
ភ្នំពេញៈ អាជីវកម្មក្លិបកម្សាន្តនឹងមិនអនុញ្ញាតឲ្យចាក់តន្ត្រី ការរាំច្រៀងនិងទទួលទានគ្រឿងស្រវឹងឡើយនៅក្នុងឱកាសព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងព្រះបរមសពអតីត ព្រះមហាវីរក្សត្រចាប់ពីថ្ងៃទី១ដល់៤ខែកុម្ភៈ ឆ្នាំ២០១៣។ នេះបើតាមសារាចរណែនាំ។
ព្រះរាជពិធីបុណ្យដែលមានរយៈពេល៤ថ្ងៃអាចនឹងធ្វើឲ្យ ក្លិបកម្សាន្តរាត្រីហាងខារ៉ាអូខេ និងហាងនានានៅតាមបណ្តោយមហាវិធីព្រះនរោត្តម និងតាមបណ្តោយមាត់ទន្លេនៅរាជធានីភ្នំពេញខាតបង់មួយចំនួនផងដែរ។
បុគ្គលិកក្លិបរាត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះឲ្យដឹងថាតាមការប៉ាន់ស្មានយ៉ាងហោចណាស់ក៏ខាតបង់ចំណូលយ៉ាងហោចណាស់ក៏១៥ ០០០ ដុល្លារដែរក្នុងរយៈពេល៤ថ្ងៃនេះ។
លោក ដួង កម្សាន្ត ប្រធានសណ្ឋាគារ Champs Elysees ដែលមានខារ៉ាអូខេ KTV បាននិយាយថា៖«វានឹងប៉ះពាល់ដល់អាជីវកម្មរបស់យើងប៉ុន្តែយើងត្រូវតែគោរពតាមសារាចរ។ ទោះជាយ៉ាងណានេះគ្រាន់តែជាការរួមចំណែកតិចតួចប៉ុណ្ណោះដើម្បីជាកិត្តិយសដល់ស្នាព្រះហស្តរបស់ព្រះអង្គ។ យើងមានឱកាសតែម្តងនេះទេដើម្បីសម្តែងនូវអភិវន្ទនកិច្ចចំពោះព្រះបិតាឯករាជ្យជាតិខ្មែរ»។ បើទោះបីយ៉ាងនេះក្តីហាង ក្លិបកម្សាន្តរាត្រី និងបារ៍ភាគច្រើននៅតាមបណ្តាខេត្តនឹងនៅតែដំណើរការអាជីវកម្មរបស់ដូចធម្មតា។
លោក ប៊ុន ស៊ីន មគ្គុទ្ទេសក៍ទេសចរណ៍ និងសមាជិកនៃសមាគមមគ្គុទេ្ទសក៍ទេសចរណ៍ខ្មែរអង្គរនិយាយថា៖«ភ្ញៀវទេសចរគ្មានការព្រួយបារម្ភទេពីព្រោះប្រាង្គប្រាសាទ ភោជនីយដ្ឋាន បារ៍ ហាង និងសូម្បីតែធនាគារមួយចំនួននៅទីរួមខេត្តសៀមរាបនឹងនៅតែបើកដំណើរនៅក្នុងឱកាសព្រះរាជពិធីនេះ»។
លោក អ៊ិន ចាន់នី អគ្គនាយក និងជាប្រធានធនាគារអេស៊ីលីដា និយាយថា៖«ធនាគារទាំងអស់នឹងបិទទ្វារចាប់ពីថ្ងៃសុក្រដល់ថ្ងៃចន្ទឲ្យស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលប៉ុន្តែអតិថិជនរបស់យើងនៅតែអាចប្រើសេវាកម្មប្រតិបត្តិការធនាគារដដែលតាមរយៈទូរស័ព្ទ និងម៉ាស៊ីនអេធីអឹម។ ខ្ញុំគិតថា អតិថិជនរបស់យើងយល់ពីបញ្ហានេះ»។
ផ្ទុយទៅវិញ ផ្សារទំនើបភាគច្រើនដូចជា ឡាក់គី និងផ្សារផេនសល ហាងតូចៗ និងទីផ្សារនានានឹងបើកនៅថ្ងៃចុងសប្តាហ៍។ ផ្សារទំនើបផេនសលនឹងបិទសាខាមាត់ទន្លេ និងដំណើរការសាខាតាមមហាវិថីព្រះនរោត្តម។
លោក Rainer Deyhle ប្រធានសមាគមម្ចាស់អាជីវកម្មបរទេសបានលើកឡើងថា៖ «ព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រ នរោត្តម សីហនុមិនជះឥទ្ធិពលខ្លាំងដល់អាជីវកម្មបរទេសនៅក្នុងប្រទេសកម្ពុជាឡើយ ដូចជាផ្ទះសំណាក់ និងបារ៍ ប៉ុន្តែចរាចរណ៍នៅទីក្រុងភ្នំពេញនឹងមានការពិបាកខ្លាំង»។
បើតាមការប៉ាន់ស្មានមនុស្សប្រហែលជា១លានទៅ២លាននាក់នឹងមកជួបជុំនៅរាជធានីភ្នំពេញដើម្បីចូលរួមព្រះរាជពិធីថ្វាយព្រះភ្លើងនេះ។ ផ្ទុយទៅវិញអ្នកប្រកបរបរ ម៉ូតកង់បី និងអ្នករត់ម៉ូតូឌុបត្រូវគេរំពឹងថានឹងទទួលបានចំណូលកាក់កបក្នុងឱកាសដ៏វិសេសវិសាលនេះ៕ CC