ភ្នំពេញៈ ប្រទេស ​ថៃ ​បាន​ដាក់​ការ​រឹត​បន្តឹង​លើ​ការ​នាំចូល​ផលិតផល​កសិកម្ម​​ពី​ប្រទេស​ជិត​ខាង​ ដែល​អាច​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំចេញ​ដំឡូងមី​របស់​​កម្ពុជា​ ដែល​ពឹង​ផ្អែក​លើ​ទីផ្សារ​ថៃ។​

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​កម្ពុជា ​បាន​ជូន​ដំណឹង​ពី​ការ​រឹត​បន្តឹង​នេះ​ទៅ​ដល់​ក្រុមហ៊ុន​នាំចេញ​ផលិតផល​កសិកម្ម​នៅ​ក្នុង​ស្រុក​របស់​កម្ពុជា​ឲ្យ​អនុវត្ត​តាម​លក្ខខណ្ឌថ្មី​របស់​អាជ្ញាធរ​ថៃ​ដើម្បី​អាច​បន្ត​លទ្ធ​ភាព​នាំចេញ​​ទៅ​ទីផ្សារ​ថៃ​បន្ត​។​​

ខណៈ​ការ​ប្រមូល​ផល​ដំឡូង​មី​​រដូវកាល​ឆ្នាំ ​២០១៨-២០១៩ នឹង​ត្រូវ​បញ្ចប់​នា​ដំណាច់​ខែ​មេសា​នេះ ​អគ្គនាយកដ្ឋាន​កសិកម្ម ​នៃ​ក្រសួង​កសិកម្ម ​បាន​ជូន​ដំណឹង​ដល់​បណ្តា​ក្រុមហ៊ុន​នាំចេញ​នាំចូល​ផលិតផល​​ដំឡូង​មី​ ឲ្យ​​បង្កើន​ការ​រៀបចំ​ឯកសារ​បែប​​បទ​នាំចេញ ​និង​បញ្ហា​អនាម័យ​​ឲ្យ​បាន​ល្អ​មុន​​នាំចេញ​ទៅ​​កាន់​ប្រទេស ​ថៃ។​

នាយកដ្ឋាន​កសិកម្ម​ប្រទេស ​ថៃ ថ្មីៗ​នេះ​បាន​ជូន​ដំណឹង ​ស្តីពី​ការ​នាំចូល និង​ការ​​ដឹក​ជញ្ជូន​​ដំឡូង​មី​ឆ្លង​កាត់​ព្រំដែន​​ពី​កម្ពុជា​ទៅ​ប្រទេស ​ថៃ ត្រូវ​គោរព​តាម​លក្ខខណ្ឌ​​ដូច​ជា​ ត្រូវ​តែ​សុំ​លិខិត​អនុញ្ញាត​ការ​នាំចូល​ពី​ប្រទេស ​ថៃ គ្រប់​​ទំនិញ​​​​ទាំង​អស់​​ត្រូវ​តែ​គ្មាន​ជាប់​នូវ​សត្វ​ល្អិត​ចង្រៃ​រស់​ ឬ​សារពាង្គ​កាយ​ផ្សេងៗ ​ត្រូវ​មាន​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​ច្បាប់​ដើម​ពេល​ដឹក​ជញ្ជូន។ សេចក្តី​ជូន​ដំណឹង​បន្ត​ថា នៅ​ពេល​​​​នាំ​ទៅ​ដល់​ច្រក​ទ្វារ​​ព្រំដែន នៅ​ក្នុង​ករណី​មន្ត្រី​​ថៃ​ពិនិត្យ​ឃើញ​មាន​បញ្ហា​ គេ​អាច​បញ្ជូន​ត្រឡប់​មក​វិញ ឬ​កម្ទេច​ចោល​តែ​ម្តង​។​

លោក ​គឹម ​ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង ដែល​ជា​ខេត្ត​មាន​​ការ​ដាំដុះ​ដំឡូង​មី​ច្រើន​ជាង​គេ​​នៅ​​ជាប់​​ព្រំដែន​​ថៃ កាល​​ពី​​មិ្សលមិញ បាន​និយាយ​ថា ដោយសារ​ទិន្នផល​ដំឡូង​មី​នៅ​តាម​បណ្តា​ខេត្ត​ភាគ​ពាយព្យ​​របស់​​កម្ពុជា​ស្ទើរ​ទាំង​អស់​តែង​ត្រូវ​បាន​គេ​នាំចេញ​ទៅ​ប្រទេស ​ថៃ ​នោះ ដូច្នេះ​ផល​​ប៉ះពាល់​នឹង​មាន​​ចៀស​មិន​ផុត​ឡើយ​​។

ទោះបី​យ៉ាង​នេះ​ក្តី ​លោក​បញ្ជាក់​ថា​៖​ «ដោយសារ​ការ​ប្រមូល​ផល​ដំឡូង​មី​​ពេល​​នេះ​ជិត​ចប់ ដូច្នេះ​វា​នឹង​មិន​ប៉ះពាល់​​ច្រើន​ដល់​ប្រជា​កសិករ​​ និង​ឈ្មួញ​​នាំចេញ​ តែ​​នឹង​អាច​មាន​ផល​ប៉ះ​ពាល់​ច្រើន​សម្រាប់​រដូវ​កាល​ក្រោយ​»។​

លោក​បន្ត​ថា បើ​គិត​​មក​ដល់​ពេល​នេះ ការ​ប្រមូល​ផល​ដំឡូង​មី​សម្រាប់​រដូវ​កាល​ឆ្នាំ ​២០១៨-២០១៩ នៅ​ក្នុង​ខេត្ត​​បាត់ដំបង ​សម្រេច​បាន​ជាង​​ ៩០ ​ភាគរយ​ហើយ។

តាម​លោក​ គឹម​ ហួត​ សម្រាប់​ខេត្ត​បាត់ដំបង​ទិន្នផល​ដំឡូង​មី​​ប្រមាណ​ ​៩០ ​ភាគរយ​ត្រូវ​បាន​នាំចេញ​ទៅ​កាន់​ប្រទេស ​ថៃ ក្រៅ​ពី​នោះ​ត្រូវ​នាំ​ទៅ​កាន់​ប្រទេស ​វៀតណាម​។​

លោក​បន្ត​ថា ទិន្នផល​ដំឡូង​មី​​ក្នុង​ឆ្នាំ​​នេះ​​មាន​ការ​ធ្លាក់​ចុះ​បើ​ធៀប​នឹង​រដូវកាល​មុន ដោយ​សារ​ប្រជាជន​ជា​ច្រើន​បាន​នាំ​គ្នា​ផ្លាស់​ប្តូរ​ពី​ការ​ដាំ​​ដំឡូង​មី ទៅ​ដាំ​ពោត​ក្រហម។

លោក ​លឹម ​ហេង ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ​បាន​និយាយ​ថា ការ​រឹត​បន្តឹង​​ការ​ត្រួត​ពិនិត្យ​​ទៅ​លើ​បែបបទ​រដ្ឋបាល ​ច្បាប់​ និង​ភូតគាម​អនាម័យ​​របស់​អាជ្ញាធរ​ថៃ ចំពោះ​ការ​នាំចេញ​​ដំឡូង​មី ​វា​អាច​នឹង​ធ្វើ​ឲ្យ​មាន​ផល​​ប៉ះពាល់​រយៈ​ពេល​ខ្លី​សម្រាប់​កម្ពុជា តែ​វា​នឹង​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​ការ​នាំចេញ​ទំនិញ និង​​ផលិតផល​កសិកម្ម​​​​នៅ​ពេល​​អនាគត​។

លោក​ថ្លែង​ថា៖​ «​ការ​កំណត់​ពី​ការ​នាំចូល និង​ដឹក​ជញ្ជូន​របស់​ថៃ​នា​ពេល​នេះ​ ខ្ញុំ​គិត​ថា​គឺ​ជា​ការ​បង្រៀន​​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការ​ខិតខំ​អភិវឌ្ឍ​​គុណភាព និង​ភូតគាម​អនាម័យ​ផលិតផល​របស់​ខ្លួន​ឲ្យ​បាន​កាន់​តែ​ល្អ​សម្រាប់​ការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​»។​

តួលេខ​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ ​បង្ហាញ​ថា​ ការ​ដាំដុះ​ដំឡូងមី​នៅ​កម្ពុជា​បាន​កើន​ឡើង​​ដល់​ ៦១៤ ០០០ ​ហិកតា ដោយ​ផ្ដល់​ទិន្នផល​ប្រមាណ​ ១៣ ៨១៧ ០០០​ តោន ​កាល​ពី​ឆ្នាំ ​២០១៧​៕ LA​