ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ជំរុញ​ឲ្យ​មាន​ការគាំទ្រ​ផលិតផល​តម្បាញ​វល្លិរពាក់ និង​ឫស្សី ដើម្បី​ជួយ​លើកកម្ពស់​មុខរបរ​សហគមន៍​ទេសចរណ៍​ក្នុង​ស្រុក​។

ថ្លែង​ក្នុងឱកាស​ជួប​ជាមួយ​ប្រជាសហគមន៍​ទេសចរណ៍​សំបូរ​ព្រៃគុក​កាលពី​ថ្ងៃ​អាទិត្យ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ថ្លែង​ថា ផលិតផល​ពីរ​ពាក់ និង​ឫស្សី សុទ្ធតែ​ជា​ផលិតផល​ដែល​រួមចំណែក​ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ និង​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាសហគមន៍​។

លោក​បាន​បន្ត​ថា ដោយសារ​តម្បាញ​វល្លិរពាក់ និង​ឫស្សី​ត្រូវ​ពឹង​ផ្អែកលើ​វត្ថុ​ធាតុដើម​ពី​ដើម​រពាក់ និង​ដើម​ឫស្សី​នោះ ដូច្នេះ​ការដាំ​ដើមរពាក់ និង​ឫស្សី​បន្ថែម​គឺជា​ការចាំបាច់​។

លោក​ថ្លែងថា​៖ «​សូម​លើក​ទឹកចិត្ត​ឲ្យ​ប្រជាសហគមន៍​ខិតខំ​ដាំដើម​រពាក់ ដើម​ឫស្សី​ឲ្យ​បាន​ច្រើន​ឡើងវិញ ដើម្បី​ទុក​ប្រើប្រាស់​ជា​វត្ថុធាតុដើម​សម្រាប់​ផលិត​ផលិតផល​តម្បាញ​»​។

លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​កាលពី​ម្សិលមិញ​បាន​និយាយថា រពាក់ និង​ឫស្សី​ត្រូវ​បាន​យក​មក​កែច្នៃ​ជា​ផលិតផល​ច្រើន​មុខ ពិសេស​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ខណៈ​បច្ចុប្បន្ន​ផលិតផល​ធ្វើ​ពីរពាក់ និង​ផ្តៅ​កំពុង​ទទួល​បាន​ការគាំទ្រ​យ៉ាងច្រើន​។

លោក​ថ្លែងថា​៖ «​ផលិតផល​ពីរ​ពាក់ និង​ផ្តៅ​របស់​សហគមន៍​ទេសចរណ៍​សំបូរ​ព្រៃគុក មាន​ទីផ្សារ​ល្អ​ណាស់ ព្រោះ​ភ្ញៀវ​មក​ទស្សនា​ប្រាសាទ​សំបូរ​ព្រៃគុក​តែង​រក​ទិញ​។ យើង​រំពឹង​ថា​តម្រូវការ​នឹង​មាន​បរិមាណ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ពេលអនាគត​»​។

លោក ជំនោរ ក៏​បាន​និយាយ​ដែរ​ថា ទន្ទឹម​នឹង​មាន​ទីផ្សារ​ល្អ អ្នក​ផលិត​ក៏ត្រូវ​ខិតខំ​ពង្រឹង​គុណភាព និង​សោភណភាព​ផលិតផល​របស់​ខ្លួន ដើម្បី​អាច​មាន​ការចុះឈ្មោះ​ជា​ផលិតផល​សម្គាល់​ទីតាំង​ប្រចាំ​តំបន់​»​។

លោក​ប្រាប់​ទៀត​ថា ទោះបី​សកម្មភាព​សិប្បកម្ម​តម្បាញ​រពាក់ និង​ឫស្សី​នៅ​សហគមន៍​ទេសចរណ៍​សំបូរ​ព្រៃគុក​កំពុង​ដំណើរការ​ជា​ប្រចាំ ប៉ុន្តែ​វត្ថុ​ធាតុដើម​ដែល​មាន​ចំនួន​កាន់តែ​តិច ក៏​កំពុង​គំរាម​កំហែង​ដល់​ដំណើរការ​ផលិត​ផងដែរ​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ធ្លាប់​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ក្នុង​វិស័យ​ទេសចរណ៍ ការថែរក្សា និង​អភិរក្ស​អ្វី​ដែល​មាន​ស្រាប់ និង​ការបង្កើត​ផលិតផល​ថ្មីៗ​គឺ​ចាំបាច់​ត្រូវ​តែ​ធ្វើ​។

លោកស្រី​និយាយ​ថា​៖ «​យើង​ចាំបាច់​ត្រូវ​លើកកម្ពស់​គុណភាព​សេវា និង​បដិសណ្ឋារកិច្ច ព្រមទាំង​បង្កើត​ផលិតផល​ទេសចរណ៍​កាន់តែ​ច្រើន ដូចជា​ផលិតផល​ក្នុងស្រុក ដើម្បី​ផ្ដល់​ការចងចាំ​ដ៏ល្អ​របស់​ភ្ញៀវ​នាំ​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ​»៕