទោះ​បី​ជា​​​សហ​ព័ន្ធ​សម្បុក​ត្រ​ចៀក​កាំ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១៤ ក៏​ដោយ​រ​ហូត​មក​ដល់​ពេល​នេះ​ការ​នាំ​ចេញ​ផលិត​ផល​​សម្បុ​ក​ត្រ​ចៀកកាំ​​​ទៅ​កាន់​ទី​ផ្សារ​អន្តរ​​ជាតិ​ មិន​ដែល​​​​បាន​ធ្វើ​ជា​ផ្លូវ​ការ​​នោះ​ទេ ដោយ​កន្លង​មក​មាន​ឈ្មួញ​មក​ពី​ប្រ​ទេស​ជិត​ខាង​មក​ប្រ​មូល​​ទិញ​ពី​កម្ពុជា មុន​ពេល​នាំ​ចេញ​ទៅ​លក់​នៅ​ទី​ផ្សារ​អន្តរ​​ជាតិ​ពិសេស​ទៅ​ចិន​​។​

អ្នក​ស្រី​ ប៊ុន​ រដ្ឋានី​ ម្ចាស់​ផលិត​ផល​ត្រ​ចៀក​កាំ ​«៣៨៩ សម្បុក​ទឹក​មាត់​ត្រ​ចៀក​កាំ» ​​និយាយ​ថាការ​លក់​​របស់​អ្ន​ក​ស្រី​នា​ពេល​នេះ​បាន​កើន​ឡើង​ទ្វេ​ដង បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។

លោក​ស្រី​ថ្លែង​ថា៖«​ខ្ញុំ​សង្កេត​ឃើញ​ថា មាន​ប្រជា​ជន​ខ្មែរ​ជា​ច្រើន​នា​ពេល​នេះ​និយម​ទទួល​ទាន​ផលិត​ផល​ពី​ត្រ​ចៀក​កាំ​​»​។

ម្ចាស់​​ផ្ទះ​ចិញ្ចឹម​សត្វ​​ត្រ​ចៀក​កាំ​ម្នាក់​​នៅ​​ក្នុង​ខេត្ត ​កំពត ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និ​យាយ​ថា ពី​១ថ្ងៃ​ទៅ​១​ថ្ងៃ​ អ្នក​ស្រី​សង្កេត​ឃើញ​ថា ​តម្រូវ​ការ​ផលិត​ផល​ពី​សត្វ​ត្រ​ចៀក​កាំ​បាន​កើន​ឡើង​ជា​លំ​ដាប់​ ចំណែក​តម្លៃ​ក៏​កើន​ឡើង​ទៅ​តាម​នោះ​ដែរ​។

ម្ចាស់​ផ្ទះ​អភិ​រក្ស​សត្វ​ត្រ​ចៀក​កាំ​ខាង​លើ​បាន​ប្រាប់​ថា ​បច្ចុប្បន្ន​​នេះ​​សម្បុក​ត្រ​ចៀក​កាំ​ដែល​សម្អាត​រួច​អាច​មាន​តម្លៃ​ចន្លោះ​ពី ១៧០​-១៨០ ដុល្លារ​ក្នុង ១០០ក្រាម ​ខណៈ​អំឡុង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​មាន​តម្លៃ​ពី ១៤០​-១៥០​ដុល្លារ​។​

លោក ហ៊ាន វណ្ណហន អគ្គ​នា​យក​នៃ​អគ្គ​នា​យក​ដ្ឋាន​កសិ​កម្ម​ នៃ​ក្រ​សួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់ និង​នេ​សាទ ​បាន​​ប្រាប់​​​ថា លោក​មិន​មាន​ព័ត៌​មាន​លម្អិត​​​ពី​ទី​ផ្សារ​សម្បុក​ត្រ​ចៀក​​កាំ​​​ទេ គ្រាន់​តែ​ដឹង​ថា​ទី​ផ្សារ​សម្បុក​ត្រ​ចៀក​កាំ​​របស់​កម្ពុជា​​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រ​ទេស​ចិន។

ទោះបី​យ៉ាង​នេះ​ក្តី ​លោក​រំពឹ​ង​​ថា​នឹង​មាន​ផលិត​ផល​ទាក់​ទង​នឹង​កសិ​កម្ម​ច្រើន​ទៀត​របស់​កម្ពុជា​នឹង​ត្រូវ​នាំ​ចេញ​​ទៅ​ទី​ផ្សារ​ចិន។ លោក​ថ្លែង​ថា៖ ​«​ថ្មីៗ​​​នេះ​យើង​ទើប​បើក​ទី​ផ្សារ​នាំ​ចេក​​​​ទៅ​ប្រ​ទេស ចិន ដូច្នេះ​នឹង​មាន​ទី​ផ្សារ​សម្រាប់​ផលិត​ផល​ផ្សេងៗ​ទៀត​នា​ពេល​ខាង​មុខ​»​។​

យោង​តាម​កា​ចុះ​ផ្សាយ​របស់​ភ្នំពេញប៉ុស្តិ៍​ ការ​ស្រាវ​ជ្រាវ​​កាល​​ពី​ឆ្នាំ ២០១៦ បាន​​រក​ឃើញ​​ថា តម្លៃ​ពាណិជ្ជ​កម្ម​សម្បុក​ត្រ​ចៀក​កាំ​​នៅ​ទូ​ទាំង​​ពិ​ភព​លោក​ត្រូវ​បាន​ប៉ាន់​ប្រមា​ណ​ថា​​មាន​ចំនួន ៥ ពាន់​លាន​​ដុល្លារ​​ក្នុង​មួយ​ឆ្នាំ។ ចិន​គឺ​ជា​ទី​ផ្សារ​ធំ​​ជាង​គេ​ខណៈ​ឥណ្ឌូ​នេ​ស៊ី​ និង​ម៉ា​ឡេ​ស៊ី​គឺ​ជា​ប្រ​ទេស​ផ្គត់​ផ្គង់​ឈាន​​មុខ​គេ​​ក្នុង​ពិ​ភព​លោក​៕LA