
អាជីវករលក់សាច់ជ្រូកនៅផ្សារអូរឫស្សី កាលពីថ្ងៃម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ អាជីវកម្មសាច់ជ្រូកនៅកម្ពុជានៅមិនទាន់បង្ហាញពីសញ្ញាស្ទុះងើបឡើងវិញនៅឡើយទេ ចាប់តាំងពីឧស្សាហកម្មនេះរងការវាយប្រហារដោយជំងឺប៉េស្តជ្រូកអាហ្វ្រិកមក។ នេះបើតាមអាជីវកម្មលក់សាច់ជ្រូកនៅទីក្រុងភ្នំពេញ។
អាជីវករលក់សាច់ជ្រូកនៅផ្សារអូរឫស្សី លោក តាំង ម៉េងគា ដែលទទួលយកសាច់ជ្រូកពីក្រុមហ៊ុន ម៉ុង ឫទ្ធី មកលក់ និងចែកចាយបន្តនៅតាមផ្សារជាច្រើនក្នុងរាជធានីភ្នំពេញ បាននិយាយថា មុនពេលមានការរកឃើញជំងឺនេះនៅកម្ពុជា ក្នុង ១ ថ្ងៃ លោកលក់ជ្រូកចំនួន ៦០ ក្បាល ប៉ុន្តែពេលនេះលោកលក់បានតែ ៣០ ក្បាលប៉ុណ្ណោះ។
ទាំងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុទ្ធតែបានអំពាវនាវឲ្យពលរដ្ឋបរិភោគសាច់ជ្រូកឡើងវិញដោយអះអាងថា ជំងឺនេះមិនឆ្លងមកមនុស្សទេ។
ទោះបីយ៉ាងនេះក្តី លោក ម៉េងគា បានឲ្យដឹងថា អ្នកញ៉ាំនៅតែខ្លាច។ លោកថ្លែងថា៖ «បើទោះបីកន្លែងរបស់ខ្ញុំមានបិទស្លាកបញ្ជាក់ថា ជាសាច់ជ្រូករបស់ក្រុមហ៊ុន [ម៉ុង ឫទ្ធី] ដែលមានការត្រួតពិនិត្យត្រឹមត្រូវក៏ដោយ ក៏អ្នកទិញមួយចំនួននៅមិនទាន់ហ៊ានទិញយកទៅញ៉ាំនោះទេ»។
អាជីវករលក់សាច់ជ្រូកមួយកន្លែងនៅផ្សារ សុវណ្ណា បាននិយាយថា ការលក់ពេលនេះបានធ្លាក់ចុះជាខ្លាំង។
អ្នកស្រីបានថ្លែងថា៖ «ការលក់សាច់ជ្រូកនៅពេលនេះ មានថ្ងៃខ្លះត្រូវខាតចូលដើមទៀតផង ព្រោះដើម្បីកុំឲ្យសល់ ខ្ញុំត្រូវលក់ចុះថ្លៃខ្លះនៅពេលរសៀល»។
អាជីវកររូបនេះបានឲ្យដឹងថា កាលពីមុនអ្នកស្រីអាចលក់សាច់ជ្រូកក្នុង ១ ថ្ងៃ ចន្លោះពី ១៣០-១៤០ គីឡូក្រាម ប៉ុន្តែពេលនេះសូម្បីតែសាច់ជ្រូក ៣០-៤០ គីឡូក្រាម ក៏ពិបាកលក់អស់ដែរ។ ការធ្លាក់ចុះនេះបានធ្វើឲ្យអ្នកលក់មួយចំនួនផ្អាកលក់ផងដែរ។
អ្នកស្រីបានបន្តថា៖ «ទោះជាខ្ញុំបង្ហាញលិខិតពីពេទ្យសត្វដែលបញ្ជាក់ថា សាច់ជ្រូកដែលលក់នេះមិនមានជំងឺក៏ដោយ ក៏អ្នកទិញមួយចំនួននៅតែមិនព្រមទិញដដែល»។
អ្នកស្រីលើកឡើងថា កាលពីមុនមានអ្នកលក់ជាច្រើនបាននាំគ្នាទៅទិញសាច់ជ្រូកនៅកុងស៊ីក្បែរបឹងក្រពើយកមកលក់បន្ត ប៉ុន្តែពេលនេះមិនសូវមានមនុស្សច្រើនទៀតទេ។
អាជីវករម្នាក់ទៀតនៅផ្សារកាប់គោ គឺអ្នកស្រី ចិន្តា បាននិយាយថា ការលក់របស់គាត់មិនធ្លាក់ចុះច្រើននោះទេ ព្រោះគាត់មានម៉ូយដែលជាអ្នកលក់គុយទាវ និងបបរច្រើន ដែលពួកគេតែងតែទិញសាច់ជ្រូកសម្រាប់យកទៅស្ងោរស៊ុប។ អ្នកស្រីបន្តថា អ្នកទិញសុទ្ធតែជាម៉ូយចាស់ ដែលគាត់ទុកចិត្តចំពោះអ្នកស្រី។
អ្នកស្រីនិយាយថា៖ «ខ្ញុំយកតែសាច់ល្អ និងមានប្រវត្តិច្បាស់លាស់មកលក់តែប៉ុណ្ណោះ»។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យប្រជាពលរដ្ឋបន្ដបរិភោគសាច់ជ្រូកដូចធម្មតាឡើងវិញ។ លោកថ្លែងថា៖ «ខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង សូមទទួលទានសាច់ជ្រូក កុំបារម្ភ ក្រៅពីតំបន់ប៉ះពាល់ដែលគេបានហាមឃាត់ និងជ្រូកស្លាប់ដែលគេយកទៅកប់ចោល តំបន់ដទៃទៀតមិនមានផលប៉ះពាល់ទេ ខ្ញុំក៏ទទួលទានសាច់ជ្រូករាល់ថ្ងៃដែរ វាអត់មានការឆ្លងពីសត្វមកមនុស្សទេ»។
តួលេខពីនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពាក់កណ្តាលខែកក្កដា បានឲ្យដឹងថា មានសត្វជ្រូកជាង ៣ ០០០ ក្បាល ដែលត្រូវបានស្លាប់ និងសម្លាប់នៅកម្ពុជាដោយសារការឆ្លងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលរាលដាលក្នុងខេត្តចំនួន ៥ រួមមាន ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និងខេត្តកណ្ដាល។
សមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជាធ្លាប់បានលើកឡើងថា ជំងឺនេះបានធ្វើឲ្យអាជីវកម្មជាលក្ខណៈគ្រួសារខាតបង់ជាង ៦០ ម៉ឺនដុល្លារ។
លោកនាយករដ្ឋមន្ដ្រី ក៏បានស្នើឲ្យអាជ្ញាធរពង្រឹងការទប់ស្កាត់ការចរាចរសាច់ជ្រូកដែលមានប្រភពមិនច្បាស់លាស់ និងជ្រូកដែលនាំចូលពីប្រទេស វៀតណាម ផងដែរ៕ LA
វីដេអូ៖