មណ្ឌលគិរីៈ គម្រោង​វិនិយោគ​ព្រលានយន្តហោះ​ថ្មី​ខ្នាត​តំបន់​នៅ​ខេត្ត​មណ្ឌលគិរី​មាន​តម្លៃ​ ៨០ ​លាន​ដុល្លារ ​កំពុង​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍ​អេកូទេសចរណ៍​។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល​កាលពី​ថ្ងៃទី​ ៣០ មីនា បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​តំណាង​ក្រុមហ៊ុន Powerchina International Group(PIG) ដើម្បី​ផ្តល់​ធាតុ​ចូល​បន្ថែម​លើ​របាយការណ៍​សង្ខេប​ស្តីពី​ការសិក្សា​សមិទ្ធិ​លទ្ធភាព​ពេញលេញ​សម្រាប់​ការអភិវឌ្ឍ​អាកាសយានដ្ឋាន​មណ្ឌលគិរី​ថ្មី និង​តំបន់​ឧស្សាហកម្ម​រណប​អាកាសយានដ្ឋាន​។

ក្នុង​ឱកាស​នោះ​លោក ហាវណ្ណាល់ បានផ្តល់​អនុសាសន៍ ២ ចំណុច​ដល់​ក្រុមហ៊ុន គឺ​ត្រូវ​យកចិត្ត​ទុកដាក់​លើ​ការដាក់បញ្ចូល​បន្ថែម​នូវ​សកម្មភាព​អភិវឌ្ឍន៍​ទេសចរណ៍ និង​សេដ្ឋកិច្ច​តំបន់​ដើម្បី​ឱ្យ​ស្របតាម​គោលនយោបាយ​របស់​ក្រសួង​ទេសចរណ៍ និង​ត្រូវ​រក​វិធីសាស្ត្រ​ថ្មីៗ​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​ឱ្យ​ធ្វើការ​ហោះហើរ​ទៅ​តំបន់​នោះបាន​ច្រើន​។

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ពុធ​ថា នេះ​ជា​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ និង​ផ្តល់​ធាតុ​ចូល​បន្ថែម​ទៅលើ​របាយការណ៍​សិក្សា​ចុងក្រោយ​នៃ​សមិទ្ធិ​លទ្ធភាព​ពេញលេញ​នៅ​តំបន់​ក្រុងរណប​ឱ្យ​អាកាសយានដ្ឋាន​។

លោក​ថ្លែងថា​៖ «​យើង​បានផ្តល់​អនុសាសន៍​ដល់​អ្នកពិគ្រោះ​យោបល់​ឯករាជ្យ​ឱ្យ​គាត់​ពិចារណា​ដាក់បញ្ចូល​បន្ថែមទៀត​ទៅ​លើ​ការអភិវឌ្ឍ​រួម​តាម​ប្លង់គោល​នៃ​ផែនការ​មេ​ស្តីពី​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្តមណ្ឌលគិរី​របស់​ក្រសួង​ទេសចរណ៍​»​។

លោក​បានឱ្យដឹងថា រដ្ឋាភិបាល​ចង់​អភិវឌ្ឍ​តំបន់​នេះ​ដោយ​យក​គំរូ​តាម​ការអភិវឌ្ឍ​ក្នុង​ខេត្ត​ព្រះសីហនុ​ដែលមាន​សកម្មភាព​ទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និង​ដឹកជញ្ជូន​ខ្លាំងក្លា​។ កំណើន​ចរាចរណ៍​ហោះហើរ​នៅ​ព្រលាន​យន្ត​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​បាន​ហក់​ឡើង ៣០០ ​ភាគរយ​ចាប់ពី​ឆ្នាំ​ ២០១៧ ដល់​ឆ្នាំ​ ២០១៩​។

លោក​បន្ថែមថា៖ «​យើង​គិតថា នៅពេល​អាកាសយានដ្ឋាន​នេះ​សាងសង់​រួច​ស្របតាម​ស្តង់ដា​អន្តរជាតិ​ហើយ គឺ​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យមាន​ការហោះហើរ​ជា​ប្រក្រតី​ចេញចូល​ច្រើន ដូច្នេះ​ដើម្បី​មាន​ភាពទាក់ទាញ​បាន​ទាល់តែ​តំបន់​នោះ​មាន​ផលិតផល​ទេសចរណ៍​ថ្មីៗ​ដែល​គេ​អាច​ដើរ​កម្សាន្ត ហើយ​ថា តើ​តំបន់​នេះ មាន​សកម្មភាព​សេដ្ឋកិច្ច​អ្វីខ្លះ​ដែល​ធ្វើឱ្យ​មនុស្ស​ចង់ទៅ​បង្កើត​អាជីវកម្ម ហើយ​ផលិតផល​កសិឧស្សាហកម្ម​អ្វីខ្លះ​នឹងត្រូវ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​?»​។

លោក​ជឿថា​៖ «​បើ​តំបន់​នោះ​ពុំមាន​សកម្មភាព​ទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ ការស្រូបទាញ​ការហោះហើរ​អ្នក​ដំណើរ និង​ការដឹកជញ្ជូន​ទំនិញ​រវាង​ខេត្ត​នេះ​ និង​តំបន់​ផ្សេង​មិនមាន​សកម្មភាព​ដែរ ដូច្នេះ​អាកាសយានដ្ឋាន​នេះ​រីកចម្រើន​ទៅ​បាន​ទាល់តែ​សកម្មភាព​ទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និង​កសិកម្ម​អាច​ដំណើរការ​ទាន់ពេល​តែមួយ​»​។

លោក ងិន សុវិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​បាន​កត់សម្គាល់​ថា រយៈពេល​ចុងក្រោយ​នេះ​មាន​គម្រោង​អភិវឌ្ឍន៍​តំបន់​អេកូទេសចរណ៍​ជាច្រើន​កន្លែង​នៅ​ខេត្ត​មណ្ឌលគិរី​។ ជាក់ស្តែង​កាលពី​ថ្មីៗ​នេះ​ក្រុមហ៊ុន​ ១ ​បានបង្ហាញ​គម្រោង​មក​វិនិយោគ​ជា​តំបន់​អេកូទេសចរណ៍​លើ​ផ្ទៃដី​ទំហំ ១០ ​ហិកតា ប៉ុន្តែ​លោក​មិនទាន់​ដឹងថា​មាន​ការវិវត្ត​ដល់​ណា​នោះទេ​៕ LA