The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អាជីវកម្ម​ផ្កា​កំពុង​មាន​ការ​កើន​ឡើង​ខណៈ​ទំនិញ​នេះ​ភាគ​ច្រើន​នាំ​ចូល​

អាជីវកម្ម​ផ្កា​កំពុង​មាន​ការ​កើន​ឡើង​ខណៈ​ទំនិញ​នេះ​ភាគ​ច្រើន​នាំ​ចូល​

អាជីវកម្ម​ផ្កា​កំពុង​មាន​ការ​កើន​ឡើង​ខណៈ​ទំនិញ​នេះ​ភាគ​ច្រើន​នាំ​ចូល​

130204_12
អាជីវករកំពុងរៀបចំផ្កាលក់ឲ្យអតិថិជនសម្រាប់យកទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ហុង មិនា

ភ្នំពេញៈ ទោះ​បី​អាជីវកម្ម​លក់​ផ្កា​និង​កូន​ឈរ​សម្រាប់​តាំង​លម្អ​មើល​ទៅ​ជា​មុខ​របរ​តូច​មួយ​ក្តី​ប៉ុន្តែ​អាជីវកម្ម​នេះ​កំពុង​មាន​ការ​រីក​ចម្រើន​ខណៈ​តម្រូវ​ការ​កាន់​តែ​មាន​ច្រើន​នោះ​។

ផ្កា​និង​រុក្ខជាតិ​តាំង​លម្អ​មាន​តម្លៃ​ភាគ​ច្រើន​មិន​មែន​ផលិត​នៅ​ក្នុង​ស្រុក​ទេ ប៉ុន្តែ​ត្រូវ​បាន​នាំ​ចូល​សម្រាប់​មក​ផ្គត់​ផ្គង់​តម្រូវ​ការ​ក្នុង​ស្រុក​។ ត្រង់​ចំណុច​នេះ​ជា​ការ​ខាត​បង់​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ខណៈ​ដែល​ប្រទេស​នៅ​ក្នុង​តំបន់​មួយ​ចំនួន​បាន​ដាំ​ផ្កា​សម្រាប់​នាំ​ចេញ​។

លោក សរ បុត្រា​ម្ចាស់ សួន​ផ្កា​ធម្មជាតិ​ដែល​មាន​ទី​តាំង​នៅ​ម្តុំ​ផ្សារ​បឹង​ត្របែក​បាន​ឲ្យ​ដឹង​ថា តម្រូវ​ការ​ផ្កា និង​រុក្ខជាតិ​តាំង​លម្អ​កំពុង​មាន​ការ​កើន​ឡើង​ពិសេស​បុណ្យ​ធំៗ​។

លោក​បាន​បន្ត​ទៀត​ថា​៖ «ខ្ញុំ​បាន​បញ្ជា​ទិញ​ដើម្បី​ស្តុក​ទុក​ដោយ​ជឿ​ជាក់​ថា​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​ការ​លក់​នឹង​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ជាង​ពេល​ណាៗ​ទាំង​អស់​»។

បុណ្យ​ចូល​ឆ្នាំ​ចិន​នឹង​ឈាន​ចូល​មក​ដល់ ហើយ​នេះ​គ្រាន់​តែ​ផ្នែក​មួយ​នៃ​ពិធី​ចូល​ឆ្នាំ​បរទេស​នៅ​កម្ពុជា​ប៉ុណ្ណោះ​ប៉ុន្តែ​វា​ស្ទើរ​តែ​ធម្មតា​ទៅ​ហើយ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ភាគ​ច្រើន​ដែល​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​។

លោក សុខ សំណាង ម្ចាស់​សួន​ផ្កា​ធម្មជាតិ​ម្នាក់​ផ្សេង​ទៀត​លើក​ឡើង​ស្រដៀង​គ្នា​ដែរ​។

លោក​បាន​បន្ត​ថា៖ «ការ​លក់​ផ្កា​ស្រស់​ដូច​ជា ដើម​រាសី ដើម​ឈូក​រ័ត្ន ក្រូច​សំណាង និង ដើម​លុយ នឹង​មាន​ការ​កើន​ឡើង​ខ្លាំង​នៅ​អំឡុង​សប្តាហ៍​នេះ»។

មិន​មាន​ទិន្នន័យ​ផ្លូវ​ការ​ពី​ចំនួន​នៃ​ការ​នំា​ចូល​ឬ​ការ​ផលិត​ផ្កា​ទាំង​នេះ​នៅ​ក្នុង​ស្រុក​ឡើយ ហើយ​ក៏​មិន​មាន​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​នឹង​មាន​ផ្កា​ស្រស់​ប៉ុន្មាន​ត្រូវ​លក់​សរុប​ក្នុង​ទី​ក្រុង​ភ្នំពេញ​ក្នុង​អំឡុង​ពិធី​បុណ្យ​ធំ​ដែរ​ដូច​ករណី​ជាក់​ស្តែង​ក្នុង​អំឡុង​ពេល​នៃ​ព្រះ​រាជពិធី​គោរព​វិញ្ញាណ​ក្ខន្ធ​ព្រះ​បរមសព​ព្រះ​បរម​រតន​កោដ្ឋ​នៅ​ពេល​នេះ​ជា​ដើម​។

ទោះ​បី​យ៉ាង​នេះ​ក្តី​អាជីវករ​លក់​ផ្កា​យីហោ លីលី នៅ​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា គ្រាន់​តែ​ការ​ត្រៀម​សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​នៅ​កម្ពុជា ហាង​នេះ​មាន​គម្រោង​លក់​ផ្កា​ឲ្យ​បាន​៣០ ០០០​ដុំ​។

ផ្កា​មាន​តម្លៃ​ខុស​គ្នា​ទៅ​តាម​ប្រភេទ​និង​អាស្រ័យ​ទៅ​តាម​ទំហំ​របស់​ផ្កា ឬ ប្រភេទ​ដើម​រុក្ខជាតិ​នីមួយៗ​។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ជា​ទូទៅ​តម្លៃ​ជា​មធ្យម​ក្នុង​មួយ​ឯកត្តា​សម្រាប់​ផ្កា​ស្រស់​ដែល​កំពុង​លក់​នៅ​អំឡុង​សប្តាហ៍​នេះ​គឺ​នៅ​ចន្លោះ ពី ១,៥ ដុល្លារ ទៅ ២ ដុល្លារ​ក្នុង​មួយ​ដើម ឬ​មួយ​បាច់​ខណៈ​ដែល​ប្រភេទ​ដើម​រុក្ខាជាតិ​ផ្សេង​ទៀត​អាច​មាន​តម្លៃ​រហូត​១០០ ដុល្លារ ទៅ​២០០ ដុល្លារ​ក្នុង​១​ដើម​។​អាជីវករ​ដដែល​បាន​ឲ្យ​ដឹង​ថា៖ «​ការ​លក់​ផ្កា​ស្រស់​នឹង​មាន​ការ​កើន​ឡើង​ខ្លាំង​ជា​ពិសេស​នៅ​ក្នុង​អំឡុង​សប្តាហ៍​នេះ​ដោយ​សារ​ខ្ញុំ​កំពុង​ទទួល​បាន​ការ​កុម្ម៉ង់​ពី​ម៉ូយ​លក់​រាយ​ជាច្រើន​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​»​៕

អត្ថបទគួរចាប់អារម្មណ៍