ភ្នំពេញ៖ ផ្សារ​ទំនើប​លក់​បន្លែ និង​ត្រី​សាច់​សុវត្ថិភាព​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ​បាន​ប្តេជ្ញា​ចិត្ត​រក្សា​តម្លៃ​ដើម ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​សម្រួល​ជីវភាព​ប្រជាជន​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ។

លោក កាន់ បញ្ញារិទ្ធ ប្រធាន​គ្រប់គ្រង​ការ​ផលិត​នៅ​ក្រុមហ៊ុន ដាវ៉ាន់ (Davane Plc) ដែល​ជំនាញ​ខាង​ខ្សែ​ចង្វាក់​តម្លៃ​កសិកម្ម និង​ទីផ្សារ​សម្រាប់​អាហារ​សុវត្ថិភាព​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍​ថា ផ្សារ​ដាវ៉ាន់​នៅ​តែ​រក្សា​ថ្លៃ​ដើម​ស្ទើរគ្រប់​មុខ​ទំនិញ លើកលែង​ផលិតផល​ត្រី និង​បន្លែ ៣ ទៅ ៤ មុខ​ត្រូវ​បាន​ឡើង​ថ្លៃ​បន្តិច​ដែល​អាច​ទទួល​យក​បាន។

លោក​ថ្លែង​ថា៖ «ចំពោះ​តម្លៃ​យើង​រក្សា​នៅ​ដដែល​ទៅ​តាម​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​ទៅ​បាន ដូចជា សាច់ (ជ្រូក គោ) អ្នក​ផ្គត់ផ្គង់​របស់​យើង​គាត់​ព្យាយាម​មិន​ដំឡើង​ថ្លៃ​នោះ​ទេ។ ប៉ុន្តែ​ត្រី និង​បន្លែ​ចំនួន​ពីរ​បី​មុខ​ក្នុង​ចំណោម​បន្លែ​រាប់​មុខ​បាន​ឡើង​ថ្លៃ​បន្តិច ហើយ​ការ​ឡើង​ថ្លៃ​នេះ គឺ​មិន​ឡើង​កប់​ពពក​នោះ​ទេ ឡើង​ក្នុង​លក្ខខណ្ឌ​មួយ​ដែល​ប្រជាជន​អាច​ទទួល»។

លោក បញ្ញារិទ្ធ បាន​ឲ្យ​ដឹង​ថា ផ្សារ​ដាវ៉ាន់​នឹង​ព្យាយាម​រក្សា​តម្លៃ​សមរម្យ​មួយ​ដល់​អតិថិជន​របស់​ខ្លួន​ក្នុង​ការ​ទទួល​បាន​អាហារ​ដែល​អាច​រក្សា​សេដ្ឋកិច្ច​របស់​ពួក​គាត់​បាន​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​នេះ។

ជាមួយ​គ្នា​នេះ ផ្សារ​បន្លែ​សុវត្ថិភាព​ខ្មែរ (ប.ស.ខ) ដែល​គាំទ្រ​ពី​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម​ក៏​ប្រកាស​មិន​ឡើង​ថ្លៃ​ទំនិញ​របស់​ខ្លួន​ដែរ។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​ផ្សារ​នេះ​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ។ ប.ស.ខ បាន​ឲ្យ​ដឹង​ថា រាល់​ផលិតផល​បន្លែ ផ្លែ​ឈើ និង​គ្រឿងទេស​របស់ ប.ស.ខ ពុំ​មាន​ការ​លក់​ឡើង​ថ្លៃ​នោះ​ទេ ដោយ​រក្សា​តម្លៃ​នៅ​ដដែល​ដូច​មុន​ពេល​មិន​ទាន់​អនុវត្ត​វិធានការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ។

ប.ស.ខ បញ្ជាក់​ថា៖ «បងប្អូន​អតិថិជន​អាច​មក​ជាវ​នូវ​ផលិតផល​បន្លែ ផ្លែ​ឈើ និង​គ្រឿងទេស របស់​បន្លែ​សុវត្ថិភាព​ខ្មែរ ដោយ​ផ្ទាល់​នៅ​ទីតាំង តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ១ ភូមិ​វាលស្បូវ សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ឬ​អាច​ទំនាក់​ទំនង​តាម​លេខ​ទូរស័ព្ទ ០៩២ ១១១ ៤៥៦ និង ០៩៦ ៧២៣ ៤៥៦៦»។

ទោះបី​យ៉ាង​ណា លោក បញ្ញារិទ្ធ បាន​ឲ្យ​ដឹង​ថា ការ​ដឹក​ជញ្ជូន​ទំនិញ​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​អំឡុង​ពេល​នេះ ដោយ​សង្ឃឹម​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​ប្រញាប់​ផ្តល់​លិខិត​អនុញ្ញាត​ធ្វើ​ដំណើរ​ឲ្យ​បាន​ឆាប់​ ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន។

លោក​បញ្ជាក់​ថា៖ «ការ​ដឹក​ជញ្ជូន​មាន​ការ​លំបាក​ខ្លាំង យើង​ខ្ញុំ​ទទួល​ការ​ដឹក​ជញ្ជូន​តែ​ក្នុង​តំបន់​ជុំវិញ​ហាង និង​ឃ្លាំង​ស្តុប​ប៉ុណ្ណោះ (ខណ្ឌ​សែនសុខ)។ ឥឡូវ​យើង​កំពុង​ទៅ​ធ្វើ​លិខិត​ពី​គណៈកម្មការ​បិទ​ខ្ទប់​ថ្នាក់​ខណ្ឌ ដើម្បី​សុំ​ការ​អនុញ្ញាត​ដល់​ក្រុម​ការងារ​របស់​យើង និង​មុខ​របរ​របស់​យើង​ដំណើរការ​បាន​វិសាលភាព​ធំ​ជាង​មុន»៕