ភ្នំពេញ: រដ្ឋាភិបាលកំពុងសិក្សាកែលម្អឆ្នេរខេត្តកែបដែលជាតំបន់សក្តានុពលទេសចរណ៍ធម្មជាតិជាប់មាត់សមុទ្រនៅភាគនិរតីនៃប្រទេសកម្ពុជា ដើម្បីបង្កើនសោភណភាព និងទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅក្នុងខេត្តនេះ។
លោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកែបបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃម្សិលមិញថា ក្រុមការងាររបស់លោកកំពុងសិក្សាកែលម្អឆ្នេរសមុទ្រកែបប្រវែងជិត ៣ ០០០ ម៉ែត្រ ដើម្បីប្រែក្លាយតំបន់នេះទៅជាឆ្នេរសាធារណៈសម្រាប់ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនថែមទៀតទៅកម្សាន្តនៅទីនោះ។ ការកែលម្អនេះនឹងអភិវឌ្ឍចាប់ពីផ្សារក្តាមរហូតដល់តំបន់សហគមន៍កោងកាងដែលស្ថិតនៅសង្កាត់ព្រៃធំក្នុងក្រុងកែប។
លោកថ្លែងថា៖ «យើងបានគូរប្លង់ឆ្នេរនេះរួចរាល់ហើយ យើងកំពុងសិក្សាផលប៉ះពាល់បរិស្ថាន សង្គម និងផលប៉ះពាល់ជាមួយសហគមន៍ដែលរស់នៅតាមបណ្តោយឆ្នេរនេះ។ យើងកំពុងពន្លឿនកិច្ចការងារនេះ»។
លោកបានឲ្យដឹងថា បច្ចុប្បន្នខេត្តកែបមានឆ្នេរតែ ១ គត់មានប្រវែងត្រឹម ៣៥០ ម៉ែត្រប៉ុណ្ណោះ សម្រាប់កម្សាន្តដោយមិនអាចបំពេញតម្រូវការភ្ញៀវទេសចរបាននៅឡើយ។
ខេត្តកែបជាតំបន់ទេសចរណ៍ធម្មជាតិជាប់ឆ្នេរសមុទ្រដែលមានចម្ងាយជាង ១៧៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តនេះមានសក្តានុពលលើវិស័យទេសចរណ៍ដែលមានឆ្នេរ ឧទ្យានជាតិ ព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ និងជីវចម្រុះផ្សេងទៀត។
លោក វ៉ៅ សុខា បន្តថាទន្ទឹមនឹងនេះរដ្ឋាភិបាលក៏កំពុងសិក្សាកែលម្អឆ្នេរ ១ ទៀតប្រវែង ១ ៨០០ ម៉ែត្រចាប់ពីឆ្នេរកែបរហូតទៅជាប់នឹងព្រំប្រទល់ឆ្នេរសមុទ្រប្រទេសវៀតណាម៕LA