
បុរសម្នាក់កំពុងងាកមើលទូ ATM Bitcion ដែលដាក់បម្រើសេវានៅទីក្រុងហុងកុង។ កម្ពុជាមិនទាន់មានការយល់ព្រមលើរូបិយប័ណ្ណនេះទេ។ AFP
ភ្នំពេញៈ មន្ដ្រីរដ្ឋាភិបាលកាលពីម្សិលមិញបានច្រានចោលពាក្យចចាមអារ៉ាមដែលថា កម្ពុជានឹងចេញរូបិយប័ណ្ណឌីជីថលផ្ទាល់របស់ខ្លួន ខណៈមន្ដ្រីរដ្ឋាភិបាលជាន់ខ្ពស់ត្រូវបានគេរាយការណ៍ថានឹងចូលរួមក្នុងព្រឹត្តិការណ៍ស្តីពីរូបិយប័ណ្ណឌីជីថលមួយនៅភ្នំពេញ ដែលបានរៀបចំដោយវិនិយោគិនចិនដែលមិនមានមូលដ្ឋានច្បាស់លាស់។
ក្រុមហ៊ុនមួយដែលមានឈ្មោះថា Entapay បានចេញសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី ២ ខែមីនាដោយបានប្រកាសពីកិច្ចប្រជុំកំពូលរូបិយប័ណ្ណឌីជីថលអាស៊ាន នឹងត្រូវរៀបចំឡើងនៅសណ្ឋាគារសុខាក្នុងទីក្រុងភ្នំពេញនៅ ថ្ងៃនេះ។
សេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា៖ «បន្ទាប់ពីការដឹកនាំដោយប្រទេសវ៉េណេស៊ុយអេឡា បណ្ដាប្រទេសផ្សេងទៀតកំពុងព្យាយាមស្នើសុំរូបិយប័ណ្ណឌីជីថលជាផ្លូវការដែលរួមទាំងកម្ពុជាផង»។ នៅក្នុងសេចក្តីប្រកាសនេះបានឲ្យដឹងថា លោកស្រីឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន នឹងធ្វើជាវាគ្មិនដ៏សំខាន់នៅក្នុងព្រឹត្តិការណ៍នេះ។
លោក ហួត ហាក់ អ្នកនាំពាក្យក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានបញ្ជាក់ពីការចូលរួមរបស់លោកស្រី ម៉ែន សំអន ដែលមាននៅក្នុងលិខិតអញ្ជើញរបស់ក្រុមហ៊ុន Entapay ដោយលោកអះអាងថា វាជាធម្មតាសម្រាប់លោកស្រីឧបនាយករដ្ឋមន្ដ្រីក្នុងការចូលរួមព្រឹត្តិការណ៍បែបនោះដែលតំណាងឲ្យរដ្ឋាភិបាល។
ព័ត៌មានអំពីកិច្ចប្រជុំនេះត្រូវបានផ្សព្វផ្សាយយ៉ាងរហ័សដល់គេហទំព័រព័ត៌មានដែលទាក់ទងនឹងរូបិយប័ណ្ណឌីជីថល bitcoin ហើយកាសែតអាមេរិក The Telegraph បានសរសេរថាកម្ពុជាត្រូវបានរំពឹងថានឹងអនុវត្តតាមប្រទេស វ៉េណេស៊ុយអេឡា ជាមួយផែនការរូបិយប័ណ្ណឌីជីថលជាតិ»។
តំណាងមកពីធនាគារជាតិនៃកម្ពុជា និងគណៈកម្មការមូលបត្រកម្ពុជា (SECC) បានបដិសេធការអះអាងទាំងនោះកាលពីម្សិលមិញដោយថ្លែងថា រដ្ឋាភិបាលមិនជាប់ពាក់ព័ន្ធក្នុងកិច្ចប្រជុំ ឬជាមួយក្រុមហ៊ុន Entapay នោះទេ ហើយថាមិនមានផែនការក្នុងការអភិវឌ្ឍរូបិយប័ណ្ណឌីជីថលជាតិនោះដែរ។
លោកស្រី ជា សិរី អគ្គនាយកធនាគារជាតិនៃកម្ពុជាបានថ្លែងថា៖ «ជំហររបស់ NBC ចំពោះរូបិយប័ណ្ណអេឡិចត្រូនិកគឺនៅដដែល គឺថាយើងនៅតែចាត់ទុកឧបករណ៍ហិរញ្ញវត្ថុនេះថាមានហានិភ័យខ្ពស់ ហើយមិនចង់ឲ្យសាធារណជនជាប់ពាក់ព័ន្ធនឹងឧបករណ៍ហិរញ្ញវត្ថុនេះទេ ឬពួកគេត្រូវយល់ថា ប្រសិនបើ [នៅតែចង់ពាក់ព័ន្ធ] ពួកគេត្រូវប្រឈមហានិភ័យដោយខ្លួនឯង»។
លោក សុខ ដារ៉ា អគ្គនាយករង SECC ឲ្យដឹងថាទីភ្នាក់ងាររបស់លោកមិនដែលយល់ព្រមលើគម្រោងនេះទេ។ លោកថ្លែងថា៖ «យើងមិនដែលទទួលស្គាល់ ឬផ្ដល់ការយល់ព្រមសម្រាប់ការជួញដូរណាមួយជារូបិយប័ណ្ណឌីជីថលនៅក្នុងប្រទេសកម្ពុជានោះទេ»។
លោកបន្តថា៖ «យើងនៅតែរំឭកដល់សាធារណជនឲ្យប្រុងប្រយ័ត្នពីហានិភ័យរបស់រូបិយប័ណ្ណឌីជីថល ដោយសារតែវានៅតែមិនត្រូវបានគ្រប់គ្រងនោះទេ»។
គិតត្រឹមថ្ងៃទី ២ មីនា ក្រុមហ៊ុន Entapay ស្ទើរតែគ្មានរូបិយប័ណ្ណឌីជីថលផ្ទាល់ខ្លួនទាល់តែសោះ។
ក្រុមអ្នកចូលរួមជាច្រើនបានរាយឈ្មោះក្នុងកិច្ចប្រជុំនេះក៏មិនត្រូវបានគេស្គាល់ដែរ ហើយមានតែស្ថាប័ន ២ ប៉ុណ្ណោះដែលមានពាក់ព័ន្ធក្នុងប្រទេសកម្ពុជា គឺសមាគមអភិវឌ្ឍន៍ឧស្សាហកម្ម Blockchain កម្ពុជា និង សមាគមពាណិជ្ជកម្មចិននៅកម្ពុជា។
លោក Vladimir Nodzak សហស្ថាបនិកក្រុមហ៊ុន Codingate ដែលថ្មីៗនេះបានដំណើរការគំនិតផ្ដួចផ្ដើមរូបិយប័ណ្ណឌីជីថលកម្ពុជាបានថ្លែងថា ព្រឹត្តិការណ៍នេះដូចជាចម្លែកណាស់។
លោកថ្លែងថា៖ «រូបិយប័ណ្ណឌីជីថលនិយាយអំពីទីផ្សារដ៏ធំ»។ លោកបន្តថា៖ «ប៉ុន្តែព្រឹត្តិការណ៍ដែលមានពាក្យថា «អាស៊ាន» បែរជាភ្ញៀវភាគច្រើនចេញមកពីប្រទេសចិន និងទីក្រុងហុងកុងទៅវិញ ហើយខ្ញុំគិតថាប្រជាជនកម្ពុជាជាច្រើនទៅវិញទេនឹងចូលរួមនៅពេលបង្ហាញរូបិយប័ណ្ណឌីជីថលជាតិនេះ»។
សំបុត្រសម្រាប់ចូលរួមកិច្ចប្រជុំនេះមានតម្លៃ ៣០០ ដុល្លារ ខណៈសំបុត្រ VIP មានតម្លៃ ៦០០ ដុល្លារ៕ LA