
ក្រាហ្វិកបង្ហាញពីចំនួនហាងកាហ្វេយីហោល្បីៗដែលកំពុងប្រតិបត្តិការនៅកម្ពុជា។ រៀបចំដោយ ទឹម បូរិទ្ធ
ភ្នំពេញៈ អ្នកស្រី ស ធីតា បានចំណាយប្រាក់ប្រមាណ ១០ ម៉ឺនដុល្លារក្នុងការបើកអាជីវកម្មហាងកាហ្វេ យីហោពីបរទេស (ទិញ Franchise) មួយកាលពីដើមឆ្នាំ ២០១៧ ដោយរំពឹងថាអាជីវកម្មនេះនឹងអាចធ្វើឲ្យអ្នកស្រីរួចខ្លួនវិញនៅត្រឹមចុងឆ្នាំ ២០១៩ ដោយសារតែអាជីវកម្មនេះបានបង្ហាញពីកំណើន។
ដូចការរំពឹងទុកមែនក្នុងឆ្នាំដំបូងអាជីវកម្មរបស់អ្នកស្រីបានបង្ហាញពីលទ្ធផលល្អដោយមានអតិថិជនខ្ទង់រយនាក់បានចូលហាងអ្នកស្រីជារៀងរាល់ថ្ងៃ។ អាជីវកម្មនេះបានបង្កើតប្រាក់ចំណូលដ៏ល្អ ដូច្នេះវាបានជំរុញចិត្តអ្នកស្រី ធីតា សម្រេចចិត្តពង្រីកសាខា ២-៣ កន្លែងទៀតនៅទីក្រុងភ្នំពេញ។
ប៉ុន្តែការពង្រីកនាពេលនេះមិនដូចអ្វីដែលអ្នកស្រី ធីតា រំពឹងទុកនោះទេ។ សាខាហាងថ្មីមិនដំណើរការរលូនដូចសាខាដំបូងឡើយ ខណៈមានហាងកាហ្វេជាច្រើនត្រូវបានបង្កើតឡើងព្រមគ្នាដែលធ្វើឲ្យការប្រកួតប្រជែងកាន់តែតានតឹង។
អ្នកស្រី ធីតា បានឲ្យដឹងថា៖ «ទីផ្សារកាន់តែចង្អៀតទៅៗដោយសារអ្នកចូលមកថ្មីបានមកដាក់ទីតាំងនៅក្បែរយើង ហើយទាញយកអតិថិជនពីយើង»។
បច្ចុប្បន្នអ្នកស្រីមានហាង ៤ ហើយវាមិនបានដំណើរការល្អទាំងអស់ទេ។
អ្នកស្រីបន្តថា៖ «ហាងខ្លះដែលស្ថិតនៅលើទីតាំងល្អវាមិនអីទេ ប៉ុន្តែហាងខ្លះកំពុងត្រដាបត្រដួសខណៈចំណូលបានមកសម្រាប់តែទូទាត់លើការចំណាយប៉ុណ្ណោះ»។
អាជីវកម្មកាហ្វេនៅទីក្រុងភ្នំពេញកំពុងតែរីកដូចផ្សិត ដែលធ្វើឲ្យមានការលើកឡើងថាការផ្គត់ផ្គង់អាចច្រើនជាងតម្រូវការ។ អ្នកជំនាញក្នុងអាជីវកម្មនេះបញ្ជាក់ថា ការនាំចូលយីហោល្បីពីក្រៅប្រទេស ឬការបង្កើតយីហោហាងកាហ្វេទំនើបក្នុងស្រុកមិនមានឱកាសរីកលូតលាស់ធំដូចពីមុនទៀតទេ។
បើទោះបីមិនមានទិន្នន័យផ្លូវការពីចំនួនហាងកាហ្វេទំនើបនៅក្នុងទីក្រុងភ្នំពេញក្តី ប៉ុន្តែអ្នកនៅក្នុងឧស្សាហកម្មនេះព្យាករថាបច្ចុប្បន្នហាងកាហ្វេនៅក្នុងទីក្រុងនេះមិនតិចជាង ៣០០ កន្លែងនោះទេ។ គ្រាន់តែហាងកាហ្វេយីហោមកពីថៃ ដូចជា Amazon តែឯងមានហាងរហូតដល់ ១០៤ កន្លែង។ នេះបើយោងតាមបុគ្គលិកក្រុមហ៊ុនកាហ្វេ Amazon។
លោក ហេង សេងលី អ្នកគ្រប់គ្រងទូទៅហាង ផាកកាហ្វេ ដែលជាយីហោ ក្នុងស្រុកមួយ ហើយបច្ចុប្បន្នមានហាងចំនួន ១៥ បាននិយាយថា ការប្រកួតប្រជែងនៅក្នុងអាជីវកម្មហាងកាហ្វេបានក្លាយជាចំណុចក្តៅជាងពីមុន។ លោកបន្ថែមថា វាបានឈានដល់របត់ថ្មីមួយដែលអ្នកចូលទីផ្សារនេះនឹងមិនងាយស្រួលដូចមុននោះទេ។
ខុសពីពេលមុនៗដែលអ្នកមានទុនច្រើនអាចបើកហាងកាហ្វេទំនើបមួយបាន ដោយមានអត្រាជោគជ័យខ្ពស់លោក សេងលី លើកឡើងថាបច្ចុប្បន្នអ្នកដំណើរការអាជីវកម្មកាហ្វេត្រូវតែមានចំណេះដឹង និងជំនាញក្នុងការធ្វើអាជីវកម្មនេះ និងមានការតាំងចិត្តខ្ពស់។
លោកបន្តថា៖ «កំណើននៃហាងកាហ្វេទំនើបបច្ចុប្បន្នប្រៀបដូចជាពពុះសាប៊ូអ៊ីចឹង ហើយវានឹងផ្ទុះបែកនៅពេលណាមួយឆាប់ៗ។ បន្ទាប់ពីបែកហើយយើងនឹងឃើញច្បាស់ថាទីតាំងខ្លះនឹងស្លាប់ ហើយមានតែអ្នកដែលមានជំនាញ និងបច្ចេកទេសពិសេសទេ ទើបអាចបន្តទៅមុខទៀតបាន»។
យីហោហាងកាហ្វេទំនើបមួយចំនួនបានបង្ហាញពីភាពមិនជោគជ័យទល់នឹងកំណើនប្រកួតប្រជែងនេះហើយ។ ហាងកាហ្វេ True Coffee ដែលជាយីហោដើមពីប្រទេសថៃ ហើយមានសាខា ៤ កាលពីមុនឥឡូវបានធ្លាក់មកប្រតិបត្តិការហាងតែមួយប៉ុណ្ណោះនៅភ្នំពេញ។
ហាងកាហ្វេ Costa Coffee ដែលជាយីហោពីអង់គ្លេសក៏បានកាត់បន្ថយហាងដូចគ្នា។ កាលពីឆ្នាំមុន Costa ដំណើរការហាងកាហ្វេដែលមានសាខាសរុប ៧ នៅភ្នំពេញ និងសៀមរាប តែឥឡូវបានបិទ ៤ ទីតាំង ហើយដំណើរការតែ ៣ ទីតាំងប៉ុណ្ណោះ។
ហាងកាហ្វេលំដាប់អន្តរជាតិមួយចំនួនទៀត មិនបានពង្រីកទីតាំងទ្រង់ទ្រាយធំនោះទេ។
លោក ទេព វីរៈ ជានាយកគ្រប់គ្រង ក្រុមហ៊ុន Express Food Group ដែលជាក្រុមហ៊ុនមានសិទ្ធិដំណើរការកាហ្វេ Costa នៅកម្ពុជាបានលើកឡើងថា ការកើនឡើងចំនួនហាងកាហ្វេនាពេលបច្ចុប្បន្នហាក់មិនសូវឆ្លុះបញ្ចាំងពីតម្រូវការពិតប្រាកដ។
លោកបន្តថា៖ «ប្រសិនបើល្បឿននៃការបើកហាងថ្មីបន្តដូចបច្ចុប្បន្នហ្នឹង វាអាចនឹងជួបបញ្ហា»។ លោកបន្តថា ម្ចាស់ម៉ាកយីហោខ្លះបានលក់សិទ្ធិទៅអ្នកបន្តដោយមិនបានធ្វើការវិភាគហ្មត់ចត់ទេ ដែលធ្វើឲ្យមានការប្រជែងខ្លាំងសូម្បី ម៉ាកយីហោដូចគ្នា។
លោកបន្តថា៖ «ពេលខ្លះវាមិនមែនជាយុទ្ធសាស្ត្រឈ្នះសម្រាប់ទាំងសងខាង តែវាឈ្នះតែមួយចំហៀងគឺអ្នកម្ចាស់ម៉ាកយីហោ»។
លោកថ្លែងថា៖ «អ្នកដែលឃើញគេចំណេញកាលពីមុន ហើយបើកហាងដែរហ្នឹង ឥឡូវចាប់ផ្តើមឃើញហើយថាប្រាក់ចំណូលពីការលក់មិនដូចគាត់រំពឹងទុកទេ»។
ទន្ទឹមនឹងកំណើនការប្រកួតប្រជែងហាងកាហ្វេក្នុងស្រុក ២ បានបង្កើនចំនួនសាខាជាបន្តបន្ទាប់ដើម្បីប្រជែងនឹងយីហោពីក្រៅស្រុក។ ផាក កាហ្វេ ដែលមានសាខា ១១ កាលពីឆ្នាំមុន ឥឡូវបានបង្កើនដល់ ១៥ ទីតាំង ហើយគ្រោងបង្កើនដល់សរុប ២០ នៅចុងឆ្នាំនេះ។ កាហ្វេ ប្រោន បង្កើនទីតាំងពី ១៥ កាលពីឆ្នាំមុនដល់ ១៩ នាពេលនេះ។
កញ្ញា ចែម ស្រីអឿន ប្រធានផ្នែកម៉ាកយីហោ ក្រុមហ៊ុន Brown Coffee and Bakery បានទទួលស្គាល់ថាការប្រកួតប្រជែងក្នុងអាជីវកម្មកាហ្វេកាន់តែស្រួចស្រាល់ជាងមុន ខណៈចំនួនអ្នកផ្គត់ផ្គង់កើនឡើង តែកញ្ញាបានបញ្ជាក់ថា ចំនួនតម្រូវការក៏កើនឡើងដូចគ្នា។
កញ្ញាថ្លែងថា៖ «មានការកើនឡើងទាំងខាងផ្គត់ផ្គង់នឹងតម្រូវការក្នុងអាជីវកម្មកាហ្វេ»។
កញ្ញាបន្តថា៖ «តាមពិតការប្រកួតប្រជែងកាន់តែកើន វាជារឿងល្អសម្រាប់ទីផ្សារដែរ ហើយវានឹងផ្តល់ប្រយោជន៍ដល់អតិថិជន ដែលត្រឡប់វិញពួកគេនឹងទទួលបានផលិតផលមានគុណភាព និងច្នៃប្រឌិត»។
លោក ប៉ោ លីម នាយកគ្រប់គ្រងទូទៅហាងកាហ្វេ Starbucks នៅកម្ពុជាដែលបច្ចុប្បន្នមានទីតាំង ១២ បានទទួលស្គាល់ពីកំណើនការប្រកួតប្រជែងក្នុងទីផ្សារកាហ្វេ តែបានបញ្ជាក់ថាវាមិនបានជះឥទ្ធិពលអាក្រក់អីដល់កាហ្វេ Starbuck នៅឡើយ។
លោកបន្តថា យីហោកាហ្វេនេះមានអតិថិជនស្គាល់ច្រើន និងតែងមានគំនិតច្នៃប្រឌិតថ្មីដើម្បីបំពេញចិត្តអតិថិជន។
លោកថ្លែងថា៖ «និយាយពីកាហ្វេ យើងមានភាពខ្លាំងលើការលក់កាហ្វេ Cappuccino។ មិនត្រឹមតែប៉ុណ្ណោះ យើងបង្កើតផលិតផលផ្សេងៗដើម្បីបំពេញចិត្តអតិថិជន មិនគ្រាន់តែកាហ្វេទេ»។
លោកបន្តថាក្រៅពីការលក់កាហ្វេ Starbuck ក៏ពង្រឹងការលក់សម្ភារផ្សេងៗជាច្រើនដែលមានភ្ជាប់ម៉ាកយីហោ Starbuck ដែលអតិថិជនអាចទិញជូនសាច់ញាតិធ្វើជាវត្ថុអនុស្សាវរីយ៍ជាដើម៕
វីដេអូ៖