ភ្នំពេញ៖ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្តីពី​ការ​អនុវត្ត​អាករ​លើ​ពន្ធ​តម្លៃ​បន្ថែម (VAT) ចំពោះ​សកម្មភាព​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​កម្ពុជា។ នេះ​បើ​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី ៨ មេសា។

អនុក្រឹត្យ​នេះ​ ធ្វើ​ឡើង​ក្នុង​គោលបំណង និង​ទិសដៅ​កំណត​អំពី​លក្ខខណ្ឌ​ពិសេស និង​ដាក់​ចេញ​នូវ​យន្តការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​លើ​ទំនិញ​ឌីជីថល និង​សេវាកម្ម​ឌីជីថល​ដែល​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សម្រាប់​ប្រើប្រាស់​នៅ​កម្ពុជា និង​ការ​ផ្គត់ផ្គង់​ដោយ​អ្នក​ជាប់​ពន្ធអនិវាសនជន​ដែល​មិន​មាន​គ្រឹះស្ថាន​អចិន្ត្រៃយ៍​នៅ​កម្ពុជា ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ស្រប​តាម​មាត្រា ៧៥ នៃ​ច្បាប់​ស្តីពី​សារពើពន្ធ។

អនុក្រឹត្យ​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​ការ​ផ្គត់ផ្គង់​ទំនិញ​ឌីជីថល ឬ​សេវាកម្ម​ឌីជីថល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​រាល់​សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ផ្គត់ផ្គង់​អនិសវានជន​នៅ​ក្រៅ​ប្រទេស​កម្ពុជា មក​កម្ពុជា។

ដោយ​ឡែក​ចំពោះ​សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​ត្រូវ​អនុវត្ត​តាម​បទប្បញ្ញត្តិ​ស្តីពី​អាករ​លើ​តម្លៃ​បន្ថែម​ជា​ធរមាន។

អនុក្រឹត្យ​នេះ ឲ្យ​ដឹង​ទៀត​ថា កា​ចុះ​បញ្ញី​ពន្ធដារ​សម្រាប់​អ្នក​ជាប់ពន្ធ​អនិវាសនជន​ដែល​មិន​មាន​គ្រឹះស្ថាន​អចិន្ត្រៃយ៍​នៅ​កម្ពុជា​ដែល​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ត្រូវ​មាន​កតាព្វកិច្ច​ចុះ​បញ្ជី​ពន្ធដារ​ដោយ​ផ្អែក​តាម​ចំណាត់​ថ្នាក់​អ្នក​ជាប់​ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​ដែល​កំណត ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ការ​ចុះ​បញ្ជី​នេះ​ត្រូវ​បាន​អនុវត្ត​សម្រាប់​គោលដៅ​អាករ​លើ​តម្លៃ​បន្ថែម​ប៉ុណ្ណោះ។

អនុ​ក្រឹត្យ​នេះ​បន្ថែម​ថា អ្នក​ជាប់​ពន្ធ​អនិវាសនជន​ដែល​ទទួល​ការ​ផ្គត់ផ្គង់​ទំនិញ​ឌីជីថល ឬ​សេវា​ឌីជីថល ឬ​រាល់​សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មក​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​ត្រូវ​មាន​កាតព្វកិច្ច​តាម​ដាក់​លិខិត​ប្រកាស និង​បង់​ប្រាក់​អាករ​លើ​តម្លៃ​បន្ថែម​មក​រដ្ឋបាល​សារពើពន្ធ​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី ២០ ​នៃ​ខែ​បន្ទាប់​ពី​ខែ​ដែល​បាន​ទូទាត់។

អនុក្រឹត្យ​បន្ត​ថា អ្នក​ជាប់​ពន្ធ​អនិវាសនជន​ដែល​ទទួល​ការ​ផ្គត់ផ្គង់​ទំនិញ​ឌីជីថល ឬ​សេវា​ឌីជីថល ឬ​រាល់​សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ពី​អ្នក​ជាប់​ពន្ធ​អនិវាសនជន​ត្រូវ​ប្រមូល​អាករ​តាម​វិធី​គិត​ជំនួស (Reverse Charge) ហើយ​ធ្វើ​ការ​ប្រកាស និង​បង់​អាករ​លើ​តម្លៃ​បន្ថែម​មក​រដ្ឋបាល​សារពើពន្ធ​តាម​ច្បាប់​ និង​បទប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​ជា​ធរមាន។

អ្នក​ជាប់​ពន្ធ​និវាសនជន និង​អនិវាសន​ជន​ដែល​មិន​បាន​បំពេញ​កាតព្វកិច្ច​តាម​ស្មារតី​នៃ​អនុក្រឹត្យ​នេះ​ត្រូវ​ទទួល​រង​ទោស​ទណ្ឌ​ស្រប​តាម​ច្បាប់ និង​បទប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​ជា​ធរមាន​នៃ​កម្ពុជា៕